ដីមន្ទីរពេទ្យកណ្តាលក្រុងសិរីសោភ័ណ ក្លាយជាដីសង់ផ្ទះល្វែងលក់ ខណៈមន្ទីរពេទ្យប្តូរទៅនៅជាយក្រុង
- បន្ទាយមានជ័យ
ខេត្តបន្ទាមានជ័យ ៖ អគារមន្ទីពេទ្យបង្អែកចាស់នៅកណ្តាលក្រុងសិរីសោភ័ណ ត្រូវបានឈូសឆាយចេញក្លាយជាដីសង់ផ្ទះល្វែងលក់ក្រោយផ្លាស់ប្តូរអគារថ្មីនៅជាយក្រុង ស្ថិតភូមិប្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។ ប្រជាពលរដ្ឋបានប្រាប់ថា ក្រោយមានការឈូសឆាយអគារមន្ទីរពេទ្យបង្អែករបស់ក្រុងសិរីសោភ័ណនៅកណ្តាលក្រុង ហើយប្រកាសដីផ្ទះល្វែងលក់ ១ល្វែងតម្លៃជិត ១០ម៉ឺនដុល្លារ និងកន្លែងត្រូវប៉ាន់ជាង ១០ម៉ឺនដុល្លារ ធ្វើអោយប្រជាពលរដ្ឋមានការហួសចិត្ត ។ ស្ងាត់ៗ មន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ដែលនៅកណ្តាលក្រុង ត្រូវបានផ្លាស់ប្តូរទៅនៅជាយក្រុង ដែលមានចម្ងាយពីគ្នាជិត ៥គីឡូម៉ែត្រ ។
លោកវេជ្ជបណ្ឌិត អ៊ាវ ដារ៉ាវុធ ប្រធានមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ បានបញ្ជាក់ថា មន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ មានផ្ទៃដីទំហំ ១ហិកតា ៧៣ ដែលកសាងឆ្នាំ ១៩៧៩ និងកសាងបន្ថែមចន្លោះឆ្នាំ ១៩៩២ ដល់ ១៩៩៣ និងកសាងរហូតឆ្នាំ ២០០៤ រហូតដល់មុនពេលផ្លាស់ប្តូរអគារថ្មីរយៈពេល ១ខែ មានអ្នកមកទទួលសេវាព្យាបាល ៦០០ ទៅ ៧០០នាក់ និងមានអ្នកមកទទួលការពិនិត្យនិងពិគ្រោះជំងឺជាង ១.០០០នាក់ ។ លោកបានបញ្ជាក់ថា មូលហេតុមានការផ្លាស់ប្តូរអគារមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណថ្មី ព្រោះទីតាំងអគារចាស់នៅពេលមានភ្លៀងធ្លាក់ លិចទឹកប៉ះពាល់សម្ភារពេទ្យ ក្រោយមកបានដាក់ប្រព័ន្ទលូរំដោះទឹកបញ្ជៀសការលិចលង់ ហើយត្រូវបានថ្នាក់ខេត្ត និងថ្នាក់ជាតិ មានការផ្លាស់ប្តូរទីតាំងថ្មីនៅជាយក្រុង ទូលាយដែលមានចំនួន ៨អគារ លើផ្ទៃដី ២ហិកតា ២៤ ពេលនេះមានអ្នកជំងឺកំពុងសម្រាកព្យាបាលជាង ១០០នាក់ ។
លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានបញ្ជាក់ថា ការផ្លាស់ប្តូរទីតាំងអគារមន្ទីពេទ្យបង្អែកក្រុងសិរីសោភ័ណពីកន្លែងចាស់ទៅដាក់ទីតាំងថ្មី ត្រូវបានរៀបចំឡើងជាយូរមកហើយ រវាងថ្នាក់ខេត្តនិងថ្នាក់ជាតិជាអ្នកសម្រេចផ្តាស់ប្តូរ ។
លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយ៍កម្មសំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ដីមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណចាស់ គឺមានប្លង់កម្មសិទ្ធិរួចហើយ ពេលនេះលោកកំពុងជាប់រវល់ប្រជុំចប់ និងអោយជួបដើម្បីបង្ហាញឯកសារ និងបញ្ជាក់អោយបានច្បាស់ការផ្លាស់ប្តូរអគារមន្ទីពេទ្យបង្អែកក្រុងសិរីសោភ័ណចាស់ទៅអគារថ្មី ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕

















ចែករំលែកព័តមាននេះ