ទីក្រុងរីយ៉ាត៖ ក្រុមសម្ព័ន្ធមិត្តដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតវាយប្រហារចំទីផ្សារដ៏មមាញឹកមួយកន្លែងនៅប្រទេសយេម៉េនភាគខាងជើងបណ្ដាលឱ្យស្លាប់មនុស្ស១៤នាក់ ក្នុងនោះមានកុមារ៣នាក់ និងស្ត្រី២នាក់។ ក្រៅពីនេះមនុស្ស១៥នាក់រងរបួស។ ខាងលើនេះជាការអះអាងរបស់មន្ត្រីសុខាភិបាលរបស់ក្រុមហ៊ូទី។ គ្រាប់មីស៊ីលធ្លាក់ត្រូវចំកណ្ដាលផ្សារក្បែរស្ថានីយប្រេងឥន្ធនៈនៃទីក្រុងអាល់ហាស់ ខេត្តអាល់ចាហ្វ (al-Jawf) នៅពេលមនុស្សកំពុងដើរទិញឥវ៉ាន់។ នេះបើយើងតាមអ្វីដែលអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលហូទីបង្ហោះសារនៅលើបណ្ដាញអ៊ិច។

នៅថ្ងៃដដែលនោះ ក្រសួងដឹកជញ្ជូននៃរដ្ឋាភិបាលយេម៉េនដែលទទួលស្គាល់ដោយសហគមន៍អន្តរជាតិប្រកាសថាក្រុមហ៊ូទីបាញ់មីស៊ីលបាលីស្ទីក២គ្រាប់ចូលអាកាសយានដ្ឋានទីក្រុងអេដែន (Aden)។ ក្រសួងប្រកាសនៅលើគេហទំព័ររបស់ខ្លួន បង្ហាញរូបក្រហូង២កន្លែងធំៗដែលបង្កឡើងដោយគ្រាប់មីស៊ីលនៅលើផ្លូវនៃអាកាសយានដ្ឋាន។ កាលពីមុននោះ អ្នកនាំបាក្យក្រុមហ៊ូទី លោកយ៉ាស់យ៉ា សារី (Yahya Saree) ជំរុញឱ្យជនស៊ីវិលប្រញាប់ជម្លៀសខ្លួនចេញពីអាកាសយានដ្ឋាននោះ។

លោកអះអាងថាយន្តហោះយោធាមួយគ្រឿងរបស់អារ៉ាប៊ីសាអូឌីតដែលផ្ទុកពេញប្រៀបដោយអាវុធស្ថិតនៅទីនោះ។ ប៉ុន្តែលោកមិនបានបង្ហាញភស្តុតាងជាក់លាក់ដើម្បីគាំទ្រអំណះអំណាងរបស់លោកទេ។ អាកាសយានដ្ឋានអេដែនត្រូវគេបោះបង់ចោលក្រោយការព្រមានរបស់ក្រុមហ៊ូទី។ នេះបើយោងតាមបុគ្គលិកបម្រើការនៅទីនោះម្នាក់ប្រាប់ទីភ្នាក់ងារព័ត៌មានអេភី (AP)។ មន្ត្រីសន្តិសុខម្នាក់ដែលស្នើសុំមិនបញ្ចេញឈ្មោះប្រាប់ថាគ្មានបុគ្គលិក ឬភ្នាក់ងារសន្តិសុខស្ថិតនៅទីនោះទៀតទេ។

ជើងហោះហើរពីទីក្រុងគែ (Cairo) ប្រទេសអេហ្ស៊ីប និងពីទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌា ដែលត្រូវចុះចតនៅអាកាសយានដ្ឋានទីក្រុងអេដែនត្រូវបង្វែរទិសដៅទៅចុះចតនៅអាកាសយានដ្ឋានសីយុន (Seiyun) នៃខេត្តហាដ្រាម៉ាត (Hadramawt) ប្រទេសយេម៉េនវិញ។ ចំណែកជើងហោះហើរមួយខ្សែឆ្ពោះទៅទីក្រុងគែត្រូវលុបចោល។ គេទទួលបានរបាយការណ៍ថាមានការវាយប្រហារទៅលើកោះមួយដែលគ្រប់គ្រងដោយក្រុមហ៊ូទីនៅមាត់ច្រកសមុទ្របែបអាល់មេនដេប (Bab al-Mandeb)។ ទូរទស្សន៍អាល់ម៉ាស៊ីរ៉ា (Al-Masirah) របស់ក្រុមហ៊ូទីផ្សាយថាមានការវាយប្រហារទៅលើកោះម៉ាយុន (Mayun)៕ ប្រភព៖ AP

ចែករំលែកព័តមាននេះ