ទីក្រុងយេរូសាឡឹម៖ ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រនៅអុីស្រាអែល នៅពេលនេះ លោកណឺតាន់យ៉ាហ៊ូអះអាងថាសម្ព័ន្ធភាពគណបក្សស្ដាំនិយមរបស់លោកទទួលជ័យជម្នះដ៏ត្រចះត្រចង់នៅក្នុងការបោះឆ្នោតលើកនេះ។ លោកឆ្លៀតឱកាសនេះសូមអំពាវនាវឱ្យមានការបង្កើតរដ្ឋាភិបាលស្ដាំនិយមបែបជាតិនិយម។ ទោះជាមានការអះអាងបែបនេះក្ដី លទ្ធផលស្ទង់មតិក្រោយការបោះឆ្នោតបង្ហាញថាមិនមានគណបក្សណាមួយអាចទទួលបានសំឡេងលើសលប់គេនោះទេ។ មានន័យថាសំឡេងឆ្នោតរបស់គណបក្សសម្ព័ន្ធភាពធំៗទាំង២គឺមានភាពប្រដំប្រសងគ្នា។

សម្ព័ន្ធភាពគណបក្សរបស់លោកណឺតាន់យ៉ាហ៊ូបើទុកជាទទួលបានសំឡេងនាំមុខគេក៏ដោយ ក៏លើសគេត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ។ សម្រាប់ពេលនេះ មិនទាន់មានសញ្ញាច្បាស់ការណ៍ថាក្រុមខាងណាជាអ្នកទទួលជ័យជម្នះពិតប្រាកដឡើយ។ សម្ព័ន្ធភាពគណបក្សនិយមខាងអារ៉ាប់អាចនឹងទទួលបានចន្លោះពី១៨-១៩អាសនៈ។ ពោលគឺគ្រាន់បើជាងកាលពីបួនឆ្នាំមុន។ ប៉ុន្តែសម្ព័ន្ធភាពគណបក្សធំៗទាំង២ទំនងជាមិនអញ្ជើញពួកគេឱ្យចូលរួមបង្កើតរដ្ឋាភិបាលចម្រុះនៅអាណត្តិថ្មីទេ។

អ្នកដែលធ្វើដំណើរទៅបោះឆ្នោតលើកនេះមានចំនួន៧៧,៧% ដែលអាចចាត់ទុកថាជាអត្រាខ្ពស់មិនធ្លាប់មាននៅក្នុងរយៈពេលជិត៣០ឆ្នាំចុងក្រោយ។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មការរៀបចំការបោះឆ្នោត។ លោកណឺតាន់យ៉ាហ៊ូថ្លែងប្រាប់ក្រុមអ្នកគាំទ្រ និងអ្នកសារព័ត៌មានដែលប្រមូលផ្ដុំគ្នានៅទីស្នាក់ការរបស់គណបក្សលីឃុត (Likud) នៃយេរូសាឡឹមថាសូមអស់លោករង់ចាំអ៊ុតលទ្ធផលឆ្នោតចុងក្រោយទាំងអស់គ្នា។

លោកសូមអំពាវនាវឱ្យមានការបង្កើតរដ្ឋាភិបាលស្ដាំនិយមដែលរួបរួមគ្នាដ៏រឹងមាំ។ លោកថាគណបក្សលីឃុតជាបក្សនយោបាយធំជាងគេនៅអុីស្រាអែល។ បណ្ដាញព័ត៌មានខ្លះផ្សាយថាសម្ព័ន្ធភាពគណបក្សរបស់លោកណឺតាន់យ៉ាហ៊ូ និងក្រុមប្រឆាំងដែលមានគណបក្សចំនួនបួនចូលគ្នាតែមួយ រំពឹងថាម្ខាងៗអាចនឹងទទួលបានប្រហែល៥១អាសនៈ។ បណ្ដាញព័ត៌មានខ្លះទៀតផ្សាយថាក្រុមលោកណឺតាន់យ៉ាហ៊ូរំពឹងថានឹងទទួលបាន៥២អាសនៈ ខណៈដែលក្រុមប្រឆាំងរំពឹងថានឹងទទួលបាន៤៩អាសនៈ៕ ប្រភព៖ Al Jazeera, Jerusalem Post

ចែករំលែកព័តមាននេះ