ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​ប្រកាស​បន្ត​ជំហរ​តតាំង​ផ្លូវច្បាប់​ទាមទារ​ទឹកដី ​ដែល​យោធា​ថៃ​ កំពុង​កាន់កាប់​មក​វិញ

15 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្រកាស​យ៉ាង​ដាច់អហង្ការ​ថា ការបាត់បង់​ការ​គ្រប់គ្រង​លើ​ទីតាំង​មួយ​ចំនួន ​នៅ​តាម​ព្រំដែន មិនមែន​មាន​ន័យ​ថា កម្ពុជា​កាត់​ទឹកដី​ឱ្យ​គេ​នោះ​ឡើយ​ ។

សម្តេច​ធិ​បតី ​បាន​គូសបញ្ជាក់​ថា ​ដរាបណា​រាជរដ្ឋាភិបាល​ មិន​បាន​ចុះ​ហត្ថលេខា ទឹកដី​ទាំងនោះ​ នៅ​តែ​ជា​ទឹកដី​ស្របច្បាប់​របស់​កម្ពុជា​ជា​និច្ច ហើយ​កម្ពុជា​នៅ​តែ​បន្ត «​ច្បាំង​តាម​ផ្លូវ​ការទូត និង​ច្បាប់​អន្ត​រ​ជាតិ​» ជា​ប្រចាំ ដើម្បី​ទាមទារ​យក​ទឹកដី​ទាំងនោះ​ត្រឡប់មក​វិញ ​។

ការ​ថ្លែង​បញ្ជាក់​បែប​នេះ​របស់​ប្រមុខ​រាជរដ្ឋាភិបាល បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​ជ័យ​លា​ភី នៃ​សាកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច (UME) នៅ​ខេត្តបាត់ដំបង នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០៨ ខែតុលា ឆ្នាំ​២០២៦នេះ ​។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ពន្យល់​យ៉ាង​ក្បោះក្បាយ​អំពី​ភាព​ខុស​គ្នា​រវាង​ពាក្យ «​ការ​បាត់បង់​» និង «​ការ​បាត់បង់​ការ​គ្រប់គ្រង​» ដោយ​សម្តេច​បាន​សង្កត់ធ្ងន់​ថា ​៖ «​ការ​បាត់បង់​នូវ​កន្លែង​មួយ​ចំនួន មិនមែន​បាន​ន័យ​ថា ​យើង​កាត់​ឱ្យ​គេ​នោះ​ទេ​។ ខ្ញុំ​សូម​បញ្ជាក់​អំពី​ពាក្យ​ថា ​ការ​បាត់បង់ និង​ការ​បាត់បង់​ការ​គ្រប់គ្រង ពិត​ណាស់​ជា​រូបភាព​ដូច​តែ​គ្នា ដែល​យើង​លែង​នៅ​កន្លែង​នោះ​បាន ប៉ុន្តែ​សួរ​ថា ​តើ​គេ​មាន​ភាព​ជា​កម្មសិទ្ធិ​ទេ ? គឺ​អត់​ទេ​! បើ​យើង​ស៊ី​ញ៉េ​ទៅ​ឱ្យ​គេ ទើប​គេ​មានកម្ម​សិទ្ធិ ប៉ុន្តែ​រាជរដ្ឋាភិបាល​មិន​បាន​ស៊ី​ញ៉េ​ឱ្យទៅ​នរណា​ឡើយ​»​ ។

សម្តេច​ធិ​បតី​ បាន​គូសបញ្ជាក់​ថា គោល​ជំហរ​របស់​កម្ពុជា គឺ​ទាមទារ​យ៉ាង​ម៉ឺងម៉ាត់​ស្រប​តាម​អនុសញ្ញា និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៧ (​សន្ធិសញ្ញា​បារាំង​-​សៀម​) ដែល​មាន​ស្រាប់​ជា​ប្រវត្តិសាស្ត្រ​។ កម្ពុជា​មិន​ដែល​មាន​បំណង​ទាមទារ​យក​ទឹកដី​របស់​ថៃ​នោះ​ទេ ប៉ុន្តែ​កម្ពុជា​ទាមទារ ​នូវ​អ្វី​ដែល​ជា​ទឹកដី​ស្របច្បាប់​របស់​កម្ពុជា​តែ​ប៉ុណ្ណោះ​ ។

ជាមួយ​គ្នា​នោះ​ដែរ​ ការ​រំលឹក​មេរៀន​ប្រវត្តិសាស្ត្រ និង​គុណ​បំណាច់​យុទ្ធ​ជន សម្តេច​នាយក​រដ្ឋមន្ត្រី បាន​រំលេច​អំពី​កត្តា​ប្រវត្តិសាស្ត្រ ដែល​កម្ពុជា​ធ្លាប់​បាន​ទាមទារ​យក​ទឹកដី​ខេត្តបាត់ដំបង សៀមរាប និង​សិរី​សោភ័ណ ត្រឡប់​មក​វិញ ​ពី​ប្រទេស​ថៃ តាម​រយៈ​យន្តការ​ចរចា និង​សម្ពាធ​អន្តរជាតិ​របស់​បារាំង​នៅ​ឆ្នាំ​១៩០៧ ក៏​ដូច​ជា​ការ​ធ្លាប់​បាត់បង់​ការ​គ្រប់គ្រង​រយៈពេល​ខ្លី​ប្រមាណ ៥​ឆ្នាំ មុន​ពេល​សង្គ្រាមលោក​លើក​ទី​២ បញ្ចប់​ ។

សម្តេច​បាន​សម្តែង​នូវ​ការ​សោកស្តាយ ​ដែល​ការ​ប៉ះទង្គិច​គ្នា​កន្លង​មក បាន​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ការ​គ្រប់គ្រង​លើ​ទីតាំង​មួយ​ចំនួន​ជា​បណ្តោះអាសន្ន ប៉ុន្តែ​រាជរដ្ឋាភិបាល​មិន​ដែល​សប្បាយចិត្ត ឬ​ទទួលស្គាល់​ការ​បាត់បង់​នោះ​ឡើយ​។ សម្តេច​បាន​រំលឹក​ដោយ​ក្តី​ក្តុកក្តួល និង​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​យុទ្ធ​ជន​កម្ពុជា​គ្រប់​រូប រួម​ទាំង​កងទ័ព ​ដែល​ជា​កូនចៅ​អ្នក​ខេត្តបាត់ដំបង​ផង​ដែរ ដែល​បាន​លះបង់​សាច់​ស្រស់ ឈាម​ស្រស់ និង​ពលី​ជីវិត​នៅ​លើ​សមរភូមិ ដើម្បី​ការពារ​បូរណភាព​ទឹកដី​គ្រប់​មី​លី​ម៉ែត្រ ​។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ច្រានចោលការ​លើក​ឡើង​របស់​មជ្ឈដ្ឋាន​មួយ​ចំនួន​ ដែល​យល់​ឃើញ​ថា «​បើ​បាត់បង់​ការ​គ្រប់គ្រង គឺ​បាត់បង់​រហូត​»​ ។

សម្តេច​ធិ​បតី​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ៖ «​ឥឡូវ​គឺ​យើង​នៅ​តែ​បន្ត​ច្បាំង គឺ​ច្បាំង​តាម​រយៈ​ការទូត ដើម្បី​ទាមទារ​ទឹកដី​ត្រឡប់​មក​វិញ​។ អ្នកខ្លះ​និយាយ​ថាបើ​បាត់ គឺ​បាត់​ហើយ ប៉ុន្តែ​ដរាបណា​យើង​មិន​ស៊ី​ញ៉េ​កាត់​ឱ្យ​គេ ទឹកដី​នោះ​នៅ​តែ​ជា​ទឹកដី​ស្របច្បាប់​របស់​យើង​ជា​និច្ច​» ​។

សម្តេច​ធិ​បតី​បាន​សង្កត់ធ្ងន់​ថា រាជរដ្ឋាភិបាល​នឹង​បន្ត​ទាមទារ​តាម​រយៈ​យន្តការ​ការទូត យន្តការ​ច្បាប់​អន្តរជាតិ និង​គ្រប់​ច្រក​ផ្លូវ​ទាំងអស់​គ្រប់ពេលវេលា ដោយ​មិន​បណ្តែតបណ្តោយ​ឱ្យ​អូស​បន្លាយពេល​រាប់​សិប​ឆ្នាំ ឬ​រហូត​ដល់១០០​ឆ្នាំ ដូច​មុន​ឆ្នាំ​១៩០៧ នោះ​ឡើយ ពោល​គឺ​រាជរដ្ឋាភិបាល​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ដាក់​សម្ពាធ និង​ចលនា​ជា​ប្រចាំ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​នេះ​ឱ្យ​ចប់​ ៕