២ក្រុមបើកឆាកប្រយុ.ទ្ធគ្នានៅជិតក្លិប X-ZOOM នគរបាលឃាត់ខ្លួនគូទំនាស់ទាំង២ក្រុម ជិត១០នាក់
- ភ្នំពេញ
រាជធានីភ្នំពេញ៖ ជនស្ទាវ២ក្រុមមានប្រុសមានស្រីបានមានទំនាស់ពាក្យសម្ដីគ្នានៅក្នុងក្លឹប X-ZOOM បន្ទាប់មកចេញក្រៅក្លឹបក៏បើកឆាកប្រយុទ្ធគ្នាទៅវិញទៅមកនៅលើផ្លូវវ៉េងស្រេងជិតក្លឹបនោះ បង្កឲ្យមានការភ្ញាក់ផ្អើលរំខានប្រជាពលរដ្ឋដេកពួន និងបង្កភាពភាពអនាធិបតេយ្យពេញដងផ្លូវ ។ បន្ទាប់មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ ចេញទៅអន្តរាគមន៍ និងធ្វើការឃាត់ខ្លួនភាគីទាំង២បានចំនួន៧នាក់ រួចនាំទៅសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ។
ឆាកប្រយុទ្ធគ្នានោះបានកើតឡើង កាលពីវេលាម៉ោង០២និង៤០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅជិតក្លឹបZ-OOM ដែលមានទីតាំងស្ថិតនៅតាមមហាវិថីចោមចៅ(ផ្លូវវ៉េងស្រេង)ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ខណៈនោះកម្លាំងនគរបាលក៏បានដកហូតម៉ូតូចំនួន ០៣គ្រឿងរួមមាន ម៉ាកហុងដាឌ្រឹមសេ១២៥ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ1JN-8044 ១គ្រឿង,ម៉ាកSUZUKI NEX ស៊េរីឆ្នាំ២០២៦ ពាក់ស្លាកលេខភ្នំពេញ 1MK-1366 ១គ្រឿង និងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ព្រៃវែង 1L-1415 ១គ្រឿង ។
ដោយឡែកជនស្ទាវទាំង២ក្រុមដែលត្រូវឃាត់ខ្លួនបាននោះ នគរបាលមិនទាន់បង្ហាញនូវអត្តសញ្ញាណនៅឡើយទេ គ្រាន់តែប្រាប់ឲ្យដឹងខ្លះៗថា ពួកនេះបានចូលទៅផឹកស៊ីរាំរែកសប្បាយនៅក្នុងក្លឹបZ-OOMនោះជាមួយគ្នា ។ ខណៈនោះក៏បានឈ្លោះទាស់គ្នានៅក្នុងក្លឹប ប៉ុន្តែមិនបានវាយតប់គ្នានៅក្នុងនោះភ្លាមៗនោះទេ រហូតដល់វេលាម៉ោងកើតហេតុខាងលើ ទើបចេញក្រៅក្លឹប ។
នគរបាលបានប្រាប់បន្ថែមថា បន្ទាប់មកភាគីម្ខាងមានគ្នា៦នាក់ និងម្ខាងទៀតមានគ្នាជាង១០នាក់ បានប្រមួកសុវត្ថិភាពវាយប្រយុទ្ធគ្នាទៅវិញទៅមកនៅតាមមហាវិថីចោមចៅជិតក្លឹបនោះយ៉ាងអនាធិបតេយ្យ ។ ខណៈនោះបានបណ្ដាលឲ្យមានអ្នករបួសនិងដួលម៉ូតូ២ទៅ៣គ្រឿងនៅលើផ្លូវថែមទៀតផង ហើយក្រោយពេលទទួលបានដំណឹងនេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ បានចេញទៅអន្តរាគមន៍ហើយបានធ្វើការឃាត់ខ្លួនគូបក្ខដិបក្ខទាំង២ក្រុមនោះបានសរុបចំនួន៧នាក់។
នគរបាលបានបញ្ជាក់ប្រាប់បន្តថា បន្ទាប់មកនគរបាលបាននាំជនដែលត្រូវឃាត់ខ្លួនខាងលើទៅកាន់ប៉ុស្តិ៍ធ្វើការសួរនាំមួយជំហាន រួចទើបបញ្ជូនបន្តទៅកាន់ផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿងបន្ត ព្រមទាំងស្រាវជ្រាវរកឃាត់ខ្លួនបក្សពួកដែលនៅសេសសល់ទៀត ៕






ចែករំលែកព័តមាននេះ