ទីក្រុងឌូបៃ៖ មន្ត្រីកំពូលនៃក្រុមអាកាសចរណ៍ថ្លែងថាការកំណត់ស្តង់ដារអំពីសុវត្ថិភាពសម្រាប់វិស័យនេះនៅតែមានកម្រិតខ្ពស់ជានិច្ចក្រោយឧបទ្ទវហេតុអាកាសយានិករងយកពូថៅកាប់អាកាសយានិកធំនៅក្នុងកាប៊ីនយន្តហោះកាលពីសប្ដាហ៍មុននៅក្នុងបំណងធ្វើឱ្យធ្លាក់យន្តហោះទៅដីដើម្បីផ្ទុះឆេះសម្លាប់អ្នកដំណើរនៅលើនោះដែលភាគច្រើនជាជនជាតិអ៊ីស្រាអែល។ ក្រុមហ៊ុនអាកាសចរណ៍ក៏ទទួលស្គាល់ផងដែរថាខ្លួនពិបាកទប់ស្កាត់ទុកជាមុនណាស់ប្រសិនបើមានករណីអាកាសយានិកដទៃទៀតមានចិត្តវៀចវេរ។ បទអត្ថាធិប្បាយខាងលើនេះជាពាក្យសម្ដីចេញពីមាត់ថ្នាក់ដឹកនាំក្រុមហ៊ុនអាកាសចរណ៍ដំបូងចាប់តាំងពីមានការវាយប្រហារនោះ ហើយវាជាការរំលេចឱ្យឃើញថាក្រុមហ៊ុនពិបាកនឹងធានាឱ្យបាន១០០%នូវសុវត្ថិភាព និងសន្តិសុខក្រោយហេតុការណ៍យន្តហោះធ្លាក់ពីអាកាសចុះមកក្រោម១៦០០០ហ្វ៊ីត (៤៨៧៦ម៉ែត្រ) រយៈពេល៣០វិនាទី។

អាកាសយានិករងដែលបើកយន្តហោះរបស់ក្រុមហ៊ុនហ្វ្លាយឌូបៃ (FlyDubai) នៅពេលកំពុងសកម្មភាពកាប់អាកាសយានិកធំនោះ ត្រូវអ្នកដំណើរនៅក្នុងយន្តហោះចាប់គាត់ជាប់ដោយសារអាកាសយានិកធំព្យាយាមបើកទ្វារកាប៊ីនយន្តហោះដើម្បីឱ្យអ្នកដទៃទៀតចូលទៅជួយ និងគ្រប់គ្រងដៃចង្កូតយន្តហោះ។ លោកម៉ៃឃើល អូលារី (Michael O’Leary) ជាមន្ត្រីជាន់ខ្ពស់ផ្នែកអាកាសចរណ៍ថ្លែងថាបើមានមនុស្សមានចិត្តឆ្កួតៗនៅក្នុងកាប៊ីនយន្តហោះ គេពិបាកនឹងវិនិច្ឆ័យថាគាត់កំពុងគិតអ្វីណាស់។

អាកាសយានិករងរបស់ FlyDubai ប្រាប់អ្នកសួរចម្លើយនៅប្រទេសអារ៉ាប់រួមថាគាត់មានគម្រោងវាយប្រហារបែបភេរវកម្មបែបនេះតាំងពីមុនចូលធ្វើការនៅក្នុងក្រុមហ៊ុននេះទៅទៀត។ រហូតមកដល់ពេលនេះ ប្រទេសអារ៉ាប់រួមមិនទាន់កសាងសំណុំរឿងចោទប្រកាន់អាកាសយានិករងរូបនេះទៅតុលាការទេ។ នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍លូហ្វថាន់ហ្សា (Lufthansa) ថ្លែងថាវាមិនអាចទៅរួចទេក្នុងការទប់ស្កាត់គ្រប់ឧបទ្ទវហេតុ និងថាបទដ្ឋានស្ដីពីការធានាសុវត្ថិភាពក្នុងការហោះហើរនៅតែមានកម្រិតខ្ពស់ជានិច្ច។

លោកថាធ្លាប់មានករណីស្រដៀងគ្នានេះកើតឡើងម្ដងកាលពីជាងមួយទសវត្សរ៍មុន។ កាលនោះ យន្តហោះម៉ាកអ៊ែបឺសអា៣២០ (Airbus a320) របស់ក្រុមហ៊ុនអាកាសចរណ៍ Germanwings បើកយន្តហោះបំបុកភ្នំអាល់នៅប្រទេសបារាំងកាលពីឆ្នាំ២០១៥។ អាកាសយានិករងបិទទ្វារខ្ទាស់គន្លឹះបន្ទប់កាប៊ីន និងបើកយន្តហោះបុកភ្នំដោយចេតនាបណ្ដាលឱ្យស្លាប់មនុស្ស១៥០នាក់។ នាយកប្រតិបត្តិខាងលើថ្លែងថាយើងត្រូវទទួលស្គាល់ការពិតថាគ្មានយន្តការសុវត្ថិភាពដាច់ខាតនៅក្នុងវិស័យអាកាសចរណ៍ទេ។ ប៉ុន្តែក្រុមហ៊ុនតែងតែធ្វើតេស្តអំពីសុវភាពផ្លូវចិត្តរបស់អ្នកបើកយន្តហោះជានិច្ច៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ