ទីក្រុងរីយ៉ាត៖ ក្រុមឧទ្ទាមហ៊ូទីដែលជាសម្ព័ន្ធមិត្តរបស់អុីរ៉ង់បង្កើនយុទ្ធនាការវាយប្រហារទៅលើរាជធានីរីយ៉ាតរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។ គេស្ដាប់ឮសំឡេងផ្ទុះគ្រាប់បែកយ៉ាងកក្រើកទីក្រុងនៅថ្ងៃ នេះ។ ជើងហោះហើរត្រូវរងការរំខានយ៉ាងខ្លាំង។ បុគ្គលិកបម្រើការនៅតាមស្ថាប័ននានាត្រូវថ្នាក់លើប្រាប់ឱ្យបំពេញការងារពីផ្ទះ។ ក្រុមហ៊ូទីនិយាយថាខ្លួនបានបាញ់មីស៊ីលផ្លោងមួយគ្រាប់ចូលអាកាសយានដ្ឋានទីក្រុងរីយ៉ាត និងគំរាមបិទដែនអាកាសអារ៉ាប៊ីសាអូឌីតបន្ទាប់ពីប្រទេសនេះគាំទ្ររដ្ឋាភិបាលយេម៉េនដើម្បីវាយប្រហារក្រុមហ៊ូទី។

ជម្លោះនេះរឹតតែបន្ថែមភាពរញ៉េរញ៉ៃសម្រាប់តំបន់មជ្ឈិមបូព៌ាដែលកំពុងឆាបឆេះដោយសារសង្គ្រាមស្រាប់ទៅហើយនោះ ហើយមិនតែប៉ុណ្ណោះអាចនឹងអូសទាញរដ្ឋដទៃទៀតឱ្យធ្លាក់ចូលទៅក្នុងសង្គ្រាមនេះដែរ។ ឥឡូវនេះ ប្រទេសស៊ីរីកំពុងពិចារណាបញ្ជូនកងទ័ពទៅជួយអារ៉ាប៊ីសាអូឌីត ខណៈដែលអារ៉ាប៊ីសាអូឌីតជំរុញឱ្យក្រុមប្រទេសសម្ព័ន្ធមិត្តជួយគាំទ្រខ្លួនរួមទាំងតួកគី និងប៉ាគីស្ថានផងដែរ ទោះបីជួយត្រឹមព័ស្តុភារ ឬអាវុធសម្រាប់ការពារខ្លួនក៏ដោយ។

អារ៉ាប៊ីសាអូឌីតកំពុងព្យាយាមវាយដណ្ដើមយកយកទឹកដីពីពួកហ៊ូទីមកវិញនៅប្រទេសយេម៉េនភាគនិរតីដែលស្ថិតនៅក្បែរច្រកចូលសមុទ្រក្រហម។ សំណើរបស់អារ៉ាប៊ីសាអូឌីតកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីមានករណីវាយប្រហារស្លាប់មនុស្សបីនាក់នៅអាកាសយានដ្ឋានទីក្រុងរីយ៉ាត។ ស្ថាប័នដែលធ្វើការលើផ្នែកតាមដានការហោះហើរបានឱ្យដឹងថាថ្ងៃនេះជើងយន្តហោះដែលត្រូវហោះចូល និងហោះចេញអាកាសយានដ្ឋានអន្តរជាតិខាលីត (Khalid)មានបញ្ហារអាក់រអួល។

បន្ទាប់ពីមានស្នូរផ្ទុះដ៏ខ្លាំងកាលពីព្រឹកមិញ ក្រុមហ៊ុនមួយចំនួនបានប្រាប់បុគ្គលិករបស់ខ្លួនឱ្យធ្វើការពីផ្ទះ។ ក្រុមអ្នកការទូតខ្លះថ្លែងថាពួកគេបានទទួលសេចក្ដីជូនដំណឹងឱ្យប្រុងប្រយ័ត្ន សាលារៀនមួយចំនួននៅទីក្រុងរីយ៉ាតប្រាប់ឱ្យឪពុកម្ដាយសិស្សស្វះស្វែងរកទីជម្រក។ សង្គ្រាមដ៏រ៉ាំរ៉ៃនៅយេម៉េនដែលបានស្ងប់ស្ងាត់មួយរយៈចាប់តាំងពីមានបទឈប់បាញ់ឆ្នាំ២០២២ក៏ចាប់ផ្ដើមផ្ទុះឡើងសាជាថ្មីនាប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។ ក្រុមហ៊ូទីវាយដណ្ដើមកាន់កាប់តំបន់មាត់សមុទ្រក្រហមកាលពីខែកញ្ញា រួមទាំងច្រកសមុទ្របាបអែលមេនដេប (Bab el-Mandeb) ផងដែរ៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ