រាជធានីភ្នំពេញ ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ក្នុងឱកាសដែលឯកឧត្តមឯកអគ្គរាជទូតបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ។

នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ច្រើនលើសលប់ ដែលសម្រេចបានក្នុងអំឡុងពេលបំពេញបេសកកម្ម របស់ឯកឧត្តមឯកអគ្គរាជទូត ដែលជាការចូលរួមចំណែកដ៏សំខាន់ ក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ ជាពិសេសលើវិស័យការងារ សន្តិសុខសង្គម និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអបអរសាទរដោយស្មោះស្ម័គ្រ ចំពោះឯកឧត្តមឯកអគ្គរាជទូតក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅកម្ពុជាប្រកបដោយភាពជោគជ័យ ។

ឯកឧត្ដម ហេង សួរ បានគូសបញ្ជាក់ថា ស្ថានទូតជប៉ុនបានដើរតួនាទីជាស្ពានដ៏សំខាន់ប្រកបដោយទំនុកចិត្ត ក្នុងការតភ្ជាប់ក្រសួងជាមួយរដ្ឋាភិបាលជប៉ុន អាជ្ញាធរជប៉ុន ទីភ្នាក់ងារអភិវឌ្ឍន៍ និយោជក សមាគមធុរកិច្ច និងស្ថាប័នពាក់ព័ន្ធផ្សេងៗ ព្រមទាំងគូសបញ្ជាក់ថា ការប្តេជ្ញាចិត្តរបស់ឯកឧត្តមក្នុងការលើកកម្ពស់ការអភិវឌ្ឍដែលផ្តោតលើប្រជាជន បានប្រែក្លាយភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទៅជាអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់និស្សិត សិក្ខាកាម និងសហគមន៍ងាយរងគ្រោះនៅកម្ពុជា។ ពួកគាត់មិនត្រឹមតែទទួលបានប្រាក់ចំណូលពីការងារនៅប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឱកាសលើកកម្ពស់ចំណេះដឹងសម្រាប់ចូលរួមអភិវឌ្ឍន៍ធនធានមនុស្សផងដែរ ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីការគាំទ្រសំខាន់ៗ នៃរដ្ឋាភិបាលជប៉ុនក្នុងការបង្កើតឱកាសការងារ សម្រាប់ពលករកម្ពុជា ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម ការធ្វើទំនើបកម្មប្រព័ន្ធ TVET និងការផ្តល់ជំនួយសម្រាប់អតីតលករដែលរងផលប៉ះពាល់ពីវិបត្តិព្រំដែនកម្ពុជា-ថៃ និងសម្រាប់បំពាក់ឧបករណ៍បណ្តុះបណ្តាលផ្នែកអគ្គិសនី និងវិស្វកម្មដល់វិទ្យាស្ថានជាច្រើនផងដែរ ។ ឯកឧត្តមក៏បានទទួលស្គាល់ពីកិច្ចសហការរបស់ក្រុមហ៊ុន Toyota (Cambodia) សមាគមជប៉ុន-កម្ពុជា សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) និងក្រុមហ៊ុនជប៉ុនដទៃទៀត ដែលបានផ្តល់ការបណ្តុះបណ្តាល ឧបករណ៍ កម្មសិក្សា និងឱកាសការងារដល់យុវជនកម្ពុជា ។

ជាការឆ្លើយតប ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាឯកឧត្តម ហេង សួរ ផ្ទាល់ដែលបានផ្តល់ការគាំទ្រ និងសហការយ៉ាងពេញទំហឹងចំពោះកិច្ចការងារពាក់ព័ន្ធទាំងឡាយក្នុងអាណត្តិការងាររបស់ឯកឧត្តមនៅកម្ពុជា ចាប់តាំងពីខែមករា ឆ្នាំ២០២៣ រហូតទទួលបានសមិទ្ធផលគួរជាទីមោនៈ។ ឯកឧត្តម អ៊ូអិណុ ក៏បានរំលឹកពីការដំឡើងកម្រិតទំនាក់ទំនងនៃប្រទេសទាំងពីរ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។ តាមរយៈក្របខ័ណ្ឌនៃភាពជាដៃគូនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបានកំពុងតែរីកចម្រើនយ៉ាងខ្លាំងលើវិស័យជាច្រើន ។

ជាមួយនឹងការថ្លែងអំណរគុណ ចំពោះឯកឧត្តមរដ្ឋមន្រ្តីដែលបានយកចិត្តទុកដាក់ និងការគាំទ្រដល់ប្រទេសជប៉ុន និងសហគមន៍ជប៉ុននៅកម្ពុជា ឯកឧត្តម អ៊ូអិណុ បានសំណូមពរដល់ឯកឧត្តម ហេង សួរ បន្តផ្តល់កិច្ចសហការ និងការគាំទ្រដល់ឯកអគ្គរាជទូតជប៉ុនថ្មីបន្តទៀត ក្នុងគោលបំណងបន្តរក្សា និងពង្រឹងទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត ។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់ក្រសួងក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយឯកអគ្គរាជទូតជប៉ុនថ្មី ដោយផ្តោតលើការផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងជូនពរឯកឧត្តម អ៊ូអិណុ ឱ្យប្រកបដោយសុខភាពល្អ សុភមង្គល និងជោគជ័យក្នុងភារកិច្ចថ្មីនាពេលអនាគត ៕ អត្ថបទសហការ



ចែករំលែកព័តមាននេះ