ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១០​ថ្ងៃ​! ឃាត់ខ្លួន​មនុស្ស​ជិត ១៣០​នាក់​ បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​បទល្មើស​ក្មេ.ង​ទំនើ.ង និង​ល្បែ.ងស៊ីស.ង​

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ក្នុង​រយៈពេល​១០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១១ រហូត​ដល់​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៦ មាន​ក្មេង​ទំនើង និង​ជន​ងប់​ល្បែង ជិត​១៣០​នាក់ ត្រូវ​បាន​ត្រូវ​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​។​នេះ​បើ​តាម​របាយការណ៍​ក្រសួងមហាផ្ទៃ​។

ប្រភព​បាន​លើក​ឡើង​ថា​ក្នុង​ចំណោម​ករណី​សរុប ករណី​ក្មេង​ទំនើង​មាន​២៧​ករណី ដោយ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​១១៩​នាក់​បញ្ជូន​ទៅ​តុលាការ ខណៈ​ករណី​ល្បែងស៊ីសង​មាន​១០​ករណី ឃាត់ខ្លួន​មនុស្ស​១៧​នាក់ ក្នុង​នោះ​បញ្ជូន​ទៅ​តុលាការ​១០​នាក់ និង​អប់រំ​ណែនាំ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​៧​នាក់​។

បើ​តាម​របាយការណ៍ មូលដ្ឋាន​ដែល​សមត្ថកិច្ច​បង្ក្រាប​ករណី​ក្មេង​ទំនើង រួម​មាន រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ព្រះ​សីហ​នុ ក្រចេះ រតនគិរី និង​ខេត្តស្វាយរៀង ខណៈ​ករណី​ល្បែងស៊ីសង​វិញ មាននៅ​ខេត្តកណ្តាល កំពត កំពង់ចាម និង​ខេត្តស្វាយរៀង​។

យោង​តាម​ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​ល្បែង ស៊ីសង អ្នកលេង​ល្បែង​ប្រឈម​ការ​ផ្ដន្ទា​ទោសពិន័យ​ប្រាក់ ឬ​ដាក់​ពន្ធនាគារ​ពី ១​ថ្ងៃ ដល់ ១​ខែ (​ឬ​ទាំង​ពីរ​) ខណៈ​អ្នក​បើក អ្នក​ចាត់ចែង​វង់ល្បែង​ប្រឈម​ការ​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំ ដល់​៥​ឆ្នាំ និង​ពិន័យ​ប្រាក់​ពី ៥​លាន ដល់ ២០​លាន​រៀល​។

ពាក្យ​ថា «​ក្មេង​ទំនើង​» មិនមែន​ជា​ពាក្យ​បច្ចេកទេស ដែល​មាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​ដោយ​ផ្ទាល់​នោះ​ទេ ប៉ុន្តែ​ទ​ង្វើ​ដែល​ក្មេង​ទំនើង​ភាគច្រើន​ប្រព្រឹត្ត ត្រូវ​ទទួលទោស​ទណ្ឌ​យ៉ាង ធ្ងន់ធ្ងរ​តាម ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅ​តាម​ប្រភេទ​បទល្មើស​។

ប្រភេទ​បទល្មើស និង​ទោស រួម​មាន បទ​ហិង្សា​ដោយ​ចេតនា ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ដល់ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន ដល់ ៦​លាន​រៀល បទ​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា ដូច​ជា​ការ​កាប់​បំផ្លាញ​ម៉ូតូ ឡាន ឬ​ទ្រព្យសម្បត្តិ​សាធារណៈ​/​ឯកជន ដាក់​ពន្ធនាគារ​ពី ៦​ខែ ដល់ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន ដល់ ៤​លាន​រៀល​។

ក្រៅពី​នេះ ប្រសិនបើ​ការ​ដេញ​កាប់​គ្នា​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់ ឬ​មាន​ចេតនា​សម្លាប់ ដោយ​ត្រូវ​ចោទប្រកាន់​ពី​បទ «​ឃាតកម្ម​» ឬ «​ប៉ុនប៉ង​ឃាតកម្ម​» ប្រឈម​មុខ​នឹង​ការ​ដាក់​ពន្ធនាគារ​ពី ១០​ឆ្នាំ ដល់ ២០​ឆ្នាំ និង​ប្រសិនបើ​យក​តាម​ខ្លួន​នូវ​ដាវ កាំបិត កែ​ច្នៃ ឬ​អាវុធ​ផ្សេង​ៗ​ក្នុង​បំណង​បង្ក​ហិង្សា អាច​នឹង​ដាក់​ពន្ធនាគារ​ពី ៦​ខែ ដល់ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​៕