ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មាន​រុក្ខជាតិ​ជា​ឱសថ​ប្រមាណ​ជា​១.០០០​ប្រភេទ

2 ម៉ោង មុន
  • ភ្នំពេញ

អ្នកជំនាញ​ខាង​ឱសថ​បុរាណ​កម្ពុជា បាន​ប្រាប់​ពិភពលោក​ថា កម្ពុជា​មាន​រុក្ខជាតិ ដែល​អាច​ធ្វើ​ជា​ឱសថ​ប្រមាណ​ជា​១.០០០ ប្រភេទ ។

ក្រសួងសុខាភិបាល​បាន​អះអាង​ថា ស្ថិតិ​នេះ ត្រូវ​បាន​ចែករំលែក​ដោយ​អ្នកជំនាញ​ខាង​ឱសថ​បុរាណ​កម្ពុជា ដែល​បាន​ចូលរួម​សន្និសីទ​ពិភពលោក ស្តី​ពី​ឱសថ​បុរាណ​ឆ្នាំ​២០២៦ នៅ​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន កាលពី​ពេល​ថ្មី​ៗ​នេះ​។

ជាមួយ​គ្នា​នេះ អ្នកជំនាញ​កម្ពុជា ក៏​បាន​លើក​ឡើង​ពី​សារៈសំខាន់​នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​បុរាណ​ចិន​-​កម្ពុជា ដែល​មា​នទី​តាំងនៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះ​កុសុមៈ ដែល​ជា​កិច្ច​សហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ (BRI) ក្នុង​ការ​ជំរុញ​ការ​ផ្លាស់​ប្តូរ​ចំណេះដឹង បច្ចេកទេស និង​បទ​ពិសោធន៍​រវាង​ប្រទេស​ទាំង​ពីរ​។

មក​ដល់​ពេល​នេះ ស្រប​តាម​ទិស​ដៅ​យុទ្ធសាស្ត្រ​នៃ​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល ឆ្នាំ​២០២៥-២០៣៤ អ្នកជំនាញ​កម្ពុជា បាន​លើក​ឡើង​នូវ​អនុសាសន៍​ជា​អាទិភាព ចំនួន​៥ ដើម្បី​ពង្រឹង​ការ​អភិវឌ្ឍ​វិស័យ​ឱសថ​បុរាណ នៅ​ក្នុង​ប្រទេស រួម​មាន ការ​បង្កើត​មន្ទីរពិសោធន៍​ទំនើប​សម្រាប់​កំណត់​អត្តសញ្ញាណ​រុក្ខជាតិ​ឱសថ តាម​រយៈ DNA Barcoding ដើម្បី​ធានា​ភាព​ត្រឹមត្រូវ​នៃ​ការ​កំណត់​អត្តសញ្ញាណ​វត្ថុធាតុដើម ។

ក្រៅពី​នោះ កម្ពុជា​ក៏​កំពុង​តែ​ខិតខំ រៀបចំ​ចងក្រង និង​បោះពុម្ពផ្សាយ​ឯកសារ​ស្តង់ដារ​ផ្លូវការ​ស្តី​ពី​ឱសថ​បុរាណ ដើម្បី​កំណត់​ស្តង់ដារ​គុណភាព និង​ជំរុញ​ការ​ប្រើប្រាស់​ឱសថ​បុរាណ​ប្រកបដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព ។ ក្រៅពី​នោះ គឺ​ការ​ពង្រឹង​សមាហរណកម្ម​ឱសថ​បុរាណ ទៅ​ក្នុង​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ ជា​ពិសេស​សេវា​ថែទាំ​សុខភាព​បឋម នៅ​តាម​មណ្ឌល​សុខភាព ដើម្បី​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ថែទាំ​សុខភាព​ប្រកបដោយ​សុវត្ថិភាព និង​គុណភាព ។

ក្រសួង​ក៏​កំពុងធ្វើការ​ជំរុញ​ភាព​ជា​ដៃគូ​អន្តរជាតិ​ក្នុង​ការ​ផលិត និង​គ្រប់គ្រង​គុណភាព​ឱសថ​បុរាណ ស្រប​តាម​គោលការណ៍​អនុវត្ត​ផលិតកម្ម​ល្អ ព្រមទាំង​ពង្រឹង​ប្រព័ន្ធ​ចុះបញ្ជី​ឱសថ និង​ការ​ត្រួតពិនិត្យ​ទីផ្សារ ដើម្បី​ទប់ស្កាត់​ការ​ផលិត ការ​ចែកចាយ និង​ការ​លក់​ឱសថ​បុរាណ​ដែល​គ្មាន​ការ​អនុញ្ញាត ៕