អភិបាលខេត្តប៉ៃលិន ណែនាំមន្ត្រីជំនាញឱ្យជួសជុលផ្លូវដែលរងការខូចខាតដោយគ្រោះទឹកជំនន់ឡើងវិញ
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ ដោយមានការចង្អុលបង្ហាញពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន រហូតមកដល់ថ្ងៃទីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ មន្ត្រីនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត កំពុងមមាញឹកក្នុងការជួសជុលផ្លូវថ្នល់ជាបន្ទាន់ ដែលបានទទួលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងទៅ ដើម្បីជៀសវាងការទុកចោលយូរ បណ្តាលឱ្យរងការខូចខាតកាន់តែធ្ងន់ធ្ងរឡើងៗ ។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ក្រោយការវាយប្រហារដោយសារជំនន់ទឹកភ្លៀង បង្កឱ្យខូចខាតផ្លូវជាច្រើនទើបរដ្ឋបាលខេត្តប៉ៃលិនចាត់ឲ្យខាងមន្ទីរសាធារណការខេត្ត ស្ថាបនាអ៊ុតកៅស៊ូកំណាត់ផ្លូវទាំងនោះ ដើម្បីសម្រួលចរាចរណ៍ ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បាននិងកំពុងដំណើរការចុះស្ថាបនាអ៊ុតកៅស៊ូបន្ថែមលើកំណាត់ផ្លូវវ ដែលខូចជាជង្ហុកតូចធំដូចសំបុកមាន់លំបាកធ្វើដំណើរ ។
ប្រភពព័ត៌មានបញ្ជាក់ថា ការអនុវត្តគម្រោងជួសជុលហេដ្ឋារចនាសម្ព័ន្ធនេះ ធ្វើឡើងស្របតាមការណែនាំ និងចង្អុលបង្ហាញ ពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ក្នុងគោលបំណងលើកកម្ពស់គុណភាពផ្លូវថ្នល់ ធានាបាននូវសុវត្ថភាពដល់ការធ្វើដំណើរ ការដឹកជញ្ជូន និងការបង្កើនផ្នែកសោភ័ណភាពតំបន់ទេសចរណ៍ឱ្យកាន់តែទាក់ទាញវត្ត។ ក្នុងសកម្មភាពនេះ ក្រុមការងារជំនាញបានចល័តគ្រឿងចក្រ និងកម្លាំងបច្ចេកទេស ចុះសម្អាតផ្ទៃផ្លូវ និង អ៊ុតស្រោបកៅស៊ូតាមស្តង់ដារបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាបាននូវគុណភាពយ៉ាងរឹងមាំ ធន់ទៅនឹងការប្រើប្រាស់ និងរក្សាអាយុកាលយូរអង្វែង ។
កំណាត់ផ្លូវវាងក្រុងដ៏សំខាន់នេះ មិនត្រឹមតែជួយសម្រួលដល់ការដឹកជញ្ជូនកសិផល ប៉ុណ្ណោះទេ តែជាពិសេសទៅទៀតនោះ គឺដឹកផ្លែតាង៉ែន (មៀនប៉ៃលិន) ចេញពីរោងចក្រសម្ងួតទៅកាន់ទីផ្សារ ហើយថែមទាំងផ្តល់ភាពងាយស្រួល សុវត្ថិភាពខ្ពស់ដល់អ្នកធ្វើដំណើរ កការដឹកជញ្ជូនផលដំណាំផ្សេងៗរបស់ប្រជាកសិករ និងការធ្វើដំណើរកំសាន្តរបស់ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ ដែលមកទស្សនាតំបន់រមណីយដ្ឋាន និងកន្លែងផ្សេងៗទៀត ក្នុងខេត្តប៉ៃលិនផងដែរ ។
សូមបញ្ជាក់ថា ផ្លូវជាច្រើនខ្សែ ត្រូវបានរដ្ឋបាលខេត្តរៀបចំជួសជុល និងកសាងឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋនៅក្នុងខេត្តប៉ៃលិន៕








ចែករំលែកព័តមាននេះ