ទីក្រុងវ៉ាស៊ីនតោន៖ ក្រសួងការបរទេសអាមេរិកត្រៀមបញ្ជូនបុគ្គលិកទូតត្រឡប់ទៅបម្រើការងារនៅនៅមជ្ឈិមបូព៌ាវិញបន្ទាប់ពីពួកគេជម្លៀសខ្លួនមុនពេល និងអំឡុងពេលផ្ទុះសង្គ្រាមអ៊ីរ៉ង់។ បើដូច្នេះមែនមានន័យថារដ្ឋាភិបាលរបស់លោកត្រាំរំពឹងថាសង្គ្រាមទ្រង់ទ្រាយធំដូចកាលពីមុននឹងមិនវិលត្រឡប់មកវិញសាជាថ្មីទេ។ យោងតាមឯកសារផ្ទៃក្នុងរបស់ក្រសួងការបរទេសអាមេរិក បុគ្គលិកទូតរបស់ខ្លួនអាចវិលត្រឡប់ទៅវិញនៅសប្ដាហ៍នេះ។ មន្ត្រីរដ្ឋាភិបាលអាមេរិកបីនាក់ក៏បានបញ្ជាក់ថានេះគឺជារឿងពិត។ ដូច្នេះ ទោះបីការចរចាគ្នារវាងអាមេរិក និងអ៊ីរ៉ង់ដើម្បីបញ្ចប់សង្គ្រាមនៅជាប់គាំងយ៉ាងណាក្ដីក៏បុគ្គលិកទូតត្រូវតែវិលត្រឡប់ទៅបំពេញការងារវិញ។ ស្ថានទូតដែលត្រៀតបើកដំណើរការដោយមានមន្ត្រីកម្រិតខ្ពស់ប្រចាំការមានដូចជាអ៊ីស្រាអែល លីបង់ អារ៉ាប៊ីសាអូឌីត កាតា ហ្សកដង់ អូម៉ង់ អ៊ីរ៉ាក់ និងគូវែត។

នៅក្នុងឯកសារនោះ ក្រសួងការបរទេសសរសេររៀបរាប់ថាខ្លួនកំពុងពិនិត្យមើលប្រព័ន្ធសន្តិសុខនៅ តាមស្ថានបេសកកម្មការទូតនៅទូទាំងពិភពលោក។ ផ្អែកលើការវាយតម្លៃលើកចុងក្រោយរបស់យើង យើងសម្រេចកែសម្រួលចំនួនបុគ្គលិកទូតដែលត្រូវបំពេញការងារនៅមជ្ឈិមបូព៌ាដើម្បីធានាថាយើងនឹងបន្តអនុវត្តតាមគោលដៅនៃនយោបាយការបរទេសរបស់យើង ហើយទន្ទឹមនឹងនោះបន្តថែរក្សាសុវត្ថិភាព និងសន្តិសុខរបស់បុគ្គលិក។ មួយថ្ងៃមុនពេលផ្ទុះសង្គ្រាមអ៊ីរ៉ង់ បុគ្គលិកស្ថានទូតធម្មតានៅយេរូសាឡឹម និងក្រុមគ្រួសាររបស់ពួកគេអាចចាកចេញពីអ៊ីស្រាអែលក្រោមការរ៉ាប់រងថ្លៃចំណាយពីរដ្ឋាភិបាល។ កន្លងផុតទៅជាច្រើនសប្ដាហ៍ ក្រសួងការបរទេសអាមេរិកចេញបញ្ជាឱ្យជម្លៀសស្ថានបេសកកម្មទាំងអស់ទូទាំងមជ្ឈិមបូព៌ាព្រោះអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តអ៊ីរ៉ង់វាយប្រហារដោយដ្រូន និងមីស៊ីលទៅលើស្ថានទូតអាមេរិកនៅអារ៉ាប៊ីសាអូឌីត គូវែត អ៊ីរ៉ាក់ និងកន្លែងដទៃទៀត។

បុគ្គលិកទូតដែលទទួលការចាត់តាំងទៅបំពេញការងារនៅប្រទេសទាំងនោះត្រូវកែសម្រួលមកធ្វើការពីផ្ទះវិញ។ មន្ត្រីរដ្ឋាភិបាលបម្រើការនៅក្រសួងការបរទេសអះអាងថាការដែលអាមេរិកបញ្ជូនបុគ្គលិកទូតត្រឡប់ទៅវិញបែបនេះជាការឆ្លុះបញ្ចាំងថាភាពតានតឹងចាប់ផ្ដើមធូរស្បើយជាងមុន។ អាមេរិកជឿជាក់ថាសង្គ្រាមចាប់ផ្ដើមថយចុះ។ ខាងលើនេះជាប្រសាសន៍លោកដាន់ សាពីរ៉ូ (Dan Shapiro) ជាអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសអ៊ីស្រាអែលកាលពីជំនាន់លោកអូបាម៉ាកាន់អំណាច ហើយក្រោយមកលោកកាន់តំណែងជាបុគ្គលិកក្រសួងការពារជាតិជំនាន់លោកបៃដិន។ អ្នកការទូតដែលត្រូវវិលត្រឡប់ទៅមុនគេគឺស្ថានទូតអាមេរិកនៅលីបង់។ ប៉ុន្តែសម្រាប់ដំណាក់កាលដំបូង ស្ថានទូតមិនទាន់មានបុគ្គលិកបម្រើការគ្រប់ផ្នែកនៅឡើយទេ។ បន្តិចម្ដងៗ បុគ្គលិកនឹងវិលទៅស្ថានទូតអ៊ីស្រាអែល ហ្សកដង់ និងអូម៉ង់។

ស្ថានទូតនៅអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត កាតា និងលីបង់នៅដំណាក់កាលដំបូងនឹងមានបុគ្គលិក៨៥%។ ចំណែកស្ថានទូតនៅអ៊ីរ៉ាក់ គូវែត និងបារ៉េននឹងមានបុគ្គលិក៧៥%។ នៅក្នុងស្ថានទូតទាំង៦នេះ និងលីបង់ ក្រសួងការបរទេសនឹងកំណត់ចំនួនសមាជិកគ្រួសារដែលបុគ្គលិកទូតអាចនាំទៅជាមួយ។ ចំនួនកំណត់នេះជាការបង្ហាញថារដ្ឋាភិបាលអាមេរិកនៅតែមានជំនឿថាហានិភ័យមិនទាន់បាត់ទៅវិញទាំងស្រុងទេ។ មានន័យថាកម្រិតនៃការគំរាមកំហែងមានតិចជាង៣០ ៦០ ឬ៩០ថ្ងៃ។ ប៉ុន្តែកម្រិតនេះមានតិចជាងកាលពីមុនពេលផ្ទុះសង្គ្រាម។ ខាងលើនេះជាប្រសាសន៍លោកចនបាស់ (John R. Bass) ជាអតីតអនុរដ្ឋមន្ត្រីការបរទេសអាមេរិកជំនាន់លោកបៃដិន។ បុគ្គលិកទូតខ្លះដែលជម្លៀសខ្លួនចេញពីមជ្ឈិមបូព៌ាចង់បានការបញ្ជាក់ឱ្យបានច្បាស់ថាតើពួកគេត្រូវវិលទៅទីកន្លែងណា ជាពិសេស សម្រាប់អ្នកដែលមានកូនតូចៗដែលត្រូវកំណត់ពេលវេលាមុនពេលបវេសនកាល (ចូលកងវិញ)។

អតីតបុគ្គលិកក្រសួងការបរទេសអាមេរិកយល់ថាការដែលបុគ្គលិកទូត និងសមាជិកគ្រួសារនៅក្នុងបន្ទុកអាចវិលទៅមជ្ឈិមបូព៌ាបានមានន័យថារដ្ឋបាលរបស់លោកត្រាំព្យាយាមបញ្ចៀសសង្គ្រាមទ្រង់ទ្រាយធំ។ ប៉ុន្តែក៏មិនមែនមានន័យថាសន្តិភាពដ៏ពេញលេញមួយបានកើតមាននោះដែរ។ លោករ៉ូបឺត ដានីន (Robert Danin) ជាអតីតជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកយល់ថាការបញ្ជូនបុគ្គលិកទូតត្រឡប់ទៅបម្រើការវិញដូច្នេះមិនមែនមានន័យថាអាមេរិកត្រូវជាប់ជំពាក់មិនចាត់វិធានការក្ដៅទៅលើអ៊ីរ៉ង់ជាបន្តទៀតនោះទេ។ អាមេរិកធ្លាប់ធ្វើរឿងនេះម្ដងហើយ ហើយពួកគេនឹងធ្វើរឿងនេះម្ដងទៀត។ លោកចង់សំដៅលើការជម្លៀសបុគ្គលិកទូតកាលពីដើមឆ្នាំ២០២៦៕ ប្រភព៖ The New York Times

ចែករំលែកព័តមាននេះ