ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ហ្សេឡិនស្គី​ថ្លែង​ថា​​អាមេរិក​អាច​បន្ត​​​សម្រប​សម្រួល​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន​រហូត​ដល់​ឆ្នាំ​២០២៧

13 ម៉ោង មុន

ទី​ក្រុង​កៀវ៖ ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន​ លោក​ហ្សេ​ឡិនស្គី សម្លឹង​មើល​ឃើញ​ថា​មាន​ច្រក​ទ្វារ​មួយ​​ដែល​អាមេរិក​អាច​បន្ត​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​ដោះ​ស្រាយ​បញ្ចប់​សង្គ្រាម​រហូត​ដល់​ចុង​រដូវ​ក្ដៅ​ឆ្នាំ​២០២៧​។ លោក​បាន​រៀប​ចំ​សេចក្ដី​ព្រាង​​កម្រាស់​មួយ​ទំព័រ​ដែល​និយាយ​​​អំពី​មន្ត្រី​រដ្ឋាភិបាល​អាមេរិក និង​អឺរ៉ុប​មាន​វត្ត​មាន​នៅ​ទី​ក្រុង​ម៉ូស្គូ​។ លោក​ហ្សេឡិនស្គី​ថ្លែង​ថា​បទ​ឈប់​បាញ់​ និង​សំណើ​របស់​អាមេរិក​ស្ដីពី​ការ​បង្កើត​តំបន់​សេដ្ឋ​កិច្ច​សេរី​នៅ​តំបន់​ដុន​បាស់​ និង​គ្រប់​គ្រង​ដោយ​ភាគី​ទី​បី​ ជា​អ្វី​ដែល​ដាក់​បញ្ចូល​នៅ​ក្នុង​សេច​ក្ដី​ព្រាង​មួយ​ទំព័រ​នោះ​។ ​លោក​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​សំណើ​នេះ​​បង្កប់​នូវ​គោល​គំនិត​ចម្បង​មួយ​គឺ​ការ​ឆ្ពោះ​ទៅ​រក​បទ​ឈប់​បាញ់​។ គោល​គំនិត​បន្ទាប់​​ដូច​អ្វី​ដែល​អាមេរិក​បាន​ស្នើ​សុំ​ដូច្នោះ​ដែរ​។​ នោះ​គឺ​ការ​បង្កើត​តំបន់​សេដ្ឋ​កិច្ច​សេរី​។

វិមាន​ក្រឹម​ឡាំង​នៅ​ថ្ងៃ​នេះ​បាន​ដាក់​ជា​ចំណោទ​សួរ​ថា​តើ​គំនិត​របស់​អាមេរិក​ដែល​ចង់​បង្កើត​តំបន់​សេដ្ឋ​កិច្ច​សេរី​នៅ​ដុន​បាស់​​នោះ​តើ​អាច​ទៅ​រួច​ដែរ​ឬ​ទេ។ ក្រឹម​ឡាំង​អះ​អាង​ថា​ទី​នេះ​ធ្លាប់​ជា​ទឹក​ដី​របស់​រុស្ស៊ី​។ ហេតុ​នេះ ភាគី​ទី​បី​ទំនង​ជា​មិន​មាន​សិទ្ធិ​គ្រប់​គ្រង​តំបន់​នេះ​ទេ​។ រុស្ស៊ី​បាន​ដាក់​បញ្ចូល​តំបន់​ធំ​ៗ​ចំនួន​បួន​របស់​អ៊ុយ​ក្រែន​ជា​ទឹក​ដី​របស់​ខ្លួន​ទោះ​បី​ពេល​នេះ​ខ្លួន​មិន​ទាន់​វាយ​យក​បាន​តំបន់​ទាំង​នោះ​មក​គ្រប់​គ្រង​១០០%​យ៉ាង​ណា​ក្ដី​។ ទី​ក្រុង​ម៉ូស្គូ​នៅ​តែ​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត​ថា​ប្រសិន​បើ​ចង់​បាន​សន្តិ​ភាព​ពិត​ប្រាកដ​ និង​យូរ​អង្វែង​លុះ​ត្រា​តែ​អ៊ុយ​ក្រែន​យល់​ព្រម​កាត់​តំបន់​បួន​នេះ​ទៅ​​ឱ្យ​ខ្លួន​ជា​មុន​សិន​​។ ​រុស្ស៊ី​ចាត់​ទុក​ថា​នេះ​​​ជា​ប្រភព​ដើម​នៃ​បញ្ហា​នាំ​ឱ្យ​កើត​សង្គ្រាម​។​

ហ្សេឡិនស្គី​ថ្លែង​ថា​លោក​សម្លឹង​​ឃើញ​ឱកាស​ ឬ​ច្រក​ទ្វារ​មួយ​ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​រយៈ​ពេល​៤​ឆ្នាំ​កន្លះ​នេះ​។ ឱកាស​នោះ​​លាត​សន្ធឹង​ចាប់​ពី​​​កិច្ច​ប្រជុំ​ជី​ម្ភៃ​នៅ​អាមេរិក​នា​ខែ​ធ្នូ​ខាង​មុខ​នេះរហូត​ដល់​រដូវ​ក្ដៅ​ ឆ្នាំ​២០២៧​។ នេះ​ជា​ដំណាក់​កាល​សំខាន់​មុន​នឹង​ឈាន​ដល់​ការ​ឃោសនា​បោះ​ឆ្នោត​ប្រធានា​ធិប​តី​​​ឆ្នាំ​២០២៨​។ លោក​ធ្លាប់​ប្រកាស​កាល​ពី​ដើម​ខែ​សីហា​ថា​អ៊ុយ​ក្រែន​បាន​ប្រគល់​សំណើ​នៃ​ផែន​ការ​សន្តិ​ភាព​ទៅ​ឱ្យ​អាមេរិក​ពិនិត្យ​មើល​ដើម្បី​បញ្ចប់​សង្គ្រាម​។ ប៉ុន្តែ​លោក​មិន​បាន​បរិយាយ​លម្អិត​អំពី​ផែន​ការ​នោះ​ទេ​។ ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អាមេរិក​ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​នេះ​ត្រូវ​ជាប់​គាំង​នៅ​ឆ្នាំ​នេះ​ព្រោះ​អ៊ុយ​ក្រែន​មិន​ព្រម​កាត់​ទឹក​ដី​របស់​ខ្លួន​ទៅ​ឱ្យ​រុស្ស៊ី​ជា​ថ្នូរ​នឹង​សន្តិ​​ភាព​​ទេ​។ ម៉្យាង​ទៀត ការ​ចរ​ចា​គ្នា​​​ជាប់​គាំង​ដោយ​សារ​អាមេរិក​កំពុង​ជាប់​ដៃ​នៅ​ក្នុង​សង្គ្រាម​អ៊ីរ៉ង់​។

លោក​ហ្សេឡិនស្គី​បញ្ជាក់​ថា​ភាគី​ទីបី​ដូច​ដែល​មាន​សរ​សេរ​រៀប​រាប់​នៅ​ក្នុង​សេចក្ដី​ព្រាង​នោះ​គឺ​និយាយ​អំពី​​ការ​ដើរ​តួ​នាទី​របស់​សហ​ភាព​អឺរ៉ុប​ និង​អង្គ​ការ​ណាតូ​។ លោក​បញ្ជាក់​ថា​គោល​គំនិត​ចម្បង​ៗ​ទាំង​បី​នេះ​មិន​មែន​ជា​គំនិត​របស់​អ៊ុយ​ក្រែន​សុទ្ធ​សា​ធ​នោះ​ឡើយ​។ គំនិត​ទាំង​នេះ​រៀប​ចំ​រួម​គ្នា​រវាង​អ៊ុយ​ក្រែន​ អាមេរិក​ និង​អឺរ៉ុប​។ គំនិត​ខ្លះ​ដក​ស្រង់​ចេញ​ពី​ស្មារតី​នៃ​ការ​ពិភាក្សា​គ្នា​រវាង​អាមេរិក​ជា​មួយ​អ៊ុយ​ក្រែន និង​រុស្ស៊ី​។ ​អ្នក​ការ​ទូត​ជាន់​ខ្ពស់​រុស្ស៊ី​ម្នាក់​បង្ហើប​ឱ្យ​ដឹង​ថា​រដ្ឋាភិបាល​របស់​ខ្លួន​បើក​ចំហ​ជា​និច្ច​ក្នុង​​ការ​ស្ដាប់​សំណើ​ថ្មី​ៗ​ស្ដីពី​ការ​ដោះ​ស្រាយ​បញ្ចប់​សង្គ្រាម​។ ប៉ុន្តែ​សំណើ​ទាំង​នោះ​ត្រូវ​តែ​មាន​ចរិត​ប្រាកដ​និយម​នៅ​ក្នុង​ស្ថាន​ភាព​ជាក់​ស្ដែង​។ គោល​ដៅ​ធំ​របស់​រុស្ស៊ី​គឺ​វាយកាន់​កាប់​ទឹក​ដី​ដែល​នៅ​សេស​សល់​នៃ​តំបន់​ដុន​បាស់​៕ ប្រភព៖ Reuters