សង្គ្រាមអ៊ុយក្រែន ៖ បន្ទាប់ពីការរារែកច្រើនខែ និងការខ្វែងគំនិតគ្នា ពួកអឺរ៉ុបពេលនេះ បញ្ជូនសញ្ញាខ្លាំងដោយនិយាយថា ពួកគេត្រៀមជួបដោយផ្ទាល់ជាមួយរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែនទាំងស្រុង ហើយសម្រេចពីអនាគតនៃកិច្ចការពារសន្តិសុខនៅទ្វីបអឺរ៉ុប។

ប្រធានាធិបតីហ្វាំងឡង់ លោក ALEXANDER STUBB និងនាយករដ្ឋមន្ត្រីន័រវែស លោកJONAS GAHR STERE បានបើកផ្លូវមុនគេ ដោយជួបគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរពូទីន ដើម្បីពិភាក្សាជម្រុញនាពេលខាងមុខឆាប់ៗដំណើរការសន្តិភាព។ ក៏ទោះបីលោក STUBB និងលោកSTERE ពុំមានអាណត្តិដើម្បីនិយាយក្នុងនាមអឺរ៉ុបក្ដី តែអ្នកទាំង២បានធ្វើការងារនេះ ក្នុងនាមជាមេដឹកនាំប្រទេសរៀងៗខ្លួន។
អំពីការសន្ទនាគ្នាតាមទូរស័ព្ទនេះ វិមានក្រឹមឡាំងគូសបញ្ជាក់ថា មេដឹកនាំទាំង៣រូបបានព្រមព្រៀងគ្នា រក្សាការប្រាស័យទាក់ទងគ្នាតាមទូរស័ព្ទដោយផ្ទាល់នាពេលខាងមុខ។ ទន្ទឹមនឹងនេះដែរគណៈកម្មាធិការអឹរ៉ុប និងក្រុមប្រឹក្សាអឺរ៉ុបរៀបចំក្រុមរួមមួយរបស់បណ្ដាអ្នកទទួលខុសត្រូវជាន់ខ្ព្ស់ដែលត្រូវបញ្ជូននាពេលខាងមុខនេះ ទៅចូលរួមក្នុងវគ្គមួយនៅទីក្រុងអាប៊ូដាប៊ី នាដើមខែវិច្ឆិកា។ កាលបរិច្ឆេទពិតប្រាកដនៅមិនទាន់ប្រកាសនៅឡើយ ។
អ្នកនាំពាក្យម្នាក់របស់គណៈកម្មាធិការអឹរ៉ុបថ្លែងថា យើងប្ដេជ្ញាយ៉ាងម៉ឺងម៉ាត់មិនត្រឹមបញ្ចប់សង្គ្រាមអ៊ុយក្រែនប៉ុណ្ណោះទេ តែក៏ ដើម្បីឲ្យសម្រេចបានផងដែរសន្តិភាពដ៏ពិតប្រាកដ និងស្ថិតស្ថេរមួយ។ នោះហើយជាទិសដៅនិងជំហររបស់យើង ដែលយើងត្រូវការពារក្នុងការពិភាក្សាគ្នា ។
ពេលនេះ សហភាពអឹរ៉ុបហាក់បង្ហាញដោយចំហពីចេតនារបស់ខ្លួន ធ្វើការចរចានាពេលខាងមុខនេះ ក្នុងទម្រង់ពហុភាគី ដែលមានន័យថា មានវត្តមានរបស់សហភាពអឹរ៉ុប អ៊ុយក្រែន អាមេរិកនិងរុស្ស៊ី នៅជុំវិញតុចរចាតែមួយ។ បែបនេះ មិនដែលមាននៅឡើយ រហូតមកទល់ពេលនេះក្នុងដំណើរការសន្តិភាព។ បច្ចុប្បន្ន មានជាពិសេសតែការនិយាយគ្នារវាងអាមេរិក និងរុស្ស៊ីប៉ុណ្ណោះ ។ មានការជួបគ្នាត្រីភាគីដែលមានអ៊ុយក្រែនដែរតែសម្រេចបានត្រឹមបញ្ហាដោះដូរឈ្លើយសឹកគ្នាប៉ុណ្ណោះ ។
អ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះរុស្ស៊ី តែងបដិសេធការចូលរួមរបស់ពួកអឹរ៉ុប ដូចធ្លាប់ធ្វើច្រើនលើកនាគ្រាកន្លងទៅ។ លើកនេះក៏ហាក់ដូចជាចង់ធ្វើដូចមុនទៀតដែរ។ ក៏ប៉ុន្តែកាលពីសប្ដាហ៍មុនលោកយូរីអ៊ូសាកូវសហការីជំនិតម្នាក់របស់លោកពូទីនថ្លែងថា គេមិនត្រូវនិយាយតែជាមួយក្រុងគៀវនោះទ ។ យើងត្រូវនិយាយជាមួយអឹរ៉ុបទាំងមូលដែលគាំទ្រក្រុងគៀវផងដែរ។
ចំពោះដំណើរការសន្តិភាពនៅអ៊ុយក្រែន ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំអះអាងនាថ្ងៃទី២៧តុលាថា ក្នុងពេលឆាប់ៗខាងមុខនេះនឹងមានការជួបគ្នារវាងរូបលោក សមភាគីរុស្ស៊ីលោកពូទីននិងសមភាគីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរហ្សេឡេនស្គី៕

ចែករំលែកព័តមាននេះ