ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ចិន រួម​គ្នា​លើកកម្ពស់​ការ​យល់​ដឹង​ពី​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​ទំនាក់ទំនង​ការងារ និង​បង្ក​បរិយាកាស​វិនិយោគ​កាន់តែ​ល្អ​ប្រសើរ​នៅ​កម្ពុជា

3 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ​  រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ឯកឧត្តម JIANG Nan ភារធារី​ស្ដីទី​នៃ​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា បាន​អញ្ជើញ​ជា​សហ​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តី​ពី «ការ​ពង្រឹង​អនុលោម​ភាព​តាម​ច្បាប់ និង​ការ​គ្រប់គ្រង​ទំនាក់ទំនង​ការងារ​» ដែល​រៀបចំ​ដោយ​សមាគម​សភាពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា សហការ​ជាមួយ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នា​រសៀល​ថ្ងៃ​ទី​ ២៨ ខែតុលា ឆ្នាំ ​២០២៦ នៅ​អគារ Morgan Tower ​។ សិក្ខាសាលា​ដែល​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​តំណាង​ក្រុមហ៊ុន​ចិន​កំពុង​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា មាន​គោលបំណង​បង្កើន​ការ​យល់​ដឹង និង​អនុវត្ត​ច្បាប់ ព្រមទាំង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​របស់​កម្ពុជា​ឱ្យ​កាន់តែ​ល្អ​ប្រសើរ ក៏​ដូច​ជា​ពង្រឹងសមត្ថភាព​សហគ្រាស​ក្នុង​ការ​គ្រប់គ្រង​ធនធានមនុស្ស និង​ទំនាក់ទំនង​ការងារ​ប្រកបដោយ​សុខដុមរមនា និង​កាត់​បន្ថយ​វិវាទ​ការងារ​ ។

ថ្លែង​ទៅ​កាន់​អង្គ​សិក្ខាសាលា ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម​រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមាគម​សភាពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា​ក្នុង​កិច្ចសហការ​រៀបចំ​កម្មវិធី​ដ៏​សំខាន់​នេះ​ឡើង និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម JIANG Nan ដែល​បាន​អញ្ជើញ​ចូលរួម ព្រមទាំង​ចំពោះ​ប្រទេស​ចិន ដែល​ផ្តល់​កិច្ច​សហប្រតិបត្តិការ​ល្អ គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ បច្ចេកទេស និង​ហេដ្ឋារចនាសម្ព័ន្ធ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា ក៏​ដូច​ជា​លើកទឹកចិត្ត​ជនជាតិ​ចិន​មក​វិនិយោគ​នៅ​កម្ពុជា​ ។ ទន្ទឹម​នេះ ឯកឧត្តម​ក៏​បាន​អរគុណ​ចំពោះ​អ្នក​វិនិយោគិន​ទាំងអស់​ដែល​ជឿ​ទុកចិត្ត​ជ្រើសរើស​កម្ពុជា ជា​គោលដៅ​វិនិយោគ​ដែល​មិន​ត្រឹមតែ​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច ពង្រីក​សមត្ថភាព​ផលិតកម្ម និង​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្កើត​ឱកាស​ការងារ បង្កើន​ប្រាក់​ចំណូល លើកកម្ពស់​ជំនាញ​វិជ្ជាជីវៈ និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ផង​ដែរ ​។

ឯកឧត្តម​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​វិស័យ​ឯកជន​ជា «កម្លាំង​ច​លករ​» និង​ជា​ដៃគូ​អភិវឌ្ឍ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​បង្កើត​ឱកាស​ការងារ​ ។ ទន្ទឹម​នេះ ច្បាប់​ស្តី​ពី​ការងារ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ពាក់ព័ន្ធ​គឺ ជា​មូលដ្ឋាន​សំខាន់​សម្រាប់​ការ​គ្រប់គ្រង​ទំនាក់ទំនង​រវាង​និយោជក និង​កម្មករនិយោជិត ហើយ​ប្រធានបទ​ទាំង ៣ គឺ (១) យន្តការ​អធិការកិច្ច​ការងារ​, (២) ការ​គ្រប់គ្រង​មុខរបរ និង​ការងារ​ជនបរទេស និង​(៣) ការ​ចែករំលែក​បទ​ពិសោធ​ស្តី​ពី​ការ​អនុលោម​ភាព​តាម​ច្បាប់ និង​ការ​គ្រប់គ្រង​កម្លាំង​ពលកម្ម​ក្នុង​បរិបទ​អន្តរ​វប្បធម៌ នា​ឱកាស​នេះ គឺ​មាន​ភាព​ប្រទាក់ក្រឡា​គ្នា​យ៉ាង​ជិត​ស្និទ្ធ និង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង​ក្នុង​ការ​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​ ។

ឯកឧត្តម​បាន​បញ្ជាក់​ពី​អត្ថប្រយោជន៍​សំខាន់​ៗ​នៃ​ការ​អនុលោម​តាម​ច្បាប់ ជា​ពិសេស​ធានា​សុវត្ថិភាព​ផ្លូវច្បាប់ និង​ការ​ប្រកប​អាជីវកម្ម​ប្រកបដោយ​ស្ថិរភាព​, បង្កើន​កេរ្តិ៍ឈ្មោះ និង​ទំនួល​ខុស​ត្រូវ​ក្នុង​អាជីវកម្ម​, កាត់​បន្ថយ​ហានិភ័យ​នៃ​វិវាទ​ការងារ​, បង្កើន​ផលិតភាព​ការងារ និង​ការ​ចូលរួម​យ៉ាង​សកម្ម​ពី​និយោជិត​, ការ​ទទួល​បានការ​គាំទ្រ និង​លើកទឹកចិត្ត​បន្ថែម​ពី​រាជរដ្ឋាភិបាល និង​រក្សា​ភាព​ជឿជាក់ ព្រមទាំង​បង្កើន​ការ​ប្រកួតប្រជែង​ទីផ្សារ​អន្តរជាតិ​ជាដើម​ ។ តាម​រយៈ​បទ​បង្ហាញ​ពី​ប្រធានបទ​ទាំងនេះ ឯកឧត្តម​សង្ឃឹម​យ៉ាង​មុតមាំ​ថា សិក្ខាកាម​ទាំងអស់​នឹង​ទទួល​បាន​ចំណេះដឹង​កាន់តែ​ច្រើន​ពី​កាតព្វកិច្ច​ផ្លូវច្បាប់ វិធីសាស្ត្រ​គ្រប់គ្រង​ទំនាក់ទំនង​ការងារ និង​ការ​ដោះស្រាយ​បញ្ហា​នៅ​កន្លែង​ការងារ​ដោយ​សម​ស្រប ដែល​ក៏​អាច​ជួយ​មិន​ឱ្យ​មានការ​ចោទប្រកាន់ ឬ​យល់​ច្រឡំ​ណាមួយ​ផង​ដែរ ​។

ក្រសួង​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​សមាគម​បន្ត​ដើរតួ​នាទី​ជា​អ្នក​ជួយ​ផ្សព្វផ្សាយ​ពី​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ថ្មី​ៗ​ទៅ​កាន់​សមាជិក​របស់​ខ្លួន ជួយ​សម្រប​សម្រួលការ​ទទួល​បាន​ព័ត៌មាន​ផ្លូវការ និង​ជំរុញ​ឱ្យ​សមាជិក​ស្វែងរក​ការ​ណែនាំ​ពី​ក្រសួង ឬ​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រាជធានី​-​ខេត្ត នៅ​ពេល​មាន​ច​ម្ង​ល់​ពី​ការ​អនុវត្ត​ច្បាប់​ ។

នា​ឱកាស​នោះ ឯកឧត្តម JIANG Nan បាន​ថ្លែងអំណរគុណ​​ចំពោះ​ក្រសួង​ការងារ​ ដែល​គាំទ្រ​សិក្ខាសាលា​នេះ និង​ដំណើរការ​សមាគម​សភាពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា​ ។ ឯកឧត្តម​បាន​លើក​ឡើង​ថា ប្រទេស​ចិន​បាន​បន្ត​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​របស់​កម្ពុជា​ក្នុង​រយៈពេល ១៤ ឆ្នាំ​ជាប់​ៗ​គ្នា​មកនេះ ដោយ​សហគ្រាស​ចិន​ជា​ច្រើន​បន្ត​បើក​អាជីវកម្ម​នៅ​កម្ពុជា ​។ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ជំរុញ​សហគ្រាស​ចិន​ឱ្យ​គោរព​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ពាក់ព័ន្ធ​នឹង​ការងារ​នៅ​កម្ពុជា​ ។ ឯកឧត្តម​សង្ឃឹមថា សហគ្រាស​ចិន​នឹង​ចាប់​យក​ឱកាស​ដ៏​មាន​តម្លៃ​នេះ ដើម្បី​សិក្សា ផ្លាស់​ប្តូរ​ចំណេះដឹង និង​បទ​ពិសោធ ហើយ​យកចំណេះ​ដឹង​នេះ​ទៅ​អនុវត្ត​ជាក់ស្តែង ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ប្រកប​អាជីវកម្ម​ដោយ​អនុលោម​តាម​ច្បាប់ បំពេញ​ការ​ទទួលខុសត្រូវ​សង្គម​របស់​សហគ្រាស​ឱ្យ​បាន​ពេញលេញ និង​អនុវត្ត​ការ​ប្រកប​អាជីវកម្ម​ដែល​ផ្តោត​លើ​ការ​ចូលរួម និង​ការ​អភិវឌ្ឍ​ក្នុងស្រុក​ ៕ អត្ថបទសហការ