រាជធានីភ្នំពេញ ៖ សំណុំរឿងអ្នកក្លាហាន២នាក់ បានប្រើអំពើហិង្សា ដោយយកកែវ និងដបស្រាបៀរ វាយក្បាលជនរងគ្រោះ នៅកន្លែងផឹកស៊ីមួយកន្លែង ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចធ្វើការចោទប្រកាន់ពីបទ.ហិង្សាដោយចេត នាមានស្ថានទម្ងន់ទោស ដែលជនសង្ស័យប្រឈមជាប់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ ។
បើតាមលោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឲ្យដឹងថា “ករណីនេះ ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ជនសង្ស័យតាមនីតិវិធី បើកការស៊ើបសួរ ៖
១.ឈ្មោះ ឆេង ភារុណ ពីបទ.ហិង្សាដោយចេតនា មានស្ថានទម្ងន់ ទោស តាមមាត្រា ២១៨ ចំណុចទី២ និងចំណុចទី៣ នៃក្រមព្រហ្មទណ្ឌ។
២.ឈ្មោះ ជា សានជាំង ពីបទ.ផ្តើមគំនិតក្នុងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា ២៨ និងមាត្រា ២១៨ ចំណុចទី២ និងចំណុចទី៣ នៃក្រមព្រហ្មទណ្ឌ ។
តាមមាត្រា ២៨ និយមន័យនៃអ្នកផ្តើមគំនិត ៖ ត្រូវចាត់ទុកជាអ្នកផ្តើមគំនិតក្នុងបទឧក្រិដ្ឋ ឬបទមជ្ឍឹម ចំពោះបុគ្គលណាដែល ៖
១.ជំរុញឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬបទមជ្ឍឹមនោះ តាមការណែនាំ ឬការបញ្ជា។
២.បង្កឲ្យមានបទឧក្រិដ្ឋ ឬបទមជ្ឍឹមនោះ ដោយផ្តល់អំណោយ ដោយការសន្យា ឬការគំរាមកំហែង ការញុះញង់ ការលួងលោម ឬក៏ដោយការរំលោភអាជ្ញា ឬអំណាចរបស់ខ្លួន។ អ្នកផ្តើមគំនិតនៃបទឧក្រិដ្ឋ ឬបទមជ្ឍឹម ត្រូវផ្តន្ទាទោសដូចគ្នានឹងចារីដែរ។
មាត្រា ២១៨ – ស្ថានទម្ងន់ទោស. អំពើហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លាន ទៅ ១០ លានរៀល កាលបើអំពើនេះបានប្រព្រឹត្ត ៖
១.ដោយមានការគិតទុកជាមុន។
២.ដោយប្រើអាវុធ ឬគំរាមកំហែងនិងអាវុធ។
៣.ដោយមានមនុស្សច្រើននាក់ក្នុងឋានៈជាចារី សហការី អ្នកផ្តើមគំនិត និងជាអ្នកសមគំនិត ។
ក្រោយពីតំណាងអយ្យការ បានសម្រេចធ្វើការចោទប្រកាន់ជាផ្លូវការ សំណុំរឿងត្រូវបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនជនសង្ស័យទាំង២នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃ២៥ ខែសីហា ឆ្នាំ២០២៦ សមត្តកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ២នាក់ ពាក់ពន្ធករណីប្រើអំពើហិង្សាយកកែវ និងដបស្រាបៀរវាយក្បាលជនរងគ្រោះ ទៅដល់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ជនសង្ស័យទាំង២ នាក់មាន ៖
១.ឈ្មោះ ឆេង ភារុណ ហៅ តាន់ ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបរ ដឹកអីវ៉ាន់ ស្នាក់នៅផ្ទះលេខ៥៩អឺ៦ហ្សិត ផ្លូវលេខ១២៨ សង្កាត់មនោរម្យ ខណ្ឌ៧ មករា រាជធានីភ្នំពេញ។
២.ឈ្មោះ ជា សានជាំង ហៅ មាស ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបរ ជាមន្ត្រីនគរបាលជាតិ នៅអង្គភាពនាយកដ្ឋានអង្គរក្ស ស្នាក់នៅផ្ទះលេខ១២៨អឺ១ ផ្លូវលេខ១០៧ សង្កាត់អូរឬស្ស៤ ខណ្ឌ៧ មករា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ចាន់ ចេង ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបរ ជាបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ២៥៤អឺ០ ផ្លូវលេខ១៨០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាធានីភ្នំពេញ។
តាមពាក្យបណ្តឹងរបស់ជនរងគ្រោះនៅសមត្ថកិច្ចបានបញ្ជាក់ថា មុនដំបូងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល២១ និង០០ នាទី រូបខ្លួនចេញពីផ្ទះនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ ទៅហូបអាហារនៅហាង Glimpse ផ្លូវលេខ៣០២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ជាមួយមិត្តភក្តិមានគ្នា ៦នាក់។ បន្ទាប់មកវេលាម៉ោងប្រហែល២៣ និង៣០ នាទី ថ្ងៃខែឆ្នាំដដែល រូបខ្លួន និងមិត្តភក្តិក៏បានទៅផឹកស៊ីនៅក្លឹប SAVAGE ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៣០៦ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ពេលចូលដល់ក្នុងក្លឹប ខ្លួននឹងមិត្តភក្តិបានឈរផឹកនៅតុលេខ១១ រហូតដល់វេលាម៉ោងប្រហែល០១ និង០០នាទី ឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ក៏មានបុរសម្នាក់ឈ្មោះ រាជ ជាអ្នកស្គាល់គ្នាជាមួយមិត្តភក្តិខ្លួនឈ្មោះ ហួន រតនា ដែលឈរផឹកស៊ីនៅតុក្បែរគ្នា បានមកជល់កែវជាមួយតុរបស់ខ្លួន ពេលនោះក៏មានបុរសម្នាក់មិនស្គាល់ឈ្មោះ “ជនសង្ស័យ” ដែលនៅក្នុងក្លឹបនោះដែរ បានដើរមកជល់កែវជាមួយឈ្មោះ រាជ នៅតុខ្លួនឈរដែរ ហើយបានប៉ះខ្នងគ្នាជាមួយខ្លួន បន្ទាប់មកខ្លួនក៏បានមើលមុខគាត់ ព្រោះជាមនុស្សអត់ដែលស្គាល់គ្នាពីមុនមក ភ្លាមនោះបុរសជាជនសង្ស័យក៏បានយកកែវស្រាវាយក្បាលខ្លួន១កែវ បន្ទាប់មក ក៏បានសន្តិសុខជួយឃាត់ រួចហើយខ្លួនក៏ដើរចេញពីក្នុងមកអង្គុយនៅមុខក្លឹប ពេលកំពុងអង្គុយនោះ ស្រាប់តែជនសង្ស័យដើរមកពីក្រោយ បានយកដបស្រាបៀរវាយក្បាលខ្លួន១ដបទៀត ហើយជនសង្ស័យ និងបក្ខពួកមានគ្នាប្រហែល៦ នាក់ ក៏បានឡើងជិះរថយន្ត១គ្រឿង ម៉ាកតូយូតា RAIZE ព៌ណខៀវ ពាក់ស្លាកលេខភ្នំពេញ ២BQ-៧៨៧៣ គេចខ្លួនបាត់ទៅ។ ក្រោយមកខ្លួន ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកង តែម្តង ។
គួរបញ្ជាក់ទៀតថា ក្រោយហេតុការនោះកើតឡើង លោកឧត្តម សេនីយ៍ឯក ជួន ណារិន្ទ បានបង្ហោះលើផេកហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកនៅរសៀលថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៦ នោះថា «ជនដៃដល់ឈ្មោះ ឆេង ភារុណ ដែលវាយក្បាលជនរងគ្រោះនឹងដបវេលាយប់មិញ បានរត់គេចខ្លួនឆ្លងដែនតាមច្រកបាវិត ចូលប្រទេសវៀតណាមហើយ។ សមត្ថកិច្ចយើងខ្ញុំមិនដកដៃក្នុងការតាមចាប់ខ្លួនជនខាងនោះទេ (បើបក្ខពួក និងក្រុមគ្រួសារជននេះហៅឱ្យមកចូលខ្លួនកន្លែងសមត្ថកិច្ចមក) មិនអាចរត់គេចខ្លួនបានមួយជីវិតទេ» ។
ខណៈជនសង្ស័យម្នាក់ឈ្មោះ ជា សានជាំង ហៅមាស បានចូលខ្លួនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ដើម្បីទទួលទោសជាជាងការចាប់ខ្លួន។ ចំណែកជនដៃដល់ម្នាក់ឈ្មោះ ឆេង ភារុណ ដែលរត់គេចខ្លួនទៅប្រទេសវៀតណាម បានមួយដង្ហើមចង្រិត ក្រោយពីមានប្រតិកម្មពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នង ការដ្ឋាននគរបាលជាតិ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាន សហការជាមួយភាគីវៀតណាម នាំខ្លួនបុរសក្លាហាន ឆេង ភារុណ ឆ្លងដែនតាមច្រកទ្វារអន្តរជាតិក្រុងបាវិត ខេត្តស្វាយរៀង មកប្រគល់ឲ្យសមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តនីតិវិធីច្បាប់ ៕



ចែករំលែកព័តមាននេះ