រាជធានីភ្នំពេញ ៖ ដើម្បីការពារអាយុជីវិតកុមារ និងជៀសវាងគ្រោះថ្នាក់ជាយថាហេតុ រដ្ឋបាលខណ្ឌចំការមន បានប្រកាសហាមឃាត់ កុំឱ្យចុះហែលទឹក(ស្អុយ)លេងក្នុងប្រឡាយបឹងត្របែក ជាដាច់ខាត ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌចំការមន នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះបានឲ្យដឹងថា រដ្ឋបាលខណ្ឌចំការមន ជូនដំណឹងដល់លោកគ្រូ អ្នកគ្រូ អាណាព្យាបាល មាតាបិតា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានទីលំនៅអមសងខាង និងជិតប្រឡាយបឹងត្របែក មេត្តា ជ្រាបថា ៖ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៩៖០០នាទី កន្លងទៅនេះ គេបានសង្កេតឃើញមានក្មេងប្រុសចំនួន ៤នាក់ បានចុះហែលទឹកលេងនៅក្នុងប្រឡាយបឹងត្របែក ក្នុងសង្កាត់បឹងត្របែក។
រដ្ឋបាលខណ្ឌចំការមន សូមបញ្ជាក់ថា ប្រឡាយបឹងត្របែក គឺជាប្រឡាយបង្ហូរទឹកដ៏សំខាន់មួយ ដែលត្រូវតភ្ជាប់ទៅនឹងប្រព័ន្ធលូរៀបចំ និងស្ថានីយបូមទឹកបឹងត្របែក សម្រាប់រំដោះទឹកភ្លៀង និងទឹកកខ្វក់ចេញពីតំបន់ផ្សេងៗក្នុងរាជធានីភ្នំពេញ ដើម្បីបញ្ចៀសការជន់លិច និងបញ្ចេញទៅទន្លេ។ ការចុះហែលទឹកក្នុងប្រឡាយនេះ គឺមានហានិភ័យខ្ពស់បំផុត និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារកត្តា៣យ៉ាងសំខាន់ៗ ៖
១. បញ្ហាសុខភាព និងអនាម័យ ៖ ទឹកប្រឡាយបឹងត្របែក គឺជាទឹកកខ្វក់ ដែលបង្ហូរចេញពីលំនៅឋាន អគារស្នាក់នៅរួម និងទឹកភ្លៀង ដែលមានផ្ទុកនូវមេរោគ បាក់តេរី និងសំណល់ពុល ងាយនឹងបង្កជាជំងឺស្បែក រាករូស ឬជំងឺឆ្លងផ្សេងៗប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ។
២. គ្រោះថ្នាក់ នៃការលង់ទឹក ៖ ជម្រៅទឹក និងភាពមិនប្រក្រតីនៅបាតប្រឡាយ អាចបណ្ដាលឱ្យមាន របួស ឫគ្រោះថ្នាក់ជាយថាហេតុ ដូចជាការលង់ទឹក ដែលជាការគំរាមកំហែងផ្ទាល់ដល់អាយុជីវិតក្មេងៗ ។
៣. គ្រោះថ្នាក់ពីចរន្តទឹកហូរខ្លាំងពេលបើកម៉ាស៊ីនបូមទឹក ៖ នៅពេលមានភ្លៀងធ្លាក់ ស្ថានីយបូមទឹកបឹង ត្របែកតម្រូវឱ្យបើកម៉ាស៊ីនបូមទឹក ដែលធ្វើឱ្យចរន្តទឹកហូរក្នុងប្រឡាយមានល្បឿនលឿន និងកម្លាំងបោកបក់ខ្លាំងក្លាបំផុត ដែលអាចហូរខ្លាំង បោកទម្លាក់មនុស្ស និងបង្កគ្រោះថ្នាក់ដល់អាយុជីវិតភ្លាមៗ ។
អាស្រ័យហេតុនេះ សូម អាណាព្យាបាល មាតាបិតា និងលោកគ្រូអ្នកគ្រូ មេត្តាជួយអប់រំ ណែនាំ និងហាមឃាត់កូនចៅ កុំឱ្យចុះលេងទឹក ឬធ្វើសកម្មភាពផ្សេងៗក្នុងប្រឡាយបឹងត្របែកជាដាច់ខាត ដើម្បីការពារកុំឱ្យមានគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើងលើកុមារជាទីស្រឡាញ់របស់លោកអ្នក ។
រដ្ឋបាលខណ្ឌចំការមន សង្ឃឹមយ៉ាងមុតមាំថា លោកតា លោកយាយ មាតាបិតា អាណាព្យាបាល និងបងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងយកចិត្តទុកដាក់ខ្ពស់ និងចូលរួមអនុវត្តតាមសេចក្ដីជូនដំណឹងនេះប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ៕



ចែករំលែកព័តមាននេះ