រដ្ឋមន្ត្រីចក្រភពអង់គ្លេស ៖ ទោះបីជាស្ថិតនៅក្នុងស្ថានភាពជម្លោះក៏ដោយ កុមារភាព និងការអប់រំត្រូវតែបន្ត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោកស្រី Baroness Winterton រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានចុះជួបសហគមន៍ដែលរងផលប៉ះពាល់ពីភាពតានតឹងតាមបណ្តោយព្រំដែន ដើម្បីស្វែងយល់ដោយផ្ទាល់អំពីបញ្ហាប្រឈមដែលគ្រួសារកំពុងជួបប្រទះ និងភាពខុសគ្នាដែលការគាំទ្ររបស់ព្រីតថេនកំពុងបង្កើតឡើង ។

នៅថ្ងៃទី២៦ សីហា ឆ្នាំ២០២៦ លោកស្រីបានឃើញដោយផ្ទាល់នូវកម្មវិធីអប់រំដែលគាំទ្រដោយព្រីតថេន បានជួបកុមារដែលមានភាពក្លាហាន និងដែលបានឆ្លងកាត់បទពិសោធន៍លំបាក ប៉ុន្តែនៅតែបន្តខិតខំសិក្សា ព្រមទាំងបានស្តាប់ពីគ្រួសារ និងថ្នាក់ដឹកនាំសហគមន៍អំពីអាទិភាព និងតម្រូវការរបស់ពួកគេ ។

ជាមួយឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ លោកស្រីរដ្ឋមន្ត្រីបានពិភាក្សាអំពីរបៀបដែលអាចបន្តធ្វើការជាមួយដៃគូក្នុងស្រុក ដើម្បីគាំទ្រសហគមន៍ដែលរងផលប៉ះពាល់ និងជួយឱ្យកុមារអាចបន្តសិក្សានៅសាលារៀន ។

ក្នុងគ្រាលំបាកការចុះជួប និងស្តាប់អ្នកដែលរងផលប៉ះពាល់ដោយផ្ទាល់ គឺមានសារៈសំខាន់ ។ ភាពជាដៃគូ និងកិច្ចសន្ទនាក៏មានសារសំខាន់ផងដែរ។ លោកស្រីរដ្ឋមន្ត្រីចក្រភពអង់គ្លេស ប្តេជ្ញាបន្តធ្វើការជាមួយកម្ពុជា និងដៃគូ ដើម្បីគាំទ្រសហគមន៍ដែលរងផលប៉ះពាល់ជួយឱ្យកុមារបន្តការសិក្សា និងលើកកម្ពស់កិច្ចសហប្រតិបត្តិ និងកិច្ចសន្ទនាដោយសន្តិវិធីរវាងថៃ និងកម្ពុជា។

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានសរសេរលើបណ្តាញសង្គមថារដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិកបានអញ្ជើញចុះមកទស្សនកិច្ចសាលាបឋមសិក្សាគោកប្រាសាទដែលរងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់ថៃ ស្ថិតនៅក្បែរព្រំដែនខេត្តឧត្ដរមានជ័យ ។

លោកស្រី Rosie Winterton រដ្ឋមន្ត្រីចក្រភពអង់គ្លេស ទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិក បានអញ្ជើញចុះមកទស្សនកិច្ចសាលាបឋមសិក្សាគោកប្រាសាទ ស្ថិតនៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យដោយផ្ទាល់នូវអគាសិក្សាដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីជម្លោះព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗកន្លងមក និងដំណើរការកម្មវិធីអប់រំ ដែលទទួលបានការគាំទ្រពីប្រទេសចក្រភពអង់គ្លេស (Britain) ជាពិសេសការជួយសង្គ្រោះ និងផ្ដល់ឱកាសសិក្សារៀនសូត្រដល់កុមារដែលបានផ្លាស់ទីលំនៅដោយសារបញ្ហាជម្លោះ ។

ឯកឧត្តមបានលើកឡើងថា លោកស្រី Rosie Winterton មកកាន់ទឹកដីខេត្តឧត្តរមានជ័យ និងការចុះផ្ទាល់នៅសាលាបឋមសិក្សាគោកប្រាសាទនាពេលនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីស្មារតីសាមគ្គីភាពអន្តរជាតិ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រដ្ឋាភិបាល និងប្រជាជនចក្រភពអង់គ្លេស ក្នុងការរួមចំណែកស្តារឡើងវិញនូវវិស័យអប់រំ និងនាំយកក្តីសង្ឃឹមមកជូនកុមាររងគ្រោះដោយសារសង្គ្រាម ។ កម្ពុជាត្រូវការសន្តិភាពជាចាំបាច់ ដើម្បីធានាថាគ្មានកុមារណាម្នាក់ត្រូវបាត់បង់ឱកាសរៀនសូត្រឬការអភិវឌ្ឍន៍ខ្លួនឡើយ ។

គួរបញ្ជាក់ថា ទស្សនកិច្ចរបស់រដ្ឋមន្ត្រីចក្រភពអង់គ្លេសនាពេលនេះ មិនត្រឹមតែជួយជំរុញដល់ការស្តារឡើងវិញនូវរចនាសម្ព័ន្ធអប់រំក្នុងខេត្តឧត្តរមានជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្ញើសារដ៏មានឥទ្ធិពល និងទស្សនវិស័យទូលំទូលាយទៅកាន់ពិភពលោកអំពីសារសំខាន់មិនអាចកាត់ថ្លៃបាននៃការការពារការអប់រំក្នុងតំបន់ជម្លោះ និងការផ្តល់ក្តីសង្ឃឹមថ្មីដល់អនាគតកុមារកម្ពុជានៅតាមបន្ទាត់ព្រំដែនឱ្យបន្តបោះជំហានទៅមុខដោយមោទនភាព៕

ចែករំលែកព័តមាននេះ