ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ចោទ​អាជ្ញាធរ​ថា​ អនុវត្ត​ច្បាប់​មិន​ស្មើភាព​ក្នុង​ការ​បង្ក្រាប​ទីតាំង​រ៉ែ​មាស​ខុសច្បាប់​នៅ​ស្រុក​ស្នួល

16 ម៉ោង មុន

ខេត្តក្រចេះ​ ៖ ប្រជាពលរដ្ឋ​មួយ​ចំនួន ​បាន​លើក​ឡើង​ពី​ភាព​មិន​ស្មើភាព​ក្នុង​ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់ នៅ​ភូមិរ​វាងជ័យ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ ដោយ​អះអាង​ថា កម្លាំង​សមត្ថកិច្ច​បាន​ចុះ​អនុវត្ត​ច្បាប់​លើ​ទីតាំង​របស់​ប្រជាពលរដ្ឋ​ក្រីក្រ ប៉ុន្តែ​ទីតាំង​មួយ​ផ្សេង​ទៀត ​ដែល​ស្ថិត​នៅ​ក្បែរ​គ្នា ចម្ងាយ​ប្រមាណ​ជិត ១គីឡូម៉ែត្រ និង​ត្រូវ​បាន​អះអាង​ថា ​មាន​សកម្មភាព​ស្រដៀង​គ្នា បែរជា​មិន​ទាន់​មានការ​ចុះ​បង្ក្រាប​ ។

លោក ទី ធា ប្រជាពលរដ្ឋ​ម្នាក់​ ដែល​ពាក់ព័ន្ធ​នឹង​ករណី​នេះ បាន​ប្រាប់​កោះសន្តិភាពនៅ​រសៀល​ថ្ងៃ​ទី២៨ ខែតុលា ឆ្នាំ​២០២៦ ថា លោក និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត ​បាន​ទទួលស្គាល់ និង​យល់ព្រម​រុះរើ​ទីតាំង ព្រមទាំង​សម្ភារៈ​បម្រើ​ឱ្យ​សកម្មភាព​ធ្វើ​រ៉ែ​មាស បន្ទាប់​ពី​កម្លាំង​អាជ្ញាធរ​ចុះ​ណែនាំ និង​អប់រំ​ ។

លោក​បានប្រាប់បន្ត​ថា ក្រោយ​ការ​រុះរើ គ្រឿង​ម៉ាស៊ីន និង​សម្ភារៈ​មួយ​ចំនួន ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ក្បាល​ភូមិ​។ ប៉ុន្តែ​ជា​បន្តបន្ទាប់ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ដកហូត​ម៉ាស៊ីន​ចំនួន ២ គ្រឿង និង​អេ​ស្កា​វ៉ា​ទ័​រ​ចំនួន ១ គ្រឿង​ ។

តាម​ការ​រៀបរាប់​របស់​លោក ទី ធា ក្នុង​ពេល​ចុះ​ប្រ​តិប​ត្តិ​ការ​នោះ ក៏​មាន​វត្តមាន​លោក អ៊ុ​ក សា​វុន ហៅ ធា មន្ត្រី​ការិយាល័យ​សេដ្ឋកិច្ច​សាលាខេត្ត​ក្រចេះ ផង​ដែរ ​។

ទោះជា​យ៉ាងណា លោក​បាន​លើក​ឡើង​ថា ទីតាំង​មួយទៀត​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជិត ១គីឡូម៉ែត្រ និង​ដែល​លោក​អះអាង​ថា​ជា​របស់​សាច់ញាតិ​របស់​មន្ត្រី​រូប​នេះ ក៏​មាន​សកម្មភាព​ធ្វើ​រ៉ែ​មាស​ស្រ​ដៀង​គ្នា ប៉ុន្តែ​មិនឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​អនុវត្ត​ច្បាប់​នោះ​ទេ​ ។

ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ខាងលើ លោក អ៊ុ​ក សា​វុន មន្ត្រី​ការិយាល័យ​សេដ្ឋកិច្ច​សាលាខេត្ត​ក្រចេះ បាន​បង្វែរ​សំណួរ​របស់​អ្នក​សារព័ត៌មាន​កោះសន្តិភាព ឱ្យ​សាកសួរ​ទៅ​លោក​អភិបាលស្រុក​ស្នួល និង​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តក្រចេះ​។ លោក​ក៏​បាន​បង្ហាញ​បំណង​ចង់​ជួប​ផ្ទាល់ ដើម្បី​ធ្វើការ​បកស្រាយ​ឱ្យ​បាន​ច្បាស់​លាស់ ​ជុំវិញ​បញ្ហា​នេះ ​។

ជាមួយ​គ្នា​នេះ លោក សាម ណា​ល អភិបាលស្រុក​ស្នួល នៃខេត្តក្រចេះ បាន​បញ្ជាក់​ពី​ជំហរ​របស់​រដ្ឋបាល​ស្រុក​ថា នឹង​បន្ត​ចុះ​បង្ក្រាប​សកម្មភាព​ធ្វើ​អាជីវកម្ម​រ៉ែ​ខុសច្បាប់ ដោយ​មិន​ប្រកាន់​បុគ្គល ឬ​ខ្សែស្រឡាយ​ឡើយ​ ។ ​លោក​ថា កាលពី​កំឡុង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ជំនាញ​បាន​ធ្វើ​របាយការណ៍​ នៅ​ទីតាំង​ផ្ទាល់​រហូត​ដល់​ម៉ោងជាង​៧​យប់ ​។

លោក​អភិបាលស្រុក​ បាន​មាន​ប្រសាសន៍​ថា លោកបាន​ទទួល​ព័ត៌មាន​មួយ​ចំនួន ​ពាក់ព័ន្ធ​នឹង​ការ​លើកឡើង​របស់​ប្រជាពលរដ្ឋ ​ដែល​អះអាង​ថា​ មាន​ទីតាំង​ធ្វើ​រ៉ែ​ផ្សេង​ទៀត​ក្បែ​រនោះ ហើយ​ពាក់ព័ន្ធ​ករណី​ខាងលើ ​លោក​នឹង​ទាក់ទង​ទៅ​មន្ទីរ​រ៉ែ និង​ថាមពល ដើម្បី​សហការចុះ​ពិនិត្យ និង​អនុវត្ត​ច្បាប់​តាម​សមត្ថកិច្ច​រៀង​ៗ​ខ្លួន ​។

លោក​បាន​បញ្ជាក់​ថា មិន​ថា​ អ្នក​ណា ខ្សែ​ណា​ទេ ឱ្យ​តែ​ធ្វើ​ខុសច្បាប់ លោក​ត្រូវ​តែ​បង្ក្រាប​។ លោក​បន្ត​ថា កន្លង​មក អាជ្ញាធរ​បាន​ចុះ​ណែនាំ និង​អប់រំ​ប្រជាពលរដ្ឋ​រួច​ហើយ ប៉ុន្តែ​ប្រសិនបើ​នៅ​តែ​បន្តសកម្មភាព​ខុស​ច្បាប់ អាជ្ញាធរ​នឹង​បន្ត​ចាត់វិធានការ​តាម​ច្បាប់​ ។

លោក សាម ណា​ល ក៏​បាន​ទទួលស្គាល់​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​មាន​ជីវភាព​ខ្វះខាត ប៉ុន្តែ​អាជ្ញាធរ​មិន​អាច​លើកទឹកចិត្ត​ឱ្យប្រជា​ពលរដ្ឋ​ប្រកប​របរ​ដែល​ផ្ទុយ​នឹង​ច្បាប់​បាន​ឡើយ​។ លោក​ចង់ឱ្យ​ប្រជាពលរដ្ឋ​ ងាក​ទៅ​ប្រកប​មុខរបរ​ស្របច្បាប់ ដើម្បី​ជៀសវាង​ការ​ខាត
បង់ និង​ការ​ប្រឈម​នឹង​វិធានការ​ផ្លូវច្បាប់​ ។

ចំពោះ​ការ​លើក​ឡើង​ថា អាច​មាន​មន្ត្រី​នៅ​ពីក្រោយ ឬ​ជួយ​ការពារ​សកម្មភាព​ធ្វើ​រ៉ែ​មាស​ខុសច្បាប់ លោក​អភិបាលស្រុក​បាន​បញ្ជាក់​ថា ប្រសិនបើ​មាន​ព័ត៌មាន​ពាក់ព័ន្ធ លោក​នឹង​រាយការណ៍​ជូន​រដ្ឋបាល​ខេត្ត ដើម្បី​ពិនិត្យ និង​ដោះស្រាយ​តាម​នីតិវិធី ​។

ដោយឡែក លោក រ័​ត្ន តុលា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តក្រចេះ អ្នក​សារព័ត៌មាន​កោះសន្តិភាព​បាន​ព្យាយាម​ទាក់ទង​តាម​ទូរសព្ទ​ជា​ច្រើន​ដង នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៦ ដើម្បី​សុំ​ការ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ករណី​នេះ ប៉ុន្តែ​មិន​អាច​ទាក់ទង​សុំ​ការ​ឆ្លើយ​តប​ពី​លោក​បាន​ទេ ​។

ករណី​នេះ​ត្រូវការ​ការ​ចុះ​ពិនិត្យ និង​ផ្ទៀងផ្ទាត់​បន្ថែម​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​បញ្ជាក់​ថា តើ​ទីតាំង​ទាំង​ពីរ​មាន​សកម្មភាព​ខុសច្បាប់​ដូច​គ្នា ​ឬ​យ៉ាងណា ? និង​ថា​តើ​ការ​អនុវត្ត​ច្បាប់​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ស្មើភាព​ដែរ​ឬទេ​ ? ការ​បំភ្លឺ​ពី​គ្រប់​ភាគី និង​លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ​ជាក់ស្តែង នឹង​ជួយ​ធានា​ឱ្យ​ការ​អនុវត្ត​ច្បាប់​មាន​តម្លាភាព និង​បង្កើន​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​ លើ​អាជ្ញាធរ​ ៕