កម្មករជាង៣០នាក់ឆោឡោក្រោយថៅកែសិប្បកម្មរត់ចោល មិនបើកប្រាក់ឈ្នួលឲ្យ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កម្មករ-កម្មការិនីជាង៣០នាក់ បានសម្ដែងការភ្ញាក់ផ្អើលនិងកើតទុក្ខមិនសុខចិត្ត ខណៈធ្វើការសុខៗស្រាប់តែលេចឮដំណឹងថា ថៅកែជនជាតិចិន២នាក់ប្ដីប្រពន្ធ បានវេចបង្វិចរត់ចោលពួកគាត់បាត់ ដោយមិនបានបើកប្រាក់ឈ្នួល ឬប្រាក់អតីតភាពការងារ និងប្រាក់បំណាច់ផ្សេងៗឲ្យនៅឡើយ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅចំណុចសិប្បកម្មកាត់ដេរមួយកន្លែងយីហោ «គួរឆាយ» ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
កម្មករបាននិយាយថា ពួកគាត់បានធ្វើការងារនៅក្នុងសិប្បកម្មខាងលើយូរមកហើយដោយអ្នកខ្លះទទួលបានប្រាក់ឈ្នួលក្នុង១ខែចំនួន៦០ម៉ឺនរៀល និងអ្នកខ្លះទៀតចំនួន៨០ម៉ឺនរៀលប៉ុណ្ណោះ ហើយខែមុនៗថៅកែជនជាតិចិនបានបើកប្រាក់ឈ្នួលឲ្យគ្រប់ចំនួនជាធម្មតា ។ លុះដល់ក្នុងខែសីហានេះពួកគាត់បានខំប្រឹងធ្វើការមិនសន្សំសំចៃកម្លាំងទេ ស្រាប់តែចុងខែទៅហើយ ក៏ទទួលដំណឹងថាថៅកែដាក់មេប្រូចចោលពួកគាត់បាត់រយៈពេល៣ទៅ៤ថ្ងៃមកហើយ ខលរកក៏មិនចូលដែរ ។
កម្មករបាននិយាយបន្តទៀតថា នៅពេលថៅកែរត់ចោលដោយមិនបានបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗតាមច្បាប់ការងារបែបនេះ បានធ្វើឲ្យពួកគាត់ជួបទុក្ខលំបាកយ៉ាងខ្លាំង ។ ព្រោះគ្មានប្រាក់សម្រាប់ទូទាត់ថ្លៃជួលបន្ទប់ស្នាក់នៅ ថ្លៃទឹកថ្លៃភ្លើង ថ្លៃធ្វើដំណើរ និងការចំណាយចំណាយក្នុងការហូបចុកប្រចាំថ្ងៃឡើយ ទើបពួកគាត់នាំគ្នាប្រមូលផ្ដុំនៅមុខសិប្បកម្មតែម្ដង ។
ដើម្បីសុំឲ្យអាជ្ញាធរមូលដ្ឋានក៏ដូចជាមន្ទីរនិងសួងការងារជួយរកដំណោះស្រាយ ប្រមូលយកម៉ាស៊ីនសង្វាក់ផលិតកម្មដែលថៅកែបន្សល់ទុកនៅក្នុងសិប្បកម្មនោះលក់ឡៃឡុងយកប្រាក់បើកជូនពួកគាត់ផង ។
ទាក់ទងទៅនិងហេតុការណ៍ខាងលើនោះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានដឹងនិងរាយការណ៍ជូនថ្នាក់លើហើយ ប៉ុន្តែនៅពុំទាន់ដឹងនៅឡើយថា តើអាជ្ញាធរនិងមានចំណាត់ការលើរឿងនេះ ដោយរបៀបណានោះទេ ៕











ចែករំលែកព័តមាននេះ