ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​ គ្រោង​សាងសង់​កំពង់​ផែ​ពហុ​បំណង​នៅ​ក្រចេះ​ ដើម្បី​ជំរុញ​សក្តានុពល​សេដ្ឋកិច្ច​នៅ​ភូមិភាគ​ឦសាន

5 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​ដើម្បី​ជួយ​ជំរុញ​សក្ដានុពល​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ស្ថិត​នៅ​ភូមិភាគ​ឦសាន​ឱ្យ​មាន​សម្ទុះ​ខ្លាំងក្លា​ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ប្រកាស​ថា​ នឹង​បង្កើត​កំពង់​ផែ​ពហុ​បំណង​នៅ​ក្នុង​ខេត្តក្រចេះ ដែល​អាច​នឹង​ធ្វើ​ឱ្យ​វិស័យ​ពាណិជ្ជកម្ម​សេដ្ឋកិច្ច ក្នុង​ខេត្ត​ភូមិភាគ​ឦសាន​មាន​ភាព​ប្រទាក់ក្រឡា​គ្នា ​។

ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំណាត់​ផ្លូវជាតិ​លេខ​៧៣ ផ្លូវ​ខេត្ត​លេខ​៣៧៧ និង​ផ្លូវ​ខេត្ត​លេខ​៣៧៧A ក្រោម​ឥណទាន​សម្បទាន​ពី​ធនាគារ​ពិភពលោក នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៦ ​នៅ​ខេត្តក្រចេះ សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បានឱ្យ​ដឹង​ថា ខេត្ត​នៅ​ភូមិភាគ​ឦសាន​ ថ្វី​ត្បិត​តែ​សក្ដានុពល​ខុស​គ្នា តែ​ការ​កសាង​កំពង់​ផែ​ពហុ​បំណង​នៅ​ខេត្តក្រចេះ​ នឹង​ធ្វើ​ឱ្យ​ខេត្ត​ទាំងនេះ​ពង្រឹង​សក្ដានុពល​ត​ភ្ជាប់​គ្នា និង​អាច​វិនិយោគ​រួម​គ្នា​ ។

សម្ដេច​ធិ​បតី ​នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​យ៉ង​ដូច្នេះ​ថា ​៖ «​បន្តិចទៀត​យើង​ធ្វើ​កំពង់​ផែ​ពហុ​បំណង​នៅ​ក្រចេះ ព្រោះ​ក្រចេះ​នៅ​ក្នុង​ខេត្ត​ទាំង​បួន​ហ្នឹង ​គឺ​យើង​គិត​មើល​គឺ​ខេត្ត​មាន​សក្ដានុពល​ច្រើន ចឹ​ង​មិនមែន​ខាង​ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី កុំ​ច្រណែន​គេ យើង​ក៏​មាន​សក្ដានុពល​បស់​យើង​ដែរ យើង​សក្ដានុ​ពល​តំបន់​ភ្នំ តំបន់​មាន​ធនធានធម្មជាតិ​មួយ​ចំនួន ចឹ​ង​ក្រចេះ​មាន​តំបន់​រាប​ច្រើន មាន​ផ្ទៃដី​អាច​ធ្វើ​ឧស្សាហកម្ម តែ​ប្រទាក់ក្រឡា​គ្នា កន្លែង​ខ្លះ​អាច​ផ្គុំ​គ្នា​រឿង​ទេសចរណ៍​អី​ផ្សេង​ៗ ចឹ​ង​សុទ្ធតែ​សក្ដា នុ​ពល​អាច​ធ្វើ​បាន ហើយ​នៅ​កន្លែង​នេះ​ជា​តំបន់​ត​ភ្ជាប់​ច្រើន​» ​។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២៦ ក្រុមការងារ​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន «​ក​.​វ​.​ឦសាន​» ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហ៊ាន សា​ហ៊ី​ប ទីប្រឹក្សា​សម្តេច​មហា​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន បាន​រៀបចំ​កិច្ច​ជំនួប​ពិភាក្សា​ជាមួយ​ធុរជន​ដើម្បី​ជំរុញ​ការ​អនុវត្ត «​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ទាំង​បួន​នៅ​ភូមិភាគ​ឦសាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​២០២៥-២០២៨» និងផ្សព្វផ្សាយ​អំពី​វិសាលភាព​នៃ​កម្មវិធី​ពិសេស​។

អង្គប្រជុំ​បាន​ស្តាប់​នូវ​បទ​បង្ហាញ អំពី​ទិដ្ឋភាព​បច្ចេកទេស​ទាក់ទង​នឹង​អត្ថប្រយោជន៍​នៃ​ការ​លើកទឹកចិត្ត និង​ការ​សម្រួល​នីតិវិធី ដែល​កម្មវិធី​ពិសេស​អាច​ផ្តល់​ជូន តួយ៉ាង​ដូច​ជា​ការ​ផ្តល់​ការ​គាំទ្រ​ពិសេស​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ដោយ​បាន​បន្ធូរបន្ថយ​លក្ខខណ្ឌ​នៃ​ទំហំ​ទុន​វិនិយោគ​អប្បបរមា ចាប់ពី ១០​ម៉ឺន​ដុល្លារ​អាម៉េរិក​ឡើង​ទៅ គឺ​អាច​ស្នើ​សុំ​គោលការណ៍​វិនិយោគ​ពី ក​.​វ​.​ឦសាន ដើម្បី​ចុះបញ្ជី​ជា គ​.​ល​.​គ​. បាន​។

លើស​ពី​នេះ សម្រាប់​សកម្មភាព​ធុរកិច្ច​ដែល​កំពុង​ដំណើរការ​ក្នុង​ខេត្ត​ទាំង​បួន តែ​មិន​ទាន់​បាន​ចុះបញ្ជី​ពន្ធដារ ក៏​អាច​ចុះបញ្ជី​ពន្ធដារ​ដោយ​ស្ម័គ្រចិត្ត រហូត ដល់​ដំណាច់ឆ្នាំ​២០២៦ ហើយ​ទទួល​បានការ​លើកលែង​នូវ​ពិន័យ​ទោសទណ្ឌ បំណុល​ពន្ធ និង​ការ​ផាកពិន័យ​ជា​ប្រាក់​ចំពោះ​ការ​មិន​បាន​បំពេញ​អនុលោម​ភាព​កន្លង​មក​ផង​ដែរ​៕