ទីក្រុងញូវយ៉ក ៖ កម្ពុជាគូសបញ្ជាក់ពីអាទិភាពយុទ្ធសាស្ត្រ ៥ចំណុច សម្រាប់តម្លៃសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងអន្តរកាលថាមពលប្រកបដោយតុល្យភាព ។ នេះបើយោងតាមផេកស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានប្រកាសនាថ្ងៃទី១៥ ខែកក្កដានេះ ។

ទីក្រុងញូវយ៉ក នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ថ្លែងនៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីធនធានរ៉ែសំខាន់សម្រាប់អន្តរកាលឆ្ពោះទៅថាមពលស្អាត នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ (អ.ស.ប.) ឯកឧត្តម យោង ចាន់សុភារ អគ្គរាជទូត/តំណាងអចិន្ត្រៃយ៍រងកម្ពុជា ប្រចាំអ.ស.ប. បានគូសបញ្ជាក់ពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំមូលដ្ឋានគ្រឹះបច្ចេកទេស និងគោលនយោបាយដែលចាំបាច់ដើម្បីគ្រប់គ្រងធនធានរ៉ែសំខាន់ឱ្យស្របទៅតាមបរិបទអភិវឌ្ឍន៍ ។

តំណាងអចិន្ត្រៃយ៍រង បានលើកឡើងនូវអាទិភាពយុទ្ធសាស្ត្រចំនួន ៥ របស់កម្ពុជា សម្រាប់ការប្រែក្លាយសក្តានុពលនៃធនធានរ៉ែសំខាន់ ឱ្យក្លាយជាតម្លៃសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព ដែលរួមមាន៖
(១) ការពង្រឹងទិន្នន័យ និងចំណេះដឹងផ្នែកភូមិសាស្ត្រ ។ (២) ការអភិវឌ្ឍក្របខណ្ឌជាតិស្តីពីរ៉ែសំខាន់ ។ (៣) ការលើកកម្ពស់ការធ្វើអាជីវកម្មរ៉ែប្រកបដោយការទទួលខុសត្រូវ និងការគាំពារបរិស្ថាន ។ (៤) ការជំរុញការបង្កើតតម្លៃបន្ថែមឱ្យកាន់តែខ្ពស់ និង (៥) ការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ និងពហុភាគី ។

ដោយសង្កត់ធ្ងន់ថា អន្តរកាលថាមពលសកលត្រូវតែប្រព្រឹត្តទៅឱ្យបានលឿនរហ័ស តែត្រូវយុត្តិធម៌ តំណាងអចិន្ត្រៃយ៍រង ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យផ្តល់ការគាំទ្រលើការកសាងសមត្ថភាព ផ្ទេរបច្ចេកវិទ្យា និងជំនួយបច្ចេកទេស ដើម្បីជួយឱ្យបណ្តាប្រទេសសេដ្ឋកិច្ចដែលកំពុងលូតលាស់ អាចសម្រេចបានលើសពីការទាញយកធនធានរ៉ែជាវត្ថុធាតុដើម ហើយចូលរួមចំណែកក្នុងអន្តរកាលថាមពលប្រកបដោយតុល្យភាព ៕
ចែករំលែកព័តមាននេះ