ប្រទេសវៀតណាម៖ ទឹកទន្លេ កៅ, តិច និង ប៊ុយ បានកើនឡើងខ្លាំង បណ្តាលឱ្យតំបន់មួយចំនួននៅជាយក្រុងហាណូយរងការជន់លិច និងផ្តាច់ការធ្វើដំណើរ។ ប្រជាពលរដ្ឋជិត ១,៥០០នាក់ ត្រូវបានជាប់គាំង ខណៈទឹកក៏បានជន់លិចដីស្រែ និងដំណាំប្រមាណ ៥០ហិកតា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNA នៅថ្ងៃទី២៥ ខែសីហានេះ។
អាជ្ញាធរបានប្រើកម្លាំងមនុស្សជាង១៥០នាក់ ព្រមទាំងត្រៀមបាវខ្សាច់ ១០,០០០បាវ និងសម្ភារៈជាង ៥០០ម៉ែត្រគុបដើម្បីពង្រឹងទំនប់នៅតំបន់រងគ្រោះ។
អាជ្ញាធរហាណូយបានដាក់កម្លាំងតាមដានស្ថានភាពទឹក ២៤ម៉ោង និងត្រៀមជម្លៀសប្រជាពលរដ្ឋ ប្រសិនបើស្ថានការណ៍កាន់តែធ្ងន់ ខណៈមជ្ឈមណ្ឌលឧតុនិយមព្យាករថា កម្ពស់ទឹកទន្លេតិច អាចបន្តកើនក្នុងរយៈពេល ១២–២៤ម៉ោង ខាងមុខ។ ទឹកជំនន់អាចប៉ះពាល់ដល់ការរស់នៅ កសិកម្ម ការធ្វើដំណើរ និងអាចបង្កហានិភ័យបាក់ដីនៅតំបន់ងាយរងគ្រោះ៕
ចែករំលែកព័តមាននេះ