សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការគេងថ្ងៃរយៈពេលខ្លីនៅដើមរសៀល អាចជួយស្តារថាមពល បង្កើនភាពស្រស់ស្រាយ អារម្មណ៍ និងសមត្ថភាពផ្តោតអារម្មណ៍។ ប៉ុន្តែការគេងយូរពេកអាចធ្វើឱ្យភ្ញាក់ឡើងមានអារម្មណ៍ធ្ងន់ក្បាល ងងុយ និងកាន់តែអស់កម្លាំង។
អ្នកជំនាញផ្នែកដំណេកណែនាំថា ការគេងថ្ងៃប្រហែល ២០ នាទី អាចជាជម្រើសសមស្របសម្រាប់មនុស្សភាគច្រើន។ រយៈពេលខ្លីនេះអាចជួយឱ្យរាងកាយសម្រាក និងស្តារថាមពល ដោយកាត់បន្ថយឱកាសចូលទៅក្នុងដំណាក់កាលដំណេកជ្រៅ។
ផ្ទុយទៅវិញ ប្រសិនបើគេងថ្ងៃយូរពេក រាងកាយអាចចូលទៅក្នុងដំណេកជ្រៅ ហើយការភ្ញាក់នៅពាក់កណ្តាលដំណាក់កាលនេះអាចបណ្តាលឱ្យមានអារម្មណ៍ស្រពិចស្រពិល ធ្ងន់ក្បាល និងមិនស្រស់ស្រាយ។ បាតុភូតនេះត្រូវបានគេហៅថា ថ្ងៃជាន់។
ពេលវេលាគេងក៏សំខាន់មិនចាញ់រយៈពេលដែរ។ គួរគេងនៅដើមរសៀល និងល្អបំផុតមុនម៉ោង ២–៣ រសៀល ព្រោះការគេងយឺតពេកអាចធ្វើឱ្យយប់ឡើងពិបាកងងុយ និងប៉ះពាល់ដល់គុណភាពដំណេក។
ដើម្បីឱ្យការគេងថ្ងៃមានប្រយោជន៍ គួរជ្រើសរើសកន្លែងស្ងាត់ ស្រួល និងមានពន្លឺតិច ហើយអាចដាក់ម៉ោងរោទ៍ ដើម្បីកុំឱ្យគេងលើសពេលដែលបានកំណត់។
សរុបមក គេងថ្ងៃមិនមែនកាន់តែយូរកាន់តែល្អទេ។ ការគេងប្រហែល ២០ នាទីនៅដើមរសៀល អាចជួយឱ្យរាងកាយស្តារថាមពល និងបង្កើនភាពស្រស់ស្រាយ ដោយមិនសូវប៉ះពាល់ដល់ដំណេកពេលយប់។ ប្រសិនបើអ្នកមានអាការៈងងុយខ្លាំងជាប្រចាំនៅពេលថ្ងៃ ទោះបីគេងគ្រប់គ្រាន់នៅពេលយប់ក៏ដោយ គួរពិគ្រោះជាមួយអ្នកជំនាញសុខភាព៕
ចែករំលែកព័តមាននេះ