ខេត្តសៀមរាប ៖ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ (២៦-២៨ តុលា) ស្តីពី “ការលើកកម្ពស់សមត្ថភាពផ្នែកសុវត្ថិភាព និងសុខភាពការងារ (OSH) សម្រាប់គ្រឹះស្ថាន TVET” នៅសណ្ឋាគារខេមរាអង្គរ ខេត្តសៀមរាប។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយវិទ្យាស្ថានជាតិការងារ និងនាយកដ្ឋានពេទ្យការងារ សហការជាមួយគម្រោងភាពជាដៃគូ ILO-Korea (ILO-Korea Partnership Programme) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងលោកគ្រូ-អ្នកគ្រូបង្គោលមកពីគ្រឹះស្ថាន TVET ចំនួន ១២ ក្នុងគោលដៅជំរុញការអភិវឌ្ឍធនធានមនុស្សប្រកបដោយនិរន្តរភាព និងសុវត្ថិភាព។

លោកគ្រូ-អ្នកគ្រូ និងថ្នាក់ដឹកនាំ TVET ដែលជាសិក្ខាកាមក្នុងវគ្គនេះ បានមើលឃើញថាជាតួអង្គស្នូលក្នុងការនាំយក “វប្បធម៌សុវត្ថិភាព” ទៅបញ្ជ្រាបក្នុងកម្មវិធីសិក្សា និងការអនុវត្តប្រចាំថ្ងៃរបស់សិស្ស-និស្សិត។ ការបំពាក់បំប៉ននេះមានសារៈសំខាន់ជាសារវន្ត ដោយសារសិស្ស TVET ត្រូវអនុវត្តផ្ទាល់ជារៀងរាល់ថ្ងៃជាមួយគ្រឿងម៉ាស៊ីន ឧបករណ៍អគ្គិសនី សារធាតុគីមី និងឧបករណ៍សំណង់ផ្សេងៗ ដែលទាមទារឱ្យមានវិធានការការពារទុកជាមុន ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុទាំងកំលុងពេលសិក្សា និងពេលឈានចូលទីផ្សារការងារ។

ឯកឧត្តម លឹម ស៊ុយហុង បានផ្តល់អនុសាសន៍សំខាន់ៗចំនួនពីរបន្ថែមទៀត៖ ទី១) គ្រឹះស្ថាន TVET ត្រូវបន្តគិតគូរដាក់បញ្ចូលគោលនយោបាយ និងកម្មវិធីសិក្សាអំពីសុវត្ថិភាព និងសុខភាពការងារ ទៅក្នុងកម្មវិធីសិក្សារបស់ខ្លួន និង ទី២) ត្រូវបន្តអភិវឌ្ឍចំណេះដឹង និងជំនាញផ្នែកនេះឱ្យបានជាប់ជាប្រចាំ ដើម្បីស្របតាមការវិវឌ្ឍរីកចម្រើនយ៉ាងរហ័សនៃឧស្សាហកម្ម និងបច្ចេកវិទ្យាទំនើបៗនាពេលបច្ចុប្បន្ន។ ឯកឧត្តមរំពឹងថា តាមរយៈការបញ្ជ្រាបចំណេះដឹងនេះ សិស្ស-និស្សិតដែលបានទទួលការបណ្តុះបណ្តាល នឹងក្លាយជាភ្នាក់ងារផ្សព្វផ្សាយអំពីសុវត្ថិភាព និងសុខភាពការងារ ឬជាអ្នកបណ្តុះបណ្តាលបន្ត យ៉ាងសកម្មនៅពេលពួកគេចេញទៅបំពេញការងារនៅតាមសហគ្រាស គ្រឹះស្ថាន ឬសហគមន៍របស់ខ្លួន។

លោក អ៊ុន ប៊ុនផឿន អ្នកសម្របសម្រួលគម្រោង ILO-Korea បានរំលេចទស្សនៈគន្លឹះថា អ្នកជំនាញពិតប្រាកដមិនត្រឹមតែធ្វើការបានលឿន ឬត្រូវតាមបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែត្រូវចេះធ្វើការដោយមានសុវត្ថិភាព ទាំងសម្រាប់ខ្លួនឯង និងអ្នកជុំវិញខ្លួន ព្រោះសុវត្ថិភាពគឺជាផ្នែកមួយដែលខ្វះមិនបាននៃជំនាញវិជ្ជាជីវៈ។ ខុសប្លែកពីវគ្គបណ្តុះបណ្តាលមុនៗ លក្ខណៈលេចធ្លោនៃកម្មវិធីនៅខេត្តសៀមរាបនេះ គឺការរួមបញ្ចូលទស្សនកិច្ចសិក្សាជាក់ស្តែងនៅរោងជាងនៃវិទ្យាស្ថានពហុបច្ចេកទេសអង្គរ ដើម្បីឱ្យសិក្ខាកាមបានឃើញ និងអនុវត្តផ្ទាល់ពីការរៀបចំសណ្តាប់ធ្នាប់ និងវិធានការសុវត្ថិភាព។

លោកស្រី ផង់ ពុទ្ធី នាយិកាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប តំណាងឱ្យគ្រឹះស្ថាន TVET ទាំង១២ បានសម្តែងក្តីរំពឹងថា រយៈពេល ៣ថ្ងៃនេះ នឹងផ្តល់នូវពុទ្ធិយ៉ាងច្រើនទាំងផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដើម្បីយកទៅកែលម្អបរិយាកាសសិក្សា និងការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានរៀងៗខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព។ ការបន្តពង្រីកយុទ្ធនាការនេះ ត្រូវបានរំពឹងថានឹងក្លាយជាគ្រឹះយ៉ាងរឹងមាំក្នុងការបង្កើនគុណភាពនៃការអប់រំបច្ចេកទេស និងធានាថាធនធានមនុស្សជំនាន់ថ្មីរបស់កម្ពុជា គឺជាកម្លាំងពលកម្មដែលមានទាំងជំនាញច្បាស់លាស់ និងស្មារតីទទួលខុសត្រូវខ្ពស់លើសុវត្ថិភាពការងារ៕ អត្ថបទសហការ


ចែករំលែកព័តមាននេះ