ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​តវ៉ា​យ៉ាង​ខ្លាំង​! ចំពោះ​ដំណើរ​ទស្សនកិច្ច​គ្មាន​ការ​អនុ​ញ្ញាត​របស់​នាយក​រដ្ឋមន្ត្រី​ថៃ​ចូល​​ក្នុង​ដែនដី​អធិបតេ​យ្យ​កម្ពុជា​​នៅ​ខេត្តព្រះវិហារ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​រាជរដ្ឋាភិបាល​កម្ពុជាបាន​ធ្វើការ​តវ៉ា​ជា​ផ្លូវការ​យ៉ាង​ខ្លាំងក្លា​បំផុត ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​នាយក​-​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃទៅ​កាន់​តំបន់​អានសេះ ស្ថិត​ក្នុងស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ កាលពី​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៦ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បទេស ​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​នៅ​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៦​ ដំណើរ​ទស្សនកិច្ច​គ្មាន​ការ​អនុញ្ញាត​នេះ គឺជា​ការ​ប៉ុនប៉ង​ដោយ​ចេតនា ​ដើម្បី​អះអាង​ការ​ទាមទារ​ខុសច្បាប់​លើ​ដែនដី​អធិបតេយ្យ​របស់​កម្ពុជា ដែល​ជា​តំបន់​មួយ​ត្រូវ​បាន​កងកម្លាំងប្រដាប់អាវុធ​ថៃ​កាន់កាប់​ដោយ​ខុសច្បាប់ ចាប់តាំងពី​ឆ្នាំ​មុន​មក ​។

រាជរដ្ឋាភិបាល​កម្ពុជា​សូម​បញ្ជាក់​ថា គ្មាន​សិទ្ធិ​ស្របច្បាប់​ណាមួយ​អាច​កើត​ចេញពី​ទ​ង្វើ ខុស​ច្បាប់​នេះ​បាន​ឡើយ​ ។ ដូច្នេះ ការ​កាន់កាប់​ដោយ​ខុសច្បាប់​លើ​ដែនដី​អធិបតេយ្យ​របស់​កម្ពុជា មិន​អាច​ធ្វើ​ឱ្យ​មាន​ភាព​ស្របច្បាប់ តាម​រយៈ​ការ​ធ្វើ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ថៃ​នេះ​បាន​ឡើយ​។

ដំណើរ​ទស្សនកិច្ច​នេះ គឺ​ស្មើនឹង​ការ​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​ដែនដី​អធិបតេយ្យ​របស់​កម្ពុជា ដូចដែលបាន​កំណត់ និង​ខណ្ឌសីមា ដោយ​ផែនទី​ខ្នាត ១:២០០,០០០ ដែល​ផលិត​ដោយ​គណៈ កម្ម​ការ​កំណត់ព្រំដែន​រវាង ឥណ្ឌូចិន និង​សៀម និង​ចំណុច​ទី​១ នៃ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ ព្រំដែន​ទូទៅ​(GBC) កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ដែល​បាន​ហាមឃាត់​យ៉ាង​ច្បាស់​នូវ​សកម្ម ភាព​បង្កហេតុ ដែល​អាច​បង្កើន​ភាព​តានតឹង​តាម​បណ្តោយ​ព្រំដែន​ ។

រាជរដ្ឋាភិបាល​កម្ពុជា​សូម​បញ្ជាក់​ថា ទាំង​ផែនទី​ដែល​គូស ដោយ​ឯកតោភាគី ឬ​ដំណើរ​ទស្សន​កិច្ច​ណាមួយ​ដែល​ផ្អែក លើ​ផែនទី​បែប​នេះ មិន​អាច​ផ្លាស់​ប្តូរ​ខ្សែ​ព្រំដែន ដែល ទទួលស្គាល់​ជា​អន្តរជាតិ​បាន​ឡើយ​ ។

រាជរដ្ឋាភិបាល​កម្ពុជា​ក៏​សូម​បញ្ជាក់​ជា​ថ្មី​ថា កម្ពុជា​មិន​ទទួលស្គាល់​ជា​ដាច់ខាត​នូវ​ខ្សែបន្ទាត់​ព្រំដែន ឬ​ការ​ទាមទារ​ទឹកដី​ជា​ឯកតោភាគី​ដោយ​ប្រទេស​ថៃ​នោះ​ឡើយ​។ ដំណើរ​ទស្សនកិច្ច​ខាងលើ​នេះ មិន​ប៉ះពាល់​ដល់​សិទ្ធិ​ស្របច្បាប់ ឬ​ជំហរ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ទាក់​ទង​នឹង​ព្រំដែន​អន្តរជាតិ​របស់​ខ្លួន​ឡើយ ​។

រាជរដ្ឋាភិបាល​កម្ពុជា​ទាមទារ​ឱ្យ​ថៃ​បញ្ឈប់​សកម្មភាព​បែប​នេះ​នៅ​ក្នុង​តំបន់​ដែល​បាន​រៀប​រាប់​ខាងលើ​ក៏​ដូច​ជា​នៅ​តំបន់​ផ្សេង​ទៀត ដែល​ត្រូវ​បាន​កម្លាំង ប្រដាប់​អាវុធ​ថៃ​កាន់កាប់​ដោយ​​ខុសច្បាប់​តាំងពី​មុន​ដើម្បី​បន្ធូ​បន្ថយ​ស្ថានការណ៍ ជំរុញ​ការ​ជឿរ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​សម្រួល​ដល់​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី សំដៅ​ស្តារ​សន្តិភាព ស្ថិរភាព និង​ទំនាក់ទំនង​ភាព​ជា​អ្នក​ជិតខាង​ល្អ​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​។

កម្ពុជា​នៅ​តែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ដោះ​ស្រាយ​រាល់​ជម្លោះព្រំដែន​ជាមួយ​ថៃ ក៏​ដូច​ជា​ជាមួយ​ប្រទេស​ជិតខាងទាំងអស់​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀងទ្វេភាគី​ដែល​មាន​ស្រាប់ ព្រមទាំង​ប្រកាន់ ខ្ជាប់​នូវ​ជំហរ​ជា​គោលការណ៍​របស់​ខ្លួន​ថា ខ្សែបន្ទាត់​ព្រំដែន​មិន​ត្រូវ​ផ្លាស់​ប្តូរ​ដោយ​កម្លាំង​នោះ​ឡើយ​ ៕