រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានដឹកនាំកម្លាំងចម្រុះចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមបណ្តោយផ្លូវលេខ១៩៨ ក្នុងសង្កាត់បឹងប្រលិត ក្រោមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងដឹកនាំផ្ទាល់ដោយលោក ណុប ផា និងលោក អ៊ី ពៅ អភិបាលរងខណ្ឌ (តំណាងលោក ថេង សុថុល អភិបាលខណ្ឌ៧មករា) ។
ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីទទួលបានការរអ៊ូរទាំ និងសំណូមពរយ៉ាងទទូចពីសំណាក់ប្រជាពលរដ្ឋធ្វើដំណើរ ដែលសម្តែងការមិនពេញចិត្តចំពោះការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ បង្កឡើងដោយអាជីវករមួយចំនួន បានដាក់តាំងលក់ទំនិញ ឆ័ត្រ សំយ៉ាប និងគ្រែរំលោភលើទ្រូងផ្លូវ និងចំណីផ្លូវសាធារណៈ ធ្វើឱ្យបាត់បង់សោភ័ណភាព និងប៉ះពាល់ដល់ការរស់នៅទូទៅ ។
ក្នុងឱកាសនោះ អាជ្ញាធរខណ្ឌបានអំពាវនាវឱ្យអាជីវករទាំងអស់ ចូលរួមសហការរៀបចំការលក់ដូរឱ្យមានរបៀបរៀបរយឡើងវិញ។ ជាមួយគ្នានេះ អាជ្ញាធរបានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ប្រសិនបើមានអាជីវកររូបណា នៅតែបន្តរឹងរូស មិនព្រមសហការ ឬដកហូតសម្ភាររំលោភផ្លូវចេញទេនោះ អាជ្ញាធរនឹងចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់យ៉ាងតឹងរ៉ឹងបំផុត ដោយមិនមានការលើកលែងឡើយ ដើម្បីធានាសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋទូទៅ ៕








ចែករំលែកព័តមាននេះ