ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាមត្រៀមជម្លៀសប្រជាជនជិត ១២ម៉ឺននាក់ បើរងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ

14 ម៉ោង មុន

ប្រទេសវៀតណាម៖ ខេត្តខាញ់ហ្វា ដែលមានទីក្រុងទេសចរណ៍ ញ៉ាចាង បានរៀបចំផែនការជម្លៀសប្រជាជនជាង ១០ម៉ឺននាក់ ដើម្បីត្រៀមទប់ទល់នឹងហានិភ័យទឹកជំនន់ធ្ងន់ធ្ងរក្នុងរដូវវស្សាឆ្នាំ២០២៦។ ក្នុងស្ថានភាពទឹកជំនន់ធ្ងន់បំផុត អាចត្រូវជម្លៀសប្រជាជនជិត ១២ម៉ឺននាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tuoi Tre នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។

តាមផែនការរបស់អាជ្ញាធរ ប្រសិនបើទឹកជំនន់ឡើងលើកម្រិតព្រមានទី៣ នឹងត្រូវជម្លៀសប្រជាជនប្រមាណ ៧៣,៦០០នាក់ ហើយប្រសិនបើកម្ពស់ទឹកលើសកម្រិតនេះ ១ម៉ែត្រ ចំនួនអ្នកត្រូវជម្លៀសអាចកើនដល់ជាង ៩៤,០០០នាក់។ សម្រាប់ស្ថានភាពទឹកជំនន់ធ្ងន់ធ្ងរបំផុត អាចត្រូវជម្លៀសជិត ១២០,០០០នាក់។

អាជ្ញាធរក៏បានរៀបចំផែនការជម្លៀសសម្រាប់ពេលមានព្យុះខ្លាំងផងដែរ ដោយព្យុះកម្រិត ១០-១១ អាចត្រូវជម្លៀសប្រជាជនជាង ១០៨,៥០០នាក់ ខណៈព្យុះកម្រិត ១២-១៣ អាចត្រូវជម្លៀសជិត ១៤៦,០០០នាក់។ តំបន់ជម្លៀសត្រូវធានាសុវត្ថិភាព និងមានទឹកស្អាត អាហារ អនាម័យ និងការថែទាំសុខភាព។

ខេត្តខាញ់ហ្វាមានអាងស្តុកទឹក និងទំនប់ចំនួន ៦៧កន្លែង ហើយអាជ្ញាធរបានបញ្ជាឱ្យពិនិត្យសុវត្ថិភាពទំនប់សំខាន់ៗ និងត្រៀមកម្លាំងសង្គ្រោះជាង ១ម៉ឺននាក់ ព្រមទាំងទូក និងយានយន្តសម្រាប់ប្រើប្រាស់ពេលមានអាសន្ន។ វិធានការនេះត្រូវបានពង្រឹង បន្ទាប់ពីខេត្តធ្លាប់រងទឹកជំនន់ធ្ងន់ធ្ងរជាច្រើនលើកកាលពីខែវិច្ឆិកា ឆ្នាំ២០២៥៕