ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីភ្នាក់ងារ​សម្ងាត់​អា​មេ​រិ​ក​បើ​ក​ការ​ស៊ើបអង្កេត ក្រោយ​កូនពៅ​លោក ត្រាំ ក្លាយជា​គោលដៅ​ធ្វើឃា.ត​ថ្មី​របស់​អ៊ី​រ៉​ង់

2 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ទីភ្នាក់ងារ​សម្ងាត់​សហរដ្ឋអាមេរិក (U.S. Secret Service) កាលពី​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​សហរដ្ឋអាមេរិក​) កំពុង​ស៊ើបអង្កេត ក្រោយ​បាន​បញ្ជាក់​ជា​ផ្លូវការ​ថា ខ្លួន​បានដឹង​អំពី​វី​ដេ​អូ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ី​រ៉​ង់ ដែល​បង្ហាញ​ពី​ការ​គំរាមកំហែង​ដល់​អាយុជីវិត​របស់​លោក បា​រ៉ុ​ន ត្រាំ (Barron Trump) ដែល​ជា​កូនប្រុស​ពៅ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump)​។ នេះ​បើ​តាម​ប្រភព​ពី CNN បាន​ចេញផ្សាយ​។

អ្នកនាំពាក្យ​ទីភ្នាក់ងារ​សម្ងាត់​អា​មេ​រិ​ក លោក Nate Herring បាន​ប្រាប់ CNN នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​ទីភ្នាក់ងារ​សម្ងាត់​បានដឹង​អំពី​វី​ដេ​អូ​នោះ ហើយ​ក៏​កំពុង​ស៊ើបអង្កេត​រាល់​អ្វី​ៗ​ទាំងអស់​ដែល​អាច​ចាត់​ទុក​ថា ការ​គំរាមកំហែង​ដល់​បុគ្គល​ដែល​ត្រូវ​យើង​ការពារ ហើយដោយ​សារ​ក្តី​បារម្ភ​លើ​សន្តិសុខ​ប្រតិបត្តិការ ដូច្នេះ​យើង​មិន​អាច​ពិភាក្សា​អំពី​បញ្ហា​ព័ត៌មាន​សម្ងាត់​នៃ​កិច្ច​ការពារ​នោះ​ទេ​។

វី​ដេ​អូ​ដែល​មាន​រយៈពេល​ជិត​៣​នាទី​នោះ បាន​ចាប់ផ្តើម​ជាមួយ​រូបភាព​ជា​ភាសា​អង់គ្លេស​ដែល​សរសេរ​ថា «​តើ​ត្រូវ​សម្លាប់ Barron Trump នៅ​កន្លែង​ណា0x017d7​!» ហើយ​បាន​បង្ហាញ​រូប​ច្នៃប្រឌិត​ពី​ទីតាំង​នានា​ដែល​គេ​ដឹង​ជា​សាធារណៈ​ថា កូនប្រុស​ពៅ​របស់​លោក ត្រាំ រូប​នេះ បាន​ចំណាយពេល​នៅ​ទីនោះ រួម​ទាំង​អគារ Trump Tower ក្នុង​ទីក្រុង​ញូ​វ​យ៉​ក​ផង​ដែរ​។ ជាង​នេះ​ទៀត នៅ​ជិត​បញ្ចប់​វី​ដេ​អូ អ្នក​អត្ថាធិប្បាយ​បាន​និយាយ​ថា «​មនុស្ស​ម្នា​កំពុង​ទន្ទឹងរង់ចាំ​យ៉ាង​អន្ទះសារ ដើម្បី​ទទួល​បាន​ប្រាក់​រង្វាន់ ១០ លាន​ដុល្លារ​អា​មេ​រិ​ក​របស់​យើង​»​។

វី​ដេ​អូ​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ចុង​ស​ប្តា​ហ៍​មុន ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ី​រ៉​ង់ IRIB ដែល​មាន​និន្នាការ​ទៅ​រក​ក្រុម​អភិរក្សនិយម​ជ្រុល​នៅ​ក្នុង​របប​ដឹកនាំ​អ៊ី​រ៉​ង់ ខណៈ​ប្រធាន​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​នេះ ត្រូវ​បាន​តែងតាំង​ដោយ​ផ្ទាល់​ដោយ​មេដឹកនាំ​កំពូល​របស់​អ៊ី​រ៉​ង់​តែ​ម្តង​។

ប្រភព​អនុវត្ត​ច្បាប់​សហព័ន្ធ​មួយ​បាន​ប្រាប់​ទូរទស្សន៍ CNN ថា វី​ដេ​អូ​នោះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ផ្សព្វផ្សាយ​វី​ដេ​អូ​មក​ពី​ប្រទេស​អ៊ី​រ៉​ង់ ដែល​កំណត់​គោលដៅ​លើ​ក្រុម​គ្រួសារ​លោក ត្រាំ និង​ខ្លួន​លោក​ផ្ទាល់​តែ​ម្តង​។ វី​ដេ​អូ​ខ្លះ​រួម​មាន​ព័ត៌មាន​លម្អិត​អំពី​ការ​ធ្វើ​ដំណើរ និង​ការ​ផ្តល់​យោបល់​សម្រាប់​ការ​សម្លាប់​សមាជិកគ្រួសារ​លោក​ផង​ដែរ​។ ប្រភព​ដដែល​បាន​បន្ថែម​ថា ប្រតិបត្តិការ​ការពារ​ត្រូវ​បាន​ផ្លាស់​ប្តូរ និង​កែសម្រួល​ជា​បន្តបន្ទាប់ ដោយ​ផ្អែក​លើ​ព័ត៌មាន​សន្តិសុខ​ជា​ច្រើន​ពី​ទីភ្នាក់ងារ​សម្ងាត់​អា​មេ​រិ​ក ក៏​ដូច​ជា​ភ្នាក់ងារ​ផ្សេង​ទៀត រួម​ទាំង​ប៉ូលិស និង​បណ្តា​ប្រទេស​ដទៃ​ទៀត​ផង​ដែរ​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ី​រ៉​ង់​បាន​បង្ហាញ​ខ្លឹមសារ​គំរាមកំហែង​ជីវិត​របស់​លោក​ប្រធានាធិបតី ត្រាំ និង​ក្រុម​គ្រួសារ​លោក​ជា​បន្តបន្ទាប់ បន្ទាប់​ពី​ការ​ធ្វើឃាត​អតីត​មេដឹកនាំ​កំពូល​របស់​ខ្លួន​គឺ​លោក អា​យ៉ា​តូ​ឡា អា​លី ខា​មេ​នី (Ayatollah Ali Khamenei) រួម​ទាំង​សមាជិកគ្រួសារ​របស់​លោក​ជា​ច្រើន​រូប​ផ្សេង​ទៀត នៅ​ដើមដំបូង​នៃ​សង្គ្រាម​រវាង​សហរដ្ឋអាមេរិក​-​អ៊ី​ស្រា​អែ​ល ជាមួយនឹង​អ៊ី​រ៉​ង់ កាលពី​ខែកុម្ភៈ​។ ទោះ​យ៉ាងណា​ក៏​ដោយ ការ​គំរាមកំហែង​ថ្មី​ៗ​នេះ ហាក់ដូចជា​លើក​ទី​១​ហើយ​ដែល​កូនប្រុស​ពៅ​របស់​លោក ត្រាំ ត្រូវ​បាន​កំណត់​មុខសញ្ញា​ចំ​ៗ​ជា​សាធារណៈ​បែប​នេះ​៕