ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ក្រាប​បទល្មើស​ធនធាន​ជលផល ក្នុងភូមិ​សាស្ដ្រ​ខេត្តសៀមរាប និង​ខេត្តបាត់ដំបង

3 អាទិត្យ មុន
  • ស្វាយរៀង

ខេត្ត​សៀម​រា​ប ៖ ​កាលពី​​រសៀល​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៦ ឯកឧត្តម ប៉ែន ផ​ល្លី​កា អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បន្ដ​ដឹកនាំ​ក្រុមការងារ​ពាក់ព័ន្ធ និង មន្ដ្រី​ជំនាញ ចុះ​ពិនិត្យ និង បង្ក្រាប​បទ ល្មើស​ធនធាន​ជលផល ចាប់ពី​ចំណុច​មាត់ ពាម​ចុង​ឃ្នៀស សង្កាត់​ចុង​ឃ្នៀស ក្រុងសៀមរាប​ និង​ខេត្តសៀមរាប រហូត​ដល់​ចំណុច​កោះ​ក្អែក ពាក់​កន្ទេល ភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដើម្បី​ធានា​បាន​នូវ​ពូជ​ត្រី​បាន​គង់វង្ស​សម្រាប់​ជា​ផ្នែក​មួយ ក្នុង​ការ​ចិញ្ចឹម​ប្រជាពលរដ្ឋ​តាម​រយៈ​ការ​ប្រកប​របរ​នេសាទ​ដោយ​ស្របច្បាប់​។

ឯកឧត្តម ប៉ែន ផ​ល្លី​កា បាន​បញ្ជាក់​ថា តាម​រយៈ​ការ​ចុះ​ពិនិត្យ និង​បង្ក្រាប​បទល្មើស​នេសាទ​នា​ពេល​កន្លង​មក ឃើញ​ថា ការ​ប្រកប​របរ​នេសាទ​របស់​ប្រជាពលរដ្ឋ​ដោយ​ខុសច្បាប់ មានការ​ថម​ថយ​ជាង​មុន​ ដោយសារ​ពួក​គាត់​មាន​ភាព​រាងចាល បន្ទាប់​ពី​មន្ដ្រី​ជំនាញ​បាន​ធ្វើការ​បំផ្លាញ​នូវ​ឧបករណ៍​ខុស​ពី​ច្បាប់​ដែល​បាន​កំណត់ ដោយសារ​ក្រុម​ការ​ងារ និង​មន្ត្រី​ជំនាញ​ជលផល​បាន​ធ្វើការ​ទប់ស្កាត់​បាន​ទាន់​ពេលវេលា​។

ឯកឧត្តម​ក៏​បាន​ធ្វើការ​កោតសរសើរ​ចំពោះ​ក្រុមការងារ និង​មន្ត្រី​ជំនាញ​ជលផល​ទាំងអស់​ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង បង្ក្រាប​នូវ​បទល្មើស​ធនធាន​ជលផល​បាន​ត្រឹមត្រូវ នឹង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​។ ជាមួយ​គ្នា​នេះ​ឯកឧត្ដម បាន​ជំរុញ​ដល់​មន្ដ្រី​ជំនាញ​បន្ដ​ចុះ​បង្ក្រាប​បទល្មើស​ធនធាន​ជលផល​ជា​បន្ដ​ទៀត ប្រៀប​ដូច​ភ្លៀងរលឹម ដើម្បី​រក្សា​ពូជ​ត្រី​នៅ​ក្នុង​បឹង​ទន្លេសាប​ឱ្យ​បាន​ច្រើន​សម្រាប់​ទៅ​ថ្ងៃ​អនាគត​។

ឯកឧត្តម​អនុរដ្ឋលេខាធិការ ក៏​បាន​ណែនាំ និង​អំពាវនាវ​ដល់​ប្រជា​នេសាទ​ទាំងអស់ សូម​ប្រកប​របរ​នេសាទ​ដោយ​ស្របច្បាប់​នៅ​ក្នុង​រដូវ​បើក​នេសាទ​នេះ​។ ករណី​នេះ​ក្រុមការងារ​រក​ឃើញ​មានការ​ប្រកប​របរ​នេសាទ​ខុសច្បាប់ មន្ដ្រី​ជំនាញ និង​ធ្វើការ​រឹបអូស និង​បំផ្លាញ​ចោល​នូវ​ឧបករណ៍​ខុសច្បាប់​ទាំងនោះ ហើយ​ករណី​ដែល​មន្ដ្រី​ជំនាញ​ចាប់​បានការ​នេសាទ​ខុសច្បាប់​នៅ​នឹង​កន្លែង នឹង​អនុវត្ដ​ទៅ​តាម​ផ្លូវច្បាប់​ដោយ​គ្មាន​ករណី​លើកលែង​ឡើយ​។

យោង​តាម​របាយការណ៍​របស់ លោក ធិ​ន នី សុ​ទ្ធី នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តសៀមរាប បាន​ឱ្យ​ដឹង​ថា សម្រាប់​ការ​ចុះ​ពិនិត្យ និង​បង្ក្រាប​បទល្មើស​ធនធាន​ជល​ផល​នា​ពេល​នេះ ក្រុមការងារ និង​មន្ដ្រី​ជំនាញ​បាន​ធ្វើការ​ពិនិត្យ​មើល​ការ​ធ្វើ​នេសាទ​ដោយ​ឧបករណ៍ លប​ណរ ឬ​រ៉ាវ ចំនួន ១២០ របាំង បាន​ពិនិត្យ​ឃើញ​ថា​ប្រជា​នេសាទ​បាន​អនុវត្ត​ត្រឹមត្រូវ តាម​ច្បាប់​ស្តី​ពី​ជលផល​។ ពិនិត្យ​ការ​នេសាទ​ដោយ​ឧបករណ៍​ខ្នាត​តូច​ដើម្បី​ពិនិត្យ​មើល​ផល​ចាប់ ក្នុង​នោះ​មាន​ដូច​ជា លប​ណ ឬ​រ៉ាវ មង​រាយ ឬ មង​ពាក់ សៃ​យ៉ឺន​​កំពឹស សន្ទូច​ននោង​ជាដើម​៕