ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​ធិ​បតី ជឿជាក់​​ថា ប្អូន​ៗ​និស្សិត នឹង​យកចំណេះ​ជំនាញ​ទៅ​បម្រើ​មាតុភូមិ ដោយ​ប្រកាន់ខ្ជាប់​ នូវសីលធម៌​វិជ្ជាជីវៈ វិន័យ និង មនសិការ​ស្នេហា​ជាតិ

13 ម៉ោង មុន

រាជធានីភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ កម្រិត​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ ជូន​និស្សិត​ជ័យ​លា​ភី សរុប​ចំនួន ២.០០១​នាក់ (​នារី ១.១២៥​នាក់ ) នៃ​សាកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង ​។

ថ្លែង​ក្នុង​ពិធី​នោះ សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សាកលវិទ្យាល័យ ក្នុង​ការ​បំពេញ​តួនាទី​យ៉ាង​សំខាន់​ដើម្បី​កសាង​មូលដ្ឋាន​ចំណេះដឹង បណ្តុះបណ្តាល​ជំនាញ ព្រមទាំង​អប់រំ​សីលធម៌​វិជ្ជាជីវៈ និង​វិន័យ​ដល់​យុវជន​កម្ពុជា ឱ្យ​ក្លាយជា​ធនធានមនុស្ស​ដែល​មាន​សមត្ថភាព​ពេញលេញ និង​ជា​សសរទ្រូង​ដ៏​រឹង​មាំ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ស្រប​តាម​យុទ្ធសាស្ត្រ និង​គោលនយោបាយ​ជាតិ​រយៈពេល​វែង​របស់​រាជរដ្ឋាភិបាល ជា​ពិសេស គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ២០២២-២០៣០ និង គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ២០១៥-២០២៥​។ ទន្ទឹម​នឹង​នេះ សម្តេច​ធិ​បតី បាន​សម្តែង​នូវ​ការ​កោត​សរសើរ​​ចំពោះ​ការ​រីក​ចម្រើន​ជា​បន្តបន្ទាប់​របស់ សាកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង ជា​ពិសេស​ការ​ទទួល​បាន គម្រោង SATREPS ពី​អង្គការ JICA និង JST នៃ​រដ្ឋាភិបាល​ជប៉ុន ដែល​សបញ្ជាក់​យ៉ាង​ច្បាស់​ពី​ភាព​ត្រឹមត្រូវ​លើ​ការ​ដឹកនាំ ការ​គ្រប់គ្រង និង​ទិស​ដៅ​យុទ្ធសាស្ត្រ​របស់​សាកលវិទ្យាល័យ​។ បន្ថែម​លើស​ពី​នេះ សម្តេច​ធិ​បតី ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សាកលវិទ្យាល័យ ដែល​បាន​ផ្តល់​អាហារូបករណ៍​សម្តេច​តេ​ជោ ដើម្បី​ចែករំលែក និង​ផ្តល់​ឱកាស​សិក្សា​ដល់​ក្មួយ​ៗ​សិស្ស​-​និស្សិត​មក​ពី​គ្រួសារ​ក្រីក្រ ដែល​កាយវិការ​នេះ​មិន​ត្រឹមតែ​បើកទ្វារ​អាជីព​ជូន​ដល់​យុវជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​កាត់​បន្ថយ​បន្ទុក​ចំណាយ​របស់​គ្រួ​សារបាន​មួយ​កម្រិត​ធំ​ផង​ដែរ​។

សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​បន្ថែម​ថា សមិទ្ធផល​របស់​និស្សិត​ជ័យ​លា​ភី​នា​ពេល​នេះ មិនមែន​ជា​ការ​ពុះពារ​របស់​ប្អូន​ៗ​តែឯង​នោះ​ទេ​, ប៉ុន្តែ​គឺជា​ផ្លែផ្កា​នៃ ការ​គាំទ្រ ការ​លះបង់ និង ការ​លើកទឹកចិត្ត របស់ មាតាបិតា អាណាព្យាបាល​, ព្រមទាំង ការ​ខិតខំ និង ទទួលខុសត្រូវ​ខ្ពស់ របស់​សាកលវិទ្យាល័យ​ផង​ដែរ​, ពោល​គឺ «​សញ្ញាបត្រ​មួយ​សន្លឹក គឺជា​សមិទ្ធផល​រួម​គ្នា នៃ​ការ​ខិតខំ​របស់​និស្សិត​, ការ​បង្រៀន​របស់​សាស្ត្រាចារ្យ​, និង ការ​លះបង់​របស់​អាណាព្យាបាល និង ក្រុម​គ្រួសារ​» ។

ក្នុង​ន័យ​នេះ សម្តេច បាន​សម្តែង​នូវ​ការ​អបអរសាទរ​យ៉ាង​កក់ក្តៅ​ចំពោះ​និស្សិត​ជ័យ​លា​ភី​នា​ឱកាស​នេះ និង​ជឿជាក់​យ៉ាង​មុតមាំ​ថា ប្អូន​ៗ​និស្សិត​ជ័យ​លា​ភី​នឹង​យកចំណេះ​ជំនាញ​ដែល​ក្រេបជញ្ជក់​បាន​ទៅ​បម្រើ​មាតុភូមិ ដោយ​ប្រកាន់ខ្ជាប់​នូវ សីលធម៌​វិជ្ជាជីវៈ វិន័យ និង មនសិការ​ស្នេហា​ជាតិ ។ ម្យ៉ាងទៀត​, ការ​សិក្សា​ជា​សកម្មភាព​ពេញ​មួយ​ជីវិត ពីព្រោះ ពេល​ណា​ក៏​ដោយ ក៏​ត្រូវ​រៀន​, ក៏​ត្រូវ​យល់​ដឹង​, និង ក៏​ត្រូវ​ស្រាវជ្រាវ ដោយ​ត្រូវ​ចង​ចាំ​ថា «​កុំ​រៀន​ដើម្បី​តែ​បាន​សញ្ញាបត្រ​, ប៉ុន្តែ​ត្រូវ​រៀន​ដើម្បី​ឱ្យ​មាន​សមត្ថភាព និង អាច​ធ្វើការ​បាន​» ។

សម្តេច​ធិ​បតី បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​គុណភាព​អប់រំ​នៅ​កម្ពុជា តាម​រយៈ ការ​តាមដាន វាយតម្លៃ និង កែ​លម្អ ជា​ប្រចាំ ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​អេកូឡូស៊ី​អប់រំ​នៅ​កម្ពុជា ប្រកបដោយ គុណភាព ប្រសិទ្ធភាព នវានុវត្តន៍ សមធម៌ និង ចីរភាព សំដៅ​ធានា​ដល់​ការ​អភិវឌ្ឍ​ធនធានមនុស្ស ឱ្យ​មាន​ជំនាញ​ខ្ពស់ និង ឥរិយាបថ​ល្អ សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ចំពោះ​មុខ ក៏​ដូច​ជា និន្នាការ​តំបន់ និង សកល ។ ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល គឺ​មិន​ត្រឹមតែ​ផ្តល់​សញ្ញាបត្រ​ដល់​អ្នក​សិក្សា​ប៉ុណ្ណោះ​ទេ​, ប៉ុន្តែ​ត្រូវ​ផ្តល់ ចំណេះដឹង ជំនាញ បទ​ពិសោធ ឱកាស​ការងារ សមត្ថភាព​សម្រប​ខ្លួន និង ឱកាស​រៀនសូត្រ​ពេញ​មួយ​ជីវិត ដើម្បី​ឱ្យ​អ្នក​បញ្ចប់​ការ​សិក្សា អាច​ឈរជើង​ក្នុង​ទីផ្សារ​ការងារ ដែល​កំពុង​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស​, និង អាច​ក្លាយជា​កម្លាំង​ច​លករ​ពិតប្រាកដ​នៃ​ការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ចជាតិ ។

ពាក់ព័ន្ធ​នឹង​កិច្ច​ការពារ​ប្រជាពលរដ្ឋ ពី​បញ្ហា​ប្រឈម​ធំ​ៗ​នា​ពេល​កន្លង​មក ទាំង​ក្នុង​ពេល​មាន​សង្គ្រាម​ឈ្លានពាន និង​គ្រោះ​ធម្មជាតិ (​ទឹកជំនន់​) សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​ថា រាជរដ្ឋាភិបាល នៅ​តែ​ប្រកាន់​នូវ​អភិក្រម​ច្បាស់លាស់​គឺ អាទិភាព​ទី​១ គឺ​ការ​សង្គ្រោះ​ជីវិត​,​អាទិភាព​ទី​២ គឺ​ការ​មើលថែ​សុខទុក្ខ​, ដឹក​ជញ្ជូន​គាត់​ទៅ​កាន់​ទីទួល​សុវត្ថិភាព ព្រមទាំង​ផ្តល់​ជម្រក អាហារ និង​ការ​រស់នៅ​ដោយ​សុវត្ថិភាព និង​អាទិភាព​ទី​៣ គឺ​ការ​ស្តារ​ឡើង​វិញ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ និង​ដំណាំ​កសិកម្ម​។

ឆ្លៀតឱកាស​នោះ​ដែរ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​សម្តែង​ការ​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​អាជ្ញាធរ​រដ្ឋបាល​ខេត្តបាត់ដំបង មន្ទីរ​ជំនាញ មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ អាជ្ញាធរ​ក្រុង​-​ស្រុក​-​ឃុំ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ក្នុង​ខេត្ត ដែល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​យ៉ាង​សកម្ម​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​បាន​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ ទាំង​ក្នុង​ពេល​មាន​សង្គ្រាម​ឈ្លានពាន និង​គ្រោះ​ទឹកជំនន់​។ ព្រម​ជាមួយ​គ្នា​នេះ សម្រាប់​ខេត្តបាត់ដំបង កន្លង​មក​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ធ្វើការ​ជាមួយ ADB លើ​គម្រោង​មូលនិធិ​ឥណទាន ដែល​ចាប់ពី​២០១៩​ដល់​ខែកញ្ញា​២០២៦ បាន​បញ្ចប់​លើ​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ពីរ​ជំហាន​រួច​ហើយ ដែល​មាន​ដូច​ជា ប្រព័ន្ធ​គ្រប់គ្រង​ទឹក​កខ្វក់​,​ទីលាន​ចាក់សំរាម និង​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​ស្អាត​ជាដើម ហើយ​នៅ​ឆាប់​ៗ ខាង​មុខ​នេះ នឹង​ត្រូវ​កសាង និង​ជួសជុល​ផ្លូវ​សំខាន់​ៗ​ចំនួន ២១​ខ្សែ ក្នុង​ក្រុង​បាត់ដំបង​។ បន្ថែម​លើ​នេះ រាជរដ្ឋាភិបាល​ក៏​បាន​អនុម័ត​ថវិកាជាតិ ទាំង​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ ដើម្បី​កសាង​ផ្លូវ​ចំនួន ៧​ខ្សែ​បន្ថែម​ទៀត (​ប្រវែង ១១​គីឡូម៉ែត្រ​) ដោយ​ធ្វើ​ទាំង​ប្រព័ន្ធ​លូ និង​ផ្លូវ​ដំណាលគ្នា ដើម្បី​ធានា​គុណភាព​ប្រើប្រាស់​បាន​យូរអង្វែង​។

មុន​នឹង​បញ្ចប់ សម្ដេច​ធិ​បតី​បាន​គូសបញ្ជាក់​បន្ថែម​ថា គុណ​តម្លៃពិត នៃ “​សន្តិភាព​” គឺ​យើង​បាន​ស្គាល់​កាន់តែ​ច្បាស់​ក្នុង​ពេល​ដែល​យើង​បាន​បាត់បង់​សន្តិភាព ក្នុង​កំឡុង​ពេល​នៃ​សង្គ្រាម​ឈ្លានពាន ហើយ​ប្រជាជន​យើង ដែល​បាន​ជួប​ផ្ទាល់ និង​រង​ផល​ប៉ះពាល់​ផ្ទាល់ ទើប​យល់​ច្បាស់ និង​កាន់តែ​ចង់បាន​សន្តិភាព និង​ផ្តល់​តម្លៃ​យ៉ាង​ធំធេង​សម្រាប់​សន្តិភាព​។

ជាទី​បញ្ចប់ សម្ដេច​ធិ​បតី បាន​មាន​ប្រសាសន៍​ពាក់ព័ន្ធ​នឹង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ ថា អាទិភាព​ចំពោះ​មុខ​របស់​កម្ពុជា គឺ​យើង​នៅ​តែ​ប្រកាន់​ភ្ជាប់ ការ​ដោះស្រាយ ដែល​ផ្អែក​លើ​ច្បាប់​អន្តរជាតិ​, សន្ធិសញ្ញា​, អនុសញ្ញា និង​គោលការណ៍​ដែល​មាន​ស្រាប់​ដើម្បី​ទាមទារ​ទឹកដី​ស្របច្បាប់​របស់​យើង​ត្រឡប់​មក​វិញ​។ ក្នុង​ន័យ​នេះ​ដរាបណា​វិធីសាស្ត្រ នៃ​ការ​ប្រើ​ការទូត និង​យន្ដការ​ច្បាប់​អន្តរជាតិ​នៅ​មាន​ប្រសិទ្ធភាព និង​ជា​ដំណោះស្រាយ​យូរអង្វែង​សម្រាប់​ផ្តល់​ភាព​យុត្តិធម៌ និង​ការ​ប្រគល់​ទឹកដី​យើង​ត្រឡប់​មក​វិញ យើង​នៅ​តែ​បន្ត​ប្រើប្រាស់​មធ្យោបាយ​នេះ​ជា​បន្ត​។ ស្រប​ជាមួយ​គ្នា​នេះ ដើម្បី​ឱ្យ​កិច្ចការ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ជាក់លាក់​, សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​ដល់​ក្រុម​អ្នក​សង្កេតការណ៍​អន្តរជាតិ (AOT) ចុះ​ទៅ​មើល​ការ​វាស់វែង​ដោយ​ផ្ទាល់ និង​ជា​សាក្សី ក្នុង​ដំណើរការ​នៃ​ការ​វាស់វែង​តាម​យន្តការ​JBC ៕