ប្រតិបត្តិការរយៈពេល ២៤ម៉ោង បង្ក្រា.បបទល្មើសធនធានធម្មជាតិ និងករណីបា.ញ់បោះសេរី នៅស្រុកពេជ្រដា
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ ក្រោមការចង្អុរបង្ហាញ និងបញ្ជាផ្ទាល់ពីឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី កម្លាំងជំនាញនៃមន្ទីរបរិស្ថានខេត្ត សហការយ៉ាងជិតស្និទ្ធជាមួយស្នងការដ្ឋាននគរបាលខេត្ត និងគណៈបញ្ជាការឯកភាពស្រុកពេជ្រដា បានបើកយុទ្ធនាការក្ដៅស្រាវជ្រាវ បង្ការ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនិងបទល្មើសព្រហ្មទណ្ឌ ក្នុងរយៈពេលត្រឹមតែ ១ថ្ងៃ សម្រេចបានលទ្ធផលផ្លែផ្កាជាច្រើន។
លោក ហាក់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មានប្រសាសន៍ថា នៅក្នុងប្រតិបត្តិការដំបូង ត្រង់ចំណុចសហគមន៍ជនជាតិដើមភាគតិច ភូមិឡាមេះ ស្រុកពេជ្រដា កម្លាំងចម្រុះបានស្ទាក់ចាប់ និងឃាត់ទុកនូវ គោយន្ត(កែច្នៃ)ចង្កូតកណ្តាល ចំនួន ០១ គ្រឿង។ដកហូតវត្ថុតាងឈើ មានក្តារប្រភេទឈើលេខ២ (ត្រាច) ចំនួន ០១ គោយន្ត (មិនទាន់វាស់វែង) និងជន្លុងម្រេចប្រភេទឈើលេខ១ (ផ្ចិក) ប្រមាណ ១២៥ ដើម។
បច្ចុប្បន្ន វត្ថុតាងទាំងអស់ត្រូវបានដឹកជញ្ជូនយកទៅរក្សាទុកនៅស្នាក់ការអូរពោត នៃដែនជម្រកសត្វព្រៃណាមលៀរ ដើម្បីរៀបចំសំណុំរឿងតាមនីតិវិធីច្បាប់។
លោកប្រធានមន្ទីរបន្តថាចំពោះករណីទី២និងទី៣ គឺបង្ក្រាបករណីប្រើប្រាស់អាវុធខុសច្បាប់ ការបាញ់បោះ និងការជួញដូរសត្វព្រៃ កាលពីវេលាម៉ោង ២២:២០នាទី យប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញបានទទួលព័ត៌មានពី លោក វរសេនីយ៍ត្រី សំអន វណ្ណៈ នាយរងស្នាក់ការ ដឺបេ ជើងគោកប្រចាំខេត្តមណ្ឌលគិរី ថាមានករណីក្រុមជនសង្ស័យប្រើប្រាស់អាវុធខុសច្បាប់ និងដឹកជញ្ជូនសត្វព្រៃ ត្រង់ចំណុចផ្លូវបំបែកស្រែ (ភូមិត្រាំកាច់ ឃុំស្រែក្រង់តេះ ស្រុកពេជ្រដា)។លុះព្រឹកឡើង ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ កម្លាំងការិយាល័យដែនជម្រកសត្វព្រៃស្រែពក-ណាមលៀរ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងអធិការដ្ឋាននគរបាលស្រុកពេជ្រដា បានចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ។
តាមការបំភ្លឺ មុនពេលកើតហេតុ កម្លាំងល្បាតចំនួន ៣នាក់ បានជួបក្រុមជនសង្ស័យជិះម៉ូតូពី ៧ ទៅ ៨គ្រឿង ក្នុងសភាពងងឹតនាពេលយប់។ នៅពេលសមត្ថកិច្ចកាក់ឱ្យឈប់ ជនសង្ស័យបានផ្តួលម៉ូតូ រួចស្រែកហៅបក្ខពួក និងបាន បាញ់កាំភ្លើងឡើងលើចំនួន ៣គ្រាប់ ដើម្បីគំរាម។ កម្លាំងសមត្ថកិច្ចបានបាញ់តបតឡើងលើវិញ ០១គ្រាប់ ភ្លាមនោះក្រុមជនសង្ស័យបានបាញ់បន្ថែម ៣គ្រាប់ទៀត រួចបើកម៉ូតូគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកវត្ថុតាងមួយចំនួននៅកន្លែងកើតហេតុ។
លោក ហាក់ វិបុល បានបញ្ជាក់ថា ករណីខាងលើនេះកម្លាំងសមត្ថកិច្ចនិងជំនាញបរិស្ថាន បានដកហូតវត្ថុតាង មានម៉ូតូដែកកែច្នៃ ០១គ្រឿង (រក្សាទុកនៅស្នាក់ការដីខ្មៅ) និងសត្វស្វាក្តាមរស់ ចំនួន ០៣ក្បាល ត្រូវបានប្រគល់ជូនមន្ត្រីបរិស្ថាន ហើយបានយកទៅដោះលែងចូលព្រៃធម្មជាតិវិញនៅស្នាក់ការត្រពាំងធ្មៀរ។សាច់ជ្រូកព្រៃប្រមាណ ១៥គីឡូក្រាម ត្រូវបានធ្វើការដុតបំផ្លាញចោលនៅនឹងកន្លែង។សំបកបន្ទុះ (គ្រាប់កាំភ្លើង) ចំនួន ០៦សំបក ត្រូវបានប្រគល់ជូនការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការស្រាវជ្រាវ។
បច្ចុប្បន្ន កម្លាំងជំនាញនៃមន្ទីរបរិស្ថាន កំពុងបន្តសហការយ៉ាងសស្រាក់សស្រាំជាមួយនគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តនិងអធិការដ្ឋាននគរបាលស្រុកពេជ្រដា ដើម្បីស្រាវជ្រាវស្វែងរកអត្តសញ្ញាណក្រុមជនសង្ស័យ យកទៅផ្ដន្ទាទោសតាមច្បាប់ជាធរមាន៕













ចែករំលែកព័តមាននេះ