ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​វា.យ​ប្រ.ហារ​រថ​យន្ត​បឺស​របស់​អ៊ុយ​ក្រែន​នៅ​ទី​ក្រុង​ក្រា​ម៉ា​តស់​បណ្ដាល​ឱ្យ​ស្លា.ប់​ម.នុ.ស្ស​៣០​នាក់​

2 ម៉ោង មុន

ទី​ក្រុង​កៀវ៖ គ្រាប់​បែក​ដែល​មាន​ប្រព័ន្ធ​នាំ​ផ្លូវ​ពី​ចម្ងាយ​របស់​រុស្ស៊ី​បាន​ផ្ទុះ​ក្បែរ​រថ​យន្ត​បឺស​មួយ​គ្រឿង​ដែល​ដឹក​មនុស្ស​ពេញ​ប្រៀប​នៅ​ភាគ​ខាង​កើត​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​៣០​នាក់​។ នេះ​ជា​ផ្នែក​មួយ​នៃ​រលក​វាយ​ប្រហារ​ដែល​ធ្វើ​ឱ្យ​មាន​បញ្ហា​ដាច់​ភ្លើង​អគ្គិស​នី​នៅ​ទូទាំង​រដ្ឋ​ធានី​កៀវ​។ ការវាយ​ប្រហារ​នៅ​ពេល​ព្រឹក​ព្រលឹម​នោះ​កើត​មាន​ឡើង​នៅ​ចំណត​រថ​យន្ត​បឺស​មួយ​កន្លែង​នៃ​ទី​ក្រុង​ក្រា​ម៉ា​តស់ (Kramatorsk) ស្ថិត​នៅ​តំបន់​ដូញែត​។ ក្រោយ​ការ​វាយ​ប្រហារ​នេះ សេវា​ដឹក​ជញ្ជូន​សា​ធារណៈ​នៅ​ក្នុង​តំបន់​នោះ​​ត្រូវ​ផ្អាក​ដំណើរ​ការ​។

មេ​បញ្ជា​ការ​យោធា​ប្រចាំ​ទី​ក្រុង​ក្រា​ម៉ា​តស់​ថ្លែង​ថា​គ្មាន​សង្ស័យ​ឡើយ​ថា​រុស្ស៊ី​វាយ​ប្រហារ​លើក​នេះ​មាន​ចេត​នា​ទៅ​លើ​ជន​ស៊ីវិល​។ សកម្ម​ភាព​ជួយ​សង្គ្រោះ​ត្រូវ​ប្រឈម​នឹង​បញ្ហា​ពិបាក​ដោយ​សារ​រុស្ស៊ី​វាយ​ប្រហារ​ជា​បន្ត​បន្ទាប់​ទៀត​ទៅ​លើ​ទី​តាំង​ដដែល​ដោយ​ប្រើ​ប្រាស់​ដ្រូន​។ រុស្ស៊ី និង​អ៊ុយ​ក្រែន​កំពុង​ប្រឡូក​នៅ​ក្នុង​សង្គ្រាម​វាយ​ប្រហារ​គ្នា​ពី​ចម្ងាយ​តាម​អាកាស​។ ចំណែក​សង្គ្រាម​ទ័ព​ជើង​គោក​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ទ្រឹង​មួយ​កន្លែង​ព្រោះ​ភាគី​ទាំង​២​មិន​សូវ​សម្រុក​ទៅ​មុខ​ទេ​។ ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ រុស្ស៊ី​សម្រុកវាយ​ប្រហារ​កាន់​តែ​ខ្លាំង​ដើម្បី​ដាក់​សម្ពាធ​អ៊ុយ​ក្រែន​ដែល​ត្រៀម​ខ្លួន​សម្រាប់​រដូវ​រងា​។

រុស្ស៊ី​វាយ​ប្រហារ​ហេដ្ឋារចនា​សម្ព័ន្ធ​ដែល​ជួយ​ទ្រទ្រង់​សេដ្ឋ​កិច្ច​ដែល​រង្គោះ​រង្គើ​ដោយ​សារ​សង្គ្រាម​។ គោល​ដៅ​ចុង​ក្រោយ​នេះ​គឺ​ប្រព័ន្ធ​ផលិត​ថាម​ពល​ ឧស្សាហ​កម្ម​សំខាន់​ៗ ស្ថានីយ​រថ​ភ្លើង ប៉ុស្តិ៍​ប្រៃសណីយ៍​ ផ្សារ​លក់​ទំនិញ បណ្ដាញ​ទូរ​គមនាគមន៍​ ស្ថានីយ​ប្រេង​ឥន្ធនៈ និង​ទី​តាំង​នាំ​ចេញ​គ្រាប់​ធញ្ញ​ជាតិ​។ ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នោះ​កើត​ឡើង​បន្ទាប់​ពីរុស្ស៊ី​វាយ​ប្រហារ​ដោយ​មីស៊ីល​សម្លាប់​មនុស្ស​២២​នាក់​នៅ​ទី​ក្រុង​ព្រី​លូគី (Pryluky)។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​បន្ត​រើក​កាយ​គំនរ​បាក់​បែក​ដើម្បី​ស្វែង​រក​អ្នក​​ដែល​អាច​នៅ​រស់​រាន​មាន​ជីវិត​។ មនុស្ស​យ៉ាង​តិច​៥៤​នាក់​រង​របួស​។ អ្នក​ដែល​រួច​ផុត​ពី​សេចក្ដី​ស្លាប់​ត្រូវ​តែ​បន្ត​ស្នាក់​នៅ​ក្នុង​អគារ​បាក់​បែក​ព្រោះ​ពួក​គេ​គ្មាន​កន្លែង​រស់​នៅ​​ទេ​។ លោក​ហ្សេឡិនស្គី​បាន​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​ព្រី​លូគី​ជា​មួយ​រដ្ឋ​មន្ត្រី​ការ​បរទេស​អង់​គ្លេស​ដែល​អំពាវ​នាវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌ​កម្ម​រុស្ស៊ី​បន្ថែម​ទៀត​។ លោក​ហ្សេឡិនស្គី​ថ្លែង​ថា​រុស្ស៊ី​នឹង​បង្កើន​ការ​វាយ​ប្រហារ​​កាន់​តែ​ខ្លាំង​ឡើង​ៗ​ដោយ​មីស៊ីល​ និង​ដ្រូន​នៅ​ពេល​រដូ​វ​រងា​កាន់​ខិត​ចូល​មក​ដល់​។​ ហេតុ​នេះ​ លោក​ស្នើ​សុំ​យ៉ាង​ទទូច​ទៅ​បណ្ដា​ប្រទេស​សមាជិក​អង្គ​ការ​ណាតូ​សូម​ផ្ដល់​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​បន្ថែម​ទៀត​៕ ប្រភព៖ AP