រថយន្តដឹកទឹកបរិសុទ្ធ បែកកង់ក្រឡាប់នៅលើផ្លូវជាតិលេខ 8A សំណាងល្អមិនមានអ្នករងរបួស
- ព្រៃវែង
ខេត្តព្រៃវែង ៖ រថយន្តដឹកទឹកបរិសុទ្ធរបស់ក្រុមហ៊ុន ហាយធិច មួយគ្រឿង បានផ្ទុះបែកកង់ក្រឡាប់នៅកណ្ដាលផ្លូវ ប៉ុន្តែជាសំណាងល្អ មិនបង្កឱ្យមានអ្នករងរបួស ឬបាត់បង់អាយុជីវិតនោះឡើយ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៧ ព្រឹក ថ្ងៃទី ១៥ កក្កដា នៅលើកំណាត់ផ្លូវជាតិលេខ 8A ស្ថិតក្នុងភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តកូរ៉េចំណុះ ២តោនកន្លះ ពាក់ស្លាកលេខ ភ្នំពេញ 3G-3441 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានផ្ទុះបែកកង់ បណ្តាលឱ្យរេចង្កូត និងក្រឡាប់នៅកណ្ដាលផ្លូវ។ ទោះជាយ៉ាងណា ហេតុការណ៍នេះមិនបណ្តាលឱ្យមានអ្នករងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ គ្រាន់តែបង្កការខូចខាតដល់រថយន្តប៉ុណ្ណោះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់ទីតាំងភ្លាមៗ ដើម្បីជួយសម្រួលចរាចរណ៍ និងបញ្ចៀសការកកស្ទះនៅលើដងផ្លូវ។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានណែនាំឱ្យអ្នកបើកបររថយន្តទាក់ទងទៅក្រុមហ៊ុន ដើម្បីចាត់ចែងរថយន្តស្ទូចមកស្ទូចយករថយន្តដែលក្រឡាប់ចេញពីកន្លែងកើតហេតុ និងស្តារចរាចរណ៍ឱ្យវិលត្រឡប់មករកភាពប្រក្រតីឡើងវិញ។
គ្រោះថ្នាក់ចរាចរណ៍អាចកើតឡើងបានគ្រប់ពេល ទោះបីជាមិនមែនបណ្តាលមកពីការបើកបរលឿនក៏ដោយ។ ដូច្នេះ មុនចេញដំណើរ អ្នកបើកបរគួរតែពិនិត្យស្ថានភាពរថយន្តឱ្យបានម៉ត់ចត់ ជាពិសេសសំបកកង់ ប្រព័ន្ធហ្វ្រាំង និងគ្រឿងបន្លាស់សំខាន់ៗ ដើម្បីកាត់បន្ថយហានិភ័យ និងធានាសុវត្ថិភាពសម្រាប់ខ្លួនឯង ព្រមទាំងអ្នកប្រើប្រាស់ផ្លូវទាំងអស់៕





ចែករំលែកព័តមាននេះ