ទូតកម្ពុជានៅកូរ៉េសន្យាជួយផ្សព្វផ្សាយផលិតផលសក្តានុពលរបស់ខេត្តកំពត«ម្រេច»និង«អំបិល»ទៅកាន់ទីផ្សារកូរ៉េឱ្យទូលំទូលាយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ បានសន្យាជួយផ្សព្វផ្សាយផលិតផលសក្តានុពលរបស់ខេត្ត ដូចជា ម្រេចកំពត និងផ្កាអំបិល ត្រូវបានទទួលស្គាល់ថា ជាផលិតផលដែលមានគុណភាពខ្ពស់ទីកាន់ទីផ្សារកូរ៉េឱ្យបានទូលំទូលាយ ។

ការសន្យានេះ នៅពេលឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងលោកជំទាវ កាលពីថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយប្រតិភូរដ្ឋបាលខេត្តកំពត ដឹកនាំដោយ ឯកឧត្តម ខៀវ រិទ្ធីភ័ណ្ឌ អភិបាលរងខេត្តកំពត នៅស្ថានទូតកម្ពុជាក្នុងទីក្រុងសេអ៊ូល ។ ឯកឧត្តម ខៀវ រិទ្ធីភ័ណ្ឌ បានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូត អំពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍក្នុងខេត្តកំពតលើវិស័យទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធខេត្ត ស្ថានភាពប្រជាជន និងគម្រោងរបស់ខេត្តក្នុងការកសាង និងពង្រឹងទំនាក់ទំនងជាមួយប្រទេសកូរ៉េ។

ឯកឧត្តមឯកអគ្គរាជទូតបានសម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូ ដែលអញ្ជើញបំពេញបេសកកម្មនៅប្រទេសកូរ៉េ ។ ឯកឧត្តមក៏បានជម្រាបជូនប្រតិភូអំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច ទេសចរណ៍ និងស្ថានភាពរស់នៅរបស់បងប្អូនសហគមន៍ខ្មែរក្នុងប្រទេសកូរ៉េផងដែរ ។

ឯកឧត្តមក៏បានមានប្រសាសន៍ថា ខេត្តកំពត គឺជាខេត្តដែលមានសក្តានុពលទេសចរណ៍បែបធម្មជាតិ ហើយផលិតផលសក្តានុពលរបស់ខេត្តដូចជា ម្រេចកំពត និងផ្កាអំបិល ក៏ត្រូវបានទទួលស្គាល់ថា ជាផលិតផលដែលមានគុណភាពខ្ពស់ផងដែរ ដូច្នេះ ស្ថានទូតអាចជួយផ្សព្វផ្សាយបន្ថែមអំពីសក្តានុពលទាំងនេះរបស់ខេត្តនៅប្រទេសកូរ៉េឱ្យបានកាន់តែទូលំទូលាយ តាមរយៈពិព័រណ៌នានាក្នុងប្រទេសកូរ៉េ ៕



ចែករំលែកព័តមាននេះ