ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តព្រះសីហនុ​ ឃាត់ខ្លួនជនសង្ស័យខ្មែរ-ចិន១៩នាក់ ពាក់​ព័ន្ធបទល្មើសចោរកម្ម គ្រឿងផ្ទុះ និងល្បែងស៊ីសងខុស​ច្បាប់

1 ម៉ោង មុន
  • ព្រះសីហនុ

​ខេត្ត​ព្រះ​សីហ​នុ ៖ ដោយ​អនុវត្ត​តាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ការ​ចង្អុល​ណែនាំ​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ចាប់ពី​ថ្ងៃ​ទី​២២ ខែកញ្ញា ដល់​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២៦ កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ សហការ​ជាមួយ​អធិការដ្ឋាន និង​ប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល​ពាក់ព័ន្ធ បាន​បន្ត​ស្រាវជ្រាវ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​បទល្មើស​​ផ្សេង​ៗ​ជា​បន្តបន្ទាប់ ។

ក្នុង​ប្រតិបត្តិការ​ខាងលើ សមត្ថកិច្ច​បាន​បង្ក្រាប​ករណី​អំពើ​លួច និង​ទទួលផល​ចោរកម្ម លួច​ខ្សែភ្លើង និង​បំពង់​ស្ពាន់​ម៉ាស៊ីនត្រជាក់ លួច​ម៉ូតូ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​កាប់​បំបែក​ទ្វារ​បំផ្លាញ​ទ្រព្យសម្បត្តិ​ដោយ​ចេតនា កំហែង​យក​មាន​ស្ថាន​ទម្ងន់ទោស ការ​កាន់កាប់ និង​ដឹក​ជញ្ជូន​អាវុធ គ្រឿងផ្ទុះ និង​គ្រាប់រំសេវ​ដោយ​គ្មាន​ការ​អនុញ្ញាត ព្រមទាំង​ករណី​ល្បែងស៊ីសង​ខុសច្បាប់​តាម​រយៈ​ម៉ាស៊ីន​បាញ់​ត្រី ។

ជា​លទ្ធផល សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​សរុប​ចំនួន​១៩​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ និង​ជនជាតិ​ចិន ព្រមទាំង​កំពុង​បន្ត​ស្រាវជ្រាវ​ស្វែងរក​បក្សពួក​ដែល​ពាក់ព័ន្ធ និង​អ្នក​ដែល​កំពុង​គេចខ្លួន ។

ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ដកហូត និង​រក​ឃើញ​វត្ថុ​តាង​ពាក់ព័ន្ធ​ជា​ច្រើន​រួម​មាន​ម៉ូតូ ម៉ូតូ​កង់​បី ទូរស័ព្ទ​ដៃ ខ្សែភ្លើង បំពង់​ស្ពាន់ ឧបករណ៍​កាត់​ខ្សែ កាំបិត ទួ​ណឺ​វី​ស កាបូប និង​សម្ភារ​មួយ​ចំនួន​ទៀត ព្រមទាំង​គ្រឿងផ្ទុះ​ចំនួន​៣​គ្រាប់ ម៉ាស៊ីន​បាញ់​ត្រី​ចំនួន​២​គ្រឿង និង​ប្រាក់​ចំនួន​១៩,៦០០​ដុល្លារ​អា​មេ​រិ​ក ដែល​ជា​ផល​នៃ​អំពើ​ល្មើស ។

ចំពោះ​សម្ភារវត្ថុ​តាង​មួយ​ចំនួន ដែល​ជា​ផល​នៃ​អំពើ​ល្មើស ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ និង​បុគ្គល​ដែល​ពុំ​មាន​តម្រុយ​ពាក់ព័ន្ធ​នឹង​បទល្មើស ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ដោយ​ទទួល​បាន​គោលការណ៍​ដឹកនាំ​ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ និង​មានការ​អនុញ្ញាត​ពី​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ស្រប​តាម​នីតិវិធី​ច្បាប់ ។

ចំពោះ​ជនសង្ស័យ​ដែល​មាន​ពាក់ព័ន្ធ​នឹង​បទល្មើស សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ នឹង​បន្ត​ពង្រឹង​ការ​ល្បាត ការ​ស្រាវជ្រាវ និង​ការ​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម​ជូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ និង​វិនិយោគិន ក្នុង​ខេត្ត​ព្រះ​សីហ​នុ ៕