ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ស្រុក​ឱ​រ៉ា​ល់ ស្នើ​​ប្រជាពលរដ្ឋ​«​ឈប់​កា.ប់​ឈើ​»​ពេល​ឡើង​-​ចុះ​ភ្នំ​ប្រមូល​អនុ​ផល​ព្រៃឈើ

29 នាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ រដ្ឋបាល​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ «​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​» គ្រប់ពេល​ដែល​ពលរដ្ឋ​ឡើង​ចុះ​តំបន់​ភ្នំ ដើម្បី​ប្រមូល​អនុ​ផល​ព្រៃឈើ​។ ការ​អំពាវនាវ​យ៉ាង​ដូច្នេះ ធ្វើ​ឡើង​ក្រោម​ហេតុផល «​សមត្ថកិច្ច​ជំនាញ​មិន​មាន​លទ្ធភាព​ឈរជើង​ចាំ​បង្ក្រាប បទល្មើស​បាន​គ្រប់​ចំណុច ដោយសារ​ឧបសគ្គ​ព្រៃ​ជ្រៅ ផ្លូវ​លំបាក និង​ចំណោត​ខ្ពស់​ៗ»​។

ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​សកម្មភាព​ប៉ះពាល់​ធនធាន​ព្រៃឈើ ថ្នាក់ដឹកនាំ​នៃ​រដ្ឋបាល​ស្រុក​ឱ​រ៉ា​ល់ បាន​ចាត់តាំង​កម្លាំង​ជំនាញ​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង​ភ្លាម​ៗ​។ ជា​លទ្ធផល រដ្ឋបាល​ស្រុក បាន​គូសបញ្ជាក់​ថា តំបន់​ភ្នំ​ខាងលើ​មាន​ស្ថានភាព​ផ្លូវ​លំបាក​ខ្លាំង ឆ្លងកាត់​ព្រៃ​ក្រាស់ និង​ចំណោត​ខ្ពស់ ដែល​ត្រូវ​ចំណាយពេល និង​ប្រឈម​ឧបសគ្គ​ច្រើន​ក្នុង​ការ​ធ្វើ​ដំណើរ​។ កត្តា​នេះ ធ្វើ​ឱ្យ​កម្លាំង​ជំនាញ មិន​អាច​ឈរជើង​ប្រចាំការ ឬ​ចុះ​ល្បាត​គ្របដណ្ដប់​បាន​គ្រប់​ចំណុច និង​គ្រប់​បណ្ដា​ភ្នំ ក្នុង​ពេល​តែ​មួយ​ឡើយ ទោះជា​មានការ​ចុះ​ល្បាត​ជា​ប្រចាំ​ក៏​ដោយ​។

ចំពោះ​មុខ រដ្ឋបាល​ស្រុក​ឱ​រ៉ា​ល់ មាន​តែ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ គ្រប់ពេល​ឡើង​ចុះ​តំបន់​ភ្នំ ដើម្បី​ប្រមូល​អនុ​ផល​ព្រៃឈើ​។ ទន្ទឹម​នេះ ប្រសិនបើ​ឃើញ​មាន​បទល្មើស ឬ​សកម្មភាព​មិន​ប្រក្រតី​ណាមួយ អាជ្ញាធរ​ស្រុក​នេះ លើកទឹកចិត្ត​ឱ្យ​ចូលរួម​រាយការណ៍ និង​ផ្ដល់​ព័ត៌មាន​ជា​បន្ទាន់​មក​អាជ្ញាធរ​មន្ត្រី​ជំនាញ តាម​រយៈ​លេខ​ទូរស័ព្ទ​៖ ០៦០ ២២៣ ៦៦៦, ០១២ ៥៤៦ ៨០៣, ០៩៦ ៩៩១ ១១៥៥​។ នេះ​បើ​យោង​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ស្រុក​ឱ​រ៉ា​ល់ ចេញ​នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៦​កន្លង​ទៅ​ថ្មី​ៗ​នេះ​។

សម្រាប់​អ្នកគាំទ្រ​កិច្ច​ការងារ​ការពារ​ធនធានធម្មជាតិ រដ្ឋបាល​ស្រុក​ក៏​បន្ត​ជំរុញ​ឱ្យ​ចូលរួម​សហការ ផ្ដល់​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ និង ធ្វើ​ការងារ​រួម គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​ជំនាញ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ រដ្ឋបាល​ស្រុក​ឱ​រ៉ា​ល់ សង្ឃឹមថា ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់​អាច​ចូលរួម​ចំណែក​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ព្រៃឈើ ទទួល​បាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕​