ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ​វិល​ចូល​ស្រុក​តិច​ជាង​ធ្វើ​ចំណាកស្រុក​ខុសច្បាប់​ចេញ​ទៅ​ប្រទេស​ថៃ

2 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ បើ​តាម​ការ​កត់​​សម្គាល់​​ប៉ុន្មាន​ស​ប្ដា​ហ៍​​ចុង​ក្រោយ​នេះ  គេ​សង្កេត​ឃើញ​មាន​ពលករ​ខ្មែរ​ចំនួន​តិចតួចបាន​វិល​ត្រឡប់​ពី​ប្រទេស​ថៃចូល​មក​កាន់​ស្រុក​កំណើត​វិញ  ដែល​​តិច​ជាង​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ចំណាកស្រុក ឆ្លង​ដែន​ដោយ​ខុស​ច្បាប់ចេញ​ទៅ​រក​ការ​ងារ​ធ្វើ​នៅ​ប្រទេស​ថៃ ​។  នេះ​បើ​យោង​លើ​សកម្មភាព​ពលករ​ខ្មែរ​លួច​ឆ្លង​ដែន ហើយ​ត្រូវ​ក្រុម​ទាហាន​ថៃចាប់ខ្លួន​បាន​ស្ទើរ​រាល់ និងចំនួន​ពលករ​ខ្មែរ​ដែល​បាន​វិល​ចូល​ស្រុក​កំណើត​​វិញ​ ។

​ជាក់ស្ដែង ​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​២៦ ​និង​២៧ តុលា មន្ត្រី​ព្រំដែន​បាន​ទ​ទួ​ល​ពលករ​ខ្មែរ​ប្រុស-ស្រីចំនួន​១៣​នាក់ ដែល​បាន​វិល​ត្រឡប់​ពី​ប្រទេស​ថៃ ចូល​ស្រុក​កំណើត​វិ ​តាម​ច្រករបៀង ក្នុង​ទឹកដី​ស្រុក​កំ​រៀង​ ។  ចំនួន​នេះ​ហាក់​ខុស​គ្នា​ឆ្ងាយ បើ​ធៀប​ទៅ​នឹង​ចំនួន​ពលករ​ខ្មែរ​ដែល​បាន​លួច​ឆ្លង​ដែន​ខុសច្បាប់​ចេញ​ទៅ​ប្រទេស​ថៃ  ដែល​ខាង​ភាគី​ថៃ​ស្ទាក់​​ចាប់​បាន​សឹង​រាល់ថ្ងៃ​នៅ​ស្រុក​ពោង​ណាំ​រ៉​ន ខេត្ត​ច័ន្ទ​បុរី ឈម​នឹង​ស្រុក​កំ​រៀង ខេត្តបាត់ដំបង ឬ​ខេត្ត​ស្រះ​កែវ ឈម​នឹង​ស្រុក​ម៉ា​ឡៃ  ខេត្ត​បន្តា​យ​មាន​ជ័យ​ ។

​ប្រព័ន្ធ​ផ្សព្វផ្សាយនៃ​ប្រទេស​ថៃបាន​ចេញផ្សាយ​រាល់ថ្ងៃ អំពី​សកម្មភាព​ពលរដ្ឋ​ឆ្លោង​ដែន​ខុស​ច្បាប់ ឬ​ទំនិញ​ផ្សេង​ៗ ដែល​ឆ្លង​ពី​ប្រទេស​កម្ពុជា ហើយ​ត្រូវ​ក្រុម​ទាហាន​ព្រំដែន​ថៃបង្ក្រាប​បាន ​។  ជា​ពិសេស ពលរដ្ឋ​ខ្មែរ និង​ទំនិញ​បារី​ ។​ បើ​និយាយ​ពី​តាម​បណ្ដា​ស្រុក​នានា​នៅ​ភាគ​ខាងលិច នៃ​ខេត្តបាត់ដំបង  គេ​សង្កេត​ឃើញ​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ មាន​ពលករ​ខ្មែរ​ភាគច្រើន​ដែល​ត្រូវ​ក្រុម​ទាហាន​ថៃ​ចាប់ខ្លួននៅ​ក្នុង​តំបន់​ផ្សារ «​ឡែ​ម» ​ខាង​ភាគី​ថៃ ស្ថិត​ក្នុង​ទឹកដី​ស្រុក​ពោង​ណាំ​រ៉​ន ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ ត្រូវ​គេ​អះអាង​ថា  ពលរដ្ឋ​ខ្មែរ​ទាំងនោះ​ លួច​ឆ្លង​អូរ​ព្រំដែន​ខុសច្បាប់ តាម​ច្រករបៀង​នានា ក្នុងភូមិ​សាស្ត្រ ស្រុក​
កំ​រៀង ​។

​កាលពី​យប់​ថ្ងៃ​ទី​២៤ តុលា កន្លង​ទៅ​នេះ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កំ​រៀង បាន​ឃាត់ខ្លួន​មេខ្យល់​ម្នាក់​ដែល​​បម្រុង​​នាំ​ពលករ​ខ្មែរ​ប្រុស-ស្រី​ចំនួន​១១​នាក់ ឆ្លង​ដែន​ដោយ​ខុសច្បាប់​ចេញ​ទៅ​ប្រទេស​ថៃ​ ។  នេះ​ចាត់ទុកជា​ការ​ទប់ស្កាត់​បាន​ទាន់​ពេលវេលា មុន​ពេល​មេខ្យល់​ទុ​ចុ្ច​រិ​តម្នាក់​នោះ​ធ្វើ​ជំនួញ​ពលរដ្ឋ​ខ្មែរ​ចេញ​ក្រៅប្រទេស​ដោយ​មិន​ស្របច្បាប់ ​។

​យោង​តាម​របាយ​ការ​ណ៍ដែល​កោះសន្តិភាព​ទ​ទួល​បាន​ នៅ​ព្រឹ​ថ្ងៃ​ទី​២៨ តុលា​ នេះ ពី​មន្ត្រី​ស្រុក​កំ​រៀង​បាន​ឲ្យ​ដឹង​ថា រយៈ​​ពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​២៦ និង​២៧ តុលា មាន​ពលករ​ខ្មែរ​ប្រុស-ស្រី​ចំនួន​១៣​នាក់ ​បាន​វិល​ត្រឡប់​ពី​ប្រទេស​ថៃ ចូល​មក​កាន់​ស្រុក​កំណើត​វិញ តាម​ច្រករបៀង​នានា​នៅ​ក្នុងភូមិ​សាស្ត្រ ស្រុក​កំ​រៀង​ ។ ក្នុង​ចំណោម​នោះ​ មាន​ទាំង​កុមារ​តូច​ៗ​ផង​ ។

បើ​តាម​មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ពលករ​ខ្មែរ​ទាំង​១៣​នាក់​នោះ ត្រូវ​បាន​មន្ត្រី​ព្រំដែន​បញ្ជូន​​ទៅ​កាន់ «​មណ្ឌល​ទ​ទួល​ពលករ» ​ប្រចាំ​ស្រុក​កំ​រៀង  ដើម្បី​ធ្វើការ​ណែនាំ អប់រំ មុន​ពេល​បញ្ជូន​ពួក​គេ​ទៅ​កាន់​ស្រុក​កំណើត​រៀង​ៗ​ខ្លួន ​៕