ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ACU ៖ បេក្ខជន​៥​រូប ​ដាក់​ពាក្យ​ប្រឡង​មេធាវី​ប្រើ​ឯកសារ​ក្លែង កំពុង​ស្ថិត​ក្នុង​នីតិវិធី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU) បានឱ្យ​ដឹងថា ការ​ដាក់​ពាក្យ​ប្រឡង​ជ្រើសរើស​មេធាវី​ ជំនាន់​ទី​២១ ​រក​ឃើញ​ឯកសារ ​នៃ​ការ​ដាក់​ពាក្យ​ប្រឡង​មាន​ភាព​មិន​ប្រក្រតី​ ១១​ករណី ​ហើយ​បេក្ខជន​ដាក់​ពាក្យ ៥ រូប ប្រើ​ឯកសារ​ក្លែង កំពុង​ស្ថិត​ក្នុង​នីតិវិធី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​អង្គភាព​ប្រ​ឆាំ​អំពើ​ពុក​រលួយ​ បានឱ្យ​ដឹង​ថា ការ​ចូលរួម​សង្កេតការណ៍​ចាប់ពី​ដំណាក់កាល​ដាក់​ពាក្យ​ប្រឡង​ជ្រើសរើស​មេធាវី​ជំនាន់​ទី​២១ ដែល​តាម ឯកឧត្តម កែវ ធី​វុ​ធ ឧបការី AUC​ ឱ្យ​ដឹង​ថា ​មាន​បេក្ខជន​បាន​ដាក់​ពាក្យ​ចំនួន ៧៣៦ នាក់ លើ​ចំនួន​ពាក្យ​ ដែល​បាន​លក់​ចំនួន ៨១៦ ច្បាប់ ក្នុង​នោះ​ក្រុម​ស៊ើបអង្កេត​ពិសេស ដឹកនាំ​ដោយ​លោក​ជំទាវ អ៊ូ ស៊ី​ថា ឧបការី ACU​ បាន​រក​ឃើញ​ឯកសារ​មិន​ប្រក្រតី​ចំនួន ១១ ករណី សរុប​ជា​លទ្ធផល ​៖
-​បេក្ខជន​ដាក់​ពាក្យ ៥ រូប ប្រើ​ឯកសារ​ក្លែង (​កំពុង​ស្ថិត​ក្នុង​នីតិវិធី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​)​។
-បេក្ខជន ១ រូប មាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) ឆ្នាំ​២០០៩ ហើយ​កែ​ឈ្មោះ កែ​ឆ្នាំ​កំណើត​ដោយ​ខ្លួនឯង ហើយ​ដល់​ឆ្នាំ​២០១៩ ទើប​ដាក់​ពាក្យ​ទៅ​តុលាការ​សុំ​កែ​ឈ្មោះ ខែ​ឆ្នាំ​កំណើត​។
-សញ្ញាបត្រ​បាក់​ឌុ​ប​បេក្ខជន ២ រូប គ្មាន​ឯកសារ​គល់បញ្ជី​នៅ​ក្រសួង​អប់រំ យុវជន និង​កីឡា តែ អ​.​ប​.​ព​. ស្រាវជ្រាវ​ដល់​ខេត្ត បាន​រក​ឃើញ​បេក្ខជន ២ រូប​នោះ ពិតជា​បាន​ប្រឡង​ជាប់​បាក់​ឌុ​ប​មែន​។
-បេក្ខជន ១ រូប មិន​ព្រម​ចូល​មក​បំភ្លឺ​នៅ អ​.​ប​.​ព​.​តាម​ការ​កោះហៅ (​អ​.​ប​.​ព​. នឹង​នាំ​ខ្លួន​មក​ស្តាប់​ចម្លើយ​) ។
-សញ្ញាបត្រ​បាក់​ឌុ​ប​បេក្ខជន ១ រូប កំពុង​បន្ត​ស្រាវជ្រាវ ​។

ជាមួយ​គ្នា​នោះ​ដែរ ​ACU បាន​ចូលរួម​សង្កេតការណ៍​ចាប់ពី​ដំណាក់កាល​ដាក់​ពាក្យ​ប្រឡង ថ្នាក់​ជាតិ​ថ្នាក់​ឆ្នាំ​មូលដ្ឋាន​សម្រាប់​កម្រិត​បរិញ្ញាបត្រ (​ជំនាញ​វេជ្ជបណ្ឌិត ជំនាញ​ពេទ្យធ្មេញ ជំនាញ​ឱសថ ជំនាញ​ឆ្មប ជំនាញ​គិលានុបដ្ឋាក ជំនាញ​សុខភាព​សាធារណៈ ជំនាញ​មន្ទីរពិសោធន៍ និង​ជំនាញ​ព្យាបាល​ដោយ​ចលនា​) ​។

លោក ច័ន្ទ ម៉ា​រ៉ា​ដូ​ណា ប្រធាន​នាយកដ្ឋាន​បច្ចេកទេស និង​កោសល​វិច័យ ឱ្យ​ដឹង​ថា បេក្ខជន​ដាក់​ពាក្យសុំ​ប្រឡង​សរុប​មាន​ចំនួន ១២ ៩៣៤ នាក់ (​ស្រី ៦៤,៦%) ហើយ​ឯកសារ​របស់​បេក្ខជន ទាំងអស់​ត្រូវ​បាន​បញ្ជូន​ទៅ​លោក​ជំទាវ កែម សុភាព ឧបការី អ​.​ប​.​ព​. ប្រធាន​ក្រុម​ស៊ើបអង្កេត​ពិសេស ពិនិត្យ​។ សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) ចំនួន ១២,៧៩០សន្លឹក ត្រូវ​បាន​ក្រុម​ពិសេស​នេះ​ពិនិត្យ​រួច​ជា​ស្រេចថា​ជា​ឯកសារ​ត្រឹមត្រូវ (​នៅ​សល់​តែ ១២៥ សន្លឹក​ទៀត ដែល​កំពុង​បន្ត​ពិនិត្យ​) ​។

ក្រៅពី​នោះ ក្រុម​ពិសេស​នេះ បាន​រក​ឃើញ​បេក្ខជន ៤ រូប បាន​ប្រើប្រាស់​ឯកសារ​បាក់​ឌុ​ប​ក្លែងក្លាយ ហើយ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​កសាង​នីតិវិធី​បញ្ជូន​ទៅ​តុលាការ​ ។

ឯកសារ​បាក់​ឌុ​ប ដែល អ​.​ប​.​ព​. បាន​កោសល​វិច័យ​រួចរាល់ មាន​សញ្ញាបត្រ​បាក់​ឌុ​ប ដែល​ប្រឡង​ជាប់​តាំងពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២៦​។ ចំណុច​ពិសេស​មួយ ដែល​រក​ឃើញ គឺ​មាន​បេក្ខជន ១ រូប ជាប់​បាក់​ឌុ​ប​ពិតប្រាកដ​មែន ហើយ​បាន​និទ្ទេស B ពេល​មាន​អាយុ ១៣ ឆ្នាំ (​អ​.​ប​.​ព​. សូម​កោតសរសើរ​សមត្ថភាព​រៀនសូត្រ​របស់​បេក្ខជន​) ៕