មន្ទីរសាធារណការខេត្តផ្ដល់ម៉ាស៊ីនកាត់ស្មៅដល់ស្រុកចំនួន០៣នៅតាមដងផ្លូវជាតិលេខ៥ដើម្បីជួយសំអាតសោភ័ណភាពផ្លូវ
- បាត់ដំបង
ខេត្តបាត់ដំបង ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានផ្ដល់ម៉ាស៊ីនកាត់ស្មៅដល់ស្រុកចំនួន០៣ គឺស្រុកមោងប្ញស្សី ស្រុកសង្កែ និងស្រុកថ្មគោល ដែលមានភូមិសាស្ត្រ នៅជាប់តាមដងផ្លូវជាតិលេខ៥ ដើម្បីជួយសម្រួលការងារ កាត់សម្អាតស្មៅនៅតាមទ្រូងផ្លូវ (ផ្លូវភ្លោះ) ក្នុងភូមិសាស្ត្រស្រុកនីមួយៗ ក្នុងគោលបំណងជួយលើកស្ទូយដល់សោភ័ណភាពតាមដងផ្លូវជាតិក្នុងទឹកដីខេត្តបាត់ដំបង ។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោក ព្រួញ រិទ្ធថា បានថ្លែងថា ស្រុកចំនួន០៣ ដែលនឹងទទួលបានម៉ាស៊ីនកាត់ស្មៅនេះ គឺស្រុកមោងប្ញស្សី ស្រុកសង្កែ និង ស្រុកថ្មគោល ។ ស្រុកទាំង០៣នេះ មានភូមិសាស្ត្រជាប់បណ្ដោយផ្លូវជាតិលេខ៥ ហើយស្រុកនីមួយៗទទួលបានម៉ាស៊ីនកាត់ស្មៅចំនួន០៦គ្រឿង ។ នេះជាផែនការរបស់លោកអភិបាលខេត្ត ដើម្បីសុំឲ្យរដ្ឋបាលស្រុកទាំងនេះ ជួយសម្រូលការងារនេះ នៅតាមតំបន់របស់ខ្លួន ដែលជាការចូលរួមចំណែកលើកស្ទូយសោភ័ណភាពផ្លូវថ្នល់ ។ ជាពិសេស ផ្លូវជាតិលេខ៥នេះតែម្ដង ។

សូមរំលឹកផងដែរថា នេះមិនមែនជាលើកដំបូងទេ ដែលមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានផ្ដល់ម៉ាស៊ីកាត់ស្មៅ ជូនដល់រដ្ឋបាលស្រុកជាប់ផ្លូវជាតិលេខ៥ ទាំង០៣ខាងលើនេះ ដើម្បីជួយកាត់សម្អាតស្មៅនៅតាមទ្រូងផ្លូវជាតិលេខ៥ គឺមន្ទីរបានផ្ដល់ជូនច្រើនលើក និងច្រើនគ្រឿងហើយ ។ នេះបើតាមលោក ព្រូញ រិទ្ធថា ប្រធានមន្ទីរបានបញ្ជាក់ប្រាប់ ។

លោកប្រធានមន្ទីរបានរំលឹកថា បើគិតមកទល់នឹងថ្ងៃទី២៨ តុលា ដែលលោកបានដឹកយកម៉ាស៊ីនកាត់ស្មៅចំនួន០៦គ្រឿង ទៅប្រគល់ជូនរដ្ឋបាលស្រុកមោងប្ញស្សី ដោយផ្ទាល់ បូករួមជាមួយនឹងស្រុកចំនួន០២ទៀត គឺមានចំនួនប្រហែល៤០គ្រឿងហើយ ។ ហើយមន្ទីររបស់លោកនឹងបន្តផ្ដល់ជូនបន្ថែមទៀត បើមានត្រូវការចាំបាច់ ឬម៉ាស៊ីនចាស់ប្រើប្រាស់លែងកើត ដើម្បីជួយកាត់ស្មៅតាមទ្រូងផ្លូវជាតិ ឲ្យមានសោភ័ណភាពស្អាតល្អ ៕



ចែករំលែកព័តមាននេះ