ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​ភ្លើង​ល្បឿន​លឿន​២​ខ្សែ​បុ.ក​គ្នា​ពេញ​ទំហឹង​នៅ​អេស្ប៉ាញ​​​ស្លា.ប់​ម.នុ.ស្ស​៦៤​នា.ក់ និង​រ.បួ.ស​រាប់​សិប​នា.ក់​

16 ម៉ោង មុន

ទី​ក្រុង​ម៉ាឌ្រីត៖ មាន​ហេតុ​ការណ៍​រថ​ភ្លើង​ល្បឿន​លឿន​មួយ​ខ្សែ​បើក​ទៅ​​បុក​កន្ទុយ​រថ​ភ្លើង​មួយ​ខ្សែ​ទៀត​ដែល​ឈប់​ស្ងៀម​ ជា​ហេតុ​ធ្វើ​ឱ្យ​​ទូ​រថ​ភ្លើង​ចំនួន​២​ទូ​​​ក្រឡាប់​ផ្កាប់​ផ្ងារ​ និង​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​៦៤​នាក់​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ប្រទេស​អេស្ប៉ាញ​ភាគ​កណ្ដាល​។ ការិយាល័យ​រដ្ឋា​ភិ​បាល​កណ្ដាល​បញ្ជាក់​ថា​មនុស្ស​ចេះ​តែ​ស្លាប់​ជា​បន្ត​បន្ទាប់។​​ ដូច្នេះ​ គេ​មិន​ទាន់​អាច​រាប់​ចំនួន​អ្នក​ស្លាប់​​ឱ្យ​បាន​ត្រឹម​ត្រូវ​នៅ​ឡើយ​ទេ​។

​អាជ្ញាធរ​មូល​ដ្ឋាន​ប្រាប់​ថា​​ក្រៅ​ពី​អ្នក​ស្លាប់​ដូច​រៀប​រាប់​ខាង​លើ​ មនុស្ស​យ៉ាង​តិច​៨០​នាក់​ទៀត​រង​របួស​។ ច្បាស់​ណាស់​ថា​ចំនួន​អ្នក​ស្លាប់​នឹង​កើន​ឡើង​បន្ថែម​ទៀត​។ នៅ​ពេល​នេះ ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​តែ​គាស់​កកាយ​ទូរថ​ភ្លើង​ដើម្បីស្វែង​រក​អ្នក​នៅ​រស់​រាន​មាន​ជីវិត ឬ​បើ​មិន​ឃើញ​អ្នក​នៅ​រស់​ទេ​ រក​ឃើញ​តែ​សាក​សព​ក៏​អស់​ចិត្ត​ដែរ​។ នេះ​ជា​ឧបទ្ទ​វហេតុ​ពាក់​ព័ន្ធ​នឹង​រថ​ភ្លើង​នៅ​អេស្ប៉ាញ​ជា​លើក​ទី​២​នៅ​ឆ្នាំ​២០២៦​​។

ក្រុម​ហ៊ុន​រាជា​យ​ស្ម័យ​យាន​អេស្ប៉ាញ​ ADIF ថ្លែង​ថា​ហេតុ​ការណ៍​បុក​គ្នា​រវាង​រថ​ភ្លើង​ និង​រថ​ភ្លើង​នោះ​​កើត​ឡើង​នៅ​ពេល​ព្រឹក​ព្រហាម​នៅ​ខេត្ត​តូឡេដូ (Toledo) រវាង​រថ​ភ្លើង​ល្បឿន​លឿន​ដូច​គ្នា​ដែល​ដឹក​​អ្នក​ដំណើរ​រាប់​រយ​នាក់​ និង​​បើក​​​ស្រប​ទិស​គ្នា​ចេញ​ពី​រាជ​ធានី​ម៉ាឌ្រីត​សំដៅ​​ទី​ក្រុង​សឺវីល​នៅ​អេស្ប៉ាញ​ភាគ​ខាង​ត្បូង​។ ​​នៅ​សុខ​ៗ ​ស្រាប់​តែ​រថ​ភ្លើង​មួយ​គ្រឿង​បើក​​​ទៅ​បុក​កន្ទុយ​រថ​ភ្លើង​មួយ​ខ្សែ​ទៀត​ដែល​ឈប់​ស្ងៀម​ ជា​ហេតុ​បណ្ដាល​ឱ្យ​ទូរថ​ភ្លើង​ចំនួន​២​ទូ​​ក្រឡាច់​ធ្លាក់​ពី​លើ​ផ្លូវ​។ រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ដឹង​អំពី​មូល​ហេតុ​ពិត​ប្រាកដ​នៅ​ពី​ក្រោយ​ហេតុ​ការណ៍​នេះ​ទេ​។ ក្រុម​ហ៊ុន​អាយ​ស្ម័យ​យាន​សម្រេច​ចិត្ត​ផ្អាក​សេវា​ដឹក​ជញ្ជូន​ទៅមក​រវាង​ទី​ក្រុង​ម៉ាឌ្រីត, ស៊ី​យូ​ដាត រ៉េអាល់ (Ciudad Real) និង​​​អាន​លូសៀ (Andalusia)។

ហេតុ​ការណ៍​បុក​គ្នា​នោះ​​​កើត​ឡើង​នៅ​ទី​វាលចំហ​ដែល​​ហ៊ុម​ព័ទ្ធ​ដោយ​ចម្ការ​អូលីវ​ (olive) ចន្លោះ​ទី​ក្រុង​អួដា (Urda) និង​ឡូស​ យ៉េ​បេនេស (Los Yébenes)។ ​គេ​ឃើញ​ថា​​ទូ​រថ​ភ្លើង​មួយ​កំពិត​ចូល​គ្នា​ដូច​ដែក​​​អេត​ចាយ​ និង​បន្សល់​ទុក​កម្ទេច​កម្ទី​រាយ​ប៉ាយ​​ពាស​ពេញ​ទី​ជម្រាល​ដែល​ក្រាល​គ្រប​ដោយ​ក្រួស​។ រដ្ឋ​មន្ត្រី​សុខា​ភិបាល​អេស្ប៉ាញ​ថ្លែង​ថា​ក្រុម​​ជួយ​​សង្គ្រោះ​បន្ទាន់​ចង់​​ធ្វើ​ម៉េច​ជួយ​អ្នក​ដែល​អាច​នៅ​រស់​រាន​មាន​ជីវិត​ឱ្យ​បាន​ទាន់​ពេល​វេលា​តាម​លទ្ធ​ភាព​ដែល​អាច​ធ្វើ​ទៅ​បាន​ និង​ប្រញាប់​​គាស់​ទូ​រថ​ភ្លើង​ចំនួន​២​ដែល​រង​ការ​ខូច​ខាត​ធ្ងន់​ធ្ងរ​ជាង​គេ​​ដើម្បី​យក​សាក​សព​ជន​រង​គ្រោះ​​ចេញ​មក​ខាង​ក្រៅ​​។ លោក​ស្រី​ថ្លែង​ថា​អ្នក​របួស​ត្រូវ​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នានា​ដែល​ស្ថិត​នៅ​ក្បែរ​តំបន់​កើត​ហេតុ​​៕​​