រាជធានីភ្នំពេញ ៖ លោកស្រី Rachel Schiller ឧបការីរង នៃក្រសួងការបរទេសអាមេរិក បានបញ្ជាក់ជាថ្មីពីជំហររឹងមាំរបស់សហរដ្ឋអាមេរិក ក្នុងការបន្តគាំទ្រកិច្ចការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា ។
ការបញ្ជាក់នេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន នៅទីស្នាក់ការអាជ្ញាធរមីន នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ។
ក្នុងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក សម្រាប់ភាពជាដៃគូដ៏យូរអង្វែងជាង ៣០ឆ្នាំ។ គិតចាប់តាំងពីឆ្នាំ១៩៩៣ មក សហរដ្ឋអាមេរិកបានផ្តល់ថវិកាគាំទ្រប្រមាណ ២៣៥លានដុល្លារអាមេរិក ដែលបានរួមចំណែករំដោះដីមានមីនជាង ៧១៤គីឡូម៉ែត្រការ៉េ និងបំផ្លាញចោលគ្រាប់មីនព្រមទាំងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ៦៦០,០០០គ្រាប់ ។
ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនភាគីអាមេរិកអំពីវឌ្ឍនភាពប្រវត្តិសាស្ត្រ និងការដាក់ចេញនូវ «គោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥» ដែលជាផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់រាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ការគំរាមកំហែងពីគ្រាប់មីន និងពង្រឹងការសង្គ្រោះជនរងគ្រោះឱ្យកាន់តែមានប្រសិទ្ធភាព ។
លោកស្រី Rachel Schiller បានកោតសរសើរចំពោះភាពជាដឹកនាំ និងសមិទ្ធផលដ៏ធំធេងដែលកម្ពុជាសម្រេចបាន ព្រមទាំងការចូលរួមចែករំលែកបទពិសោធន៍របស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ ។
លោកស្រីបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងបន្តឈរជើងជាដៃគូដ៏រឹងមាំជាមួយកម្ពុជា ដើម្បីជំរុញឱ្យសម្រេចបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជាទៅជាប្រទេសគ្មានផលប៉ះពាល់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះត្រឹមឆ្នាំ២០៣៥ ៕








ចែករំលែកព័តមាននេះ