ទីក្រុងម៉ូស្គូ៖ នាយកភ្នាក់ងារសម្ងាត់ស៊ីអាយអេ លោកចន រ៉េតគ្លីហ្វ (John Ratcliffe) បានជួបពិភាក្សាការងារជាមួយមន្ត្រីចារកម្មរុស្ស៊ីនៅពេលលោកចាប់ផ្ដើមបំពេញទស្សនកិច្ចនៅទីក្រុងម៉ូស្គូកាលពីម្សិលមិញ។ ប៉ុន្តែលោកមិនបានជួបលោកពូទីនទេ។ នេះបើយោងតាមការបញ្ជាក់របស់វិមានក្រឹមឡាំង។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោកប៉េស្កូស ថ្លែងប្រាប់អ្នកសារព័ត៌មានថាលោកពូទីនបានទទួលការរាយការណ៍សង្ខេបពីមន្ត្រីក្រោមឱវាទរបស់លោកពាក់ព័ន្ធនឹងលទ្ធផលនៃកិច្ចពិភាក្សានោះ។ ព្រឹត្តិការណ៍នេះកើតឡើងចំពេលដែលសង្គ្រាមអ៊ុយក្រែនបន្តឆាបឆេះយ៉ាងក្ដៅគគុក និងនៅពេលដែលកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកដើម្បីបិទបញ្ចប់សង្គ្រាមអ៊ីរ៉ង់ត្រូវជាប់គាំងមួយកន្លែង។

លោកប៉េស្កូសមិនបានបញ្ចេញអាថ៌កំបាំងថាតើនៅអំឡុងពេលជួបគ្នានោះ មេចារកម្មអាមេរិក និងមេចារកម្មរុស្ស៊ីបាននិយាយអ្វីខ្លះទេ។ អ្វីដែលលោកអាចជម្រាបជូននៅពេលនេះគឺថាអាមេរិក និងរុស្ស៊ីមានទំនាក់ទំនងផ្នែកសេវាស៊ើបការណ៍សម្ងាត់ជាមួយគ្នា។ ម៉្យាងទៀត មេចារកម្មអាមេរិក និងលោកពូទីនមិនបានជួបគ្នាទេ។ ប៉ុន្តែជាធម្មតា លោកពូទីនតែងតែទទួលបានរបាយការណ៍សង្ខេបអំពីលទ្ធផលនៃកិច្ចជំនួប។ ចំពោះសំណួរថាតើដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិកតួយ៉ាងដូចជាមេចារកម្មអាមេរិកទៅទីក្រុងម៉ូស្គូលើកនេះអាចនឹងជួយកែលម្អទំនាក់ទំនងប្រទេសទាំង២ដែរឬទេ លោកប៉េស្កូសឆ្លើយតបថាទំនាក់ទំនងរវាងប្រទេសទាំង២នៅក្នុងវិស័យចារកម្មគឺមានភាពវិជ្ជមាន។

លោកថ្លែងបន្តទៀតថាកិច្ចទំនាក់ទំនងនេះជារឿយៗបន្តកើតមានឡើងដោយគ្មានអ្វីរំខានទេសូម្បីតែនៅក្នុងកាលៈទេសៈលំបាកនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២យ៉ាងណាក្ដី។ ប្រធានាធិបតីរបស់យើង (លោកពូទីន) ក៏ធ្លាប់លើកឡើងអំពីបញ្ហានេះផងដែរ។ ទោះជាយ៉ាងណាក្ដី សម្រាប់ពេលនេះ លោកប៉េស្កូសយល់ថាវាជាការឆាប់រហ័សពេកក្នុងការសន្និដ្ឋានទុកជាមុនថាទំនាក់ទំនងនេះអាចនឹងជួយធ្វើឱ្យទំនាក់ទំនងប្រសើរឡើងកម្រិតណានោះ។ មូលហេតុធំដោយវិបត្តិវាបានកើតឡើងយ៉ាងជ្រាលជ្រៅណាស់។ ពួកគេ (អាមេរិក) អាចស្វែងយល់ដោយខ្លួនឯង។

គួរកត់សម្គាល់ថានេះជាទស្សនកិច្ចលើកទីមួយរបស់មេចារកម្មអាមេរិកទៅរុស្ស៊ីចាប់តាំងពីអ្នកជំនាន់មុនលោករ៉េតគ្លីហ្វ គឺលោកវីលាមបឺន (William Burns) ជួបពិភាក្សាការងារជាមួយលោកពូទីនកាលពីខែវិច្ឆិកា ឆ្នាំ២០២១។ ជួបគ្នាបានបីខែ លោកពូទីនបញ្ជាឱ្យកងទ័ពរុស្ស៊ីវាយប្រហារអ៊ុយក្រែនតែម្ដង។ កាលពីសប្ដាហ៍មុន អាមេរិកស្នើសុំឱ្យអ៊ុយក្រែនកុំវាយប្រហារទីតាំងក្បែរទីក្រុងម៉ូស្គូ, សេនភីតថឺស្បឺក (St. Petersburg) និងតំបន់ភាគខាងជើងរុស្ស៊ីចាប់ពីថ្ងៃចន្ទដល់ថ្ងៃពុធសប្ដាហ៍នេះព្រោះយន្តហោះដឹកមន្ត្រីជាន់ខ្ពស់អាមេរិកនឹងបើកកាត់ទីនោះ។ អាមេរិកមិនមានឯកអគ្គរដ្ឋទូតប្រចាំការនៅទីក្រុងម៉ូស្គូទេចាប់តាំងពីក្រោយពេលផ្ទុះសង្គ្រាមអ៊ុយក្រែន។ ចំណែករុស្ស៊ីបន្តរឹតចំណងទាក់ទងជាយុទ្ធសាស្ត្រជាមួយអ៊ីរ៉ង់ខាងផ្នែកយោធា សេដ្ឋកិច្ច និងការទូត៕ ប្រភព៖ Japan Times និង Reuters

ចែករំលែកព័តមាននេះ