ខេត្តឧត្តរមានជ័យ ៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងយោងតាមបទបញ្ជារបស់លោក មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ នៅវេលាម៉ោង១៤ និង៥០នាទី លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បានដាក់បទបញ្ជាផ្ទាល់អោយលោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុក ដឹកនាំកម្លាំងអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍ចំនួន ៦នាក់ ចុះស្រាវជ្រាវ និងបង្ក្រាបទីតាំងស្គេមអនឡាញ មួយកន្លែង ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយឃាត់ខ្លួនបានមនុស្សចំនួន ២នាក់ រួមមាន ៖
១.ឈ្មោះ ស៊ឹម សុខធា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំប្រាសាទ ខេត្តឧត្តរមានជ័យ ។
២.ឈ្មោះ ផាត ស្រីនីត ភេទស្រី អាយុ ២២ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំប្រាសាទ ខេត្តឧត្តរមានជ័យ ។
ដកហូតវត្ថុតាងមួយចំនួនរួមមាន ៖
១. កុព្យូទ័រចំនួន ២គ្រឿង
២.ទូរសព្ទចំនួន២គ្រឿង (IPhone ១៥pro max ពណ៌ខ្មៅ ចំនួន ២គ្រឿង)
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកំពុងសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕








ចែករំលែកព័តមាននេះ