ត្រឹមមួយប៉ព្រិចភ្នែក! យូនីសេហ្វ ព្រមានពីហានិភ័យខ្ពស់នៃគ្រោះថ្នាក់លង់ទឹកលើកុមារ ក្នុងរដូវទឹកជំនន់ និងរំលឹកវិធីបង្ការសំខាន់ៗ ។ នេះបើយោងតាមផេកអង្គការយូនីសេហ្វ ប្រចាំកម្ពុជា ដើម្បីកុមារគ្រប់រូប បានប្រកាសនាថ្ងៃទី១៤ ខែកក្កថានេះ ។

ជាមួយនឹងការកើនឡើងនៃកម្រិតទឹកបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង នៅតាមបណ្តាខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា កុមារប្រឈមនឹងហានិភ័យខ្ពស់ ដោយសារការលង់ទឹក ។ ឪពុកម្តាយ និងអាណាព្យាបាលគ្រប់រូប ត្រូវតែបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នទ្វេដង ។

អង្គការយូនីសេហ្វ ប្រចាំកម្ពុជា ដើម្បីកុមារគ្រប់រូប បានបន្តថា នេះជាវិធីបង្ការសំខាន់ៗ ដើម្បីការពារកូនៗរបស់អ្នកក្នុងអំឡុងពេលមានទឹកជំនន់ ៖
-កុំទុកកុមារចោលតែម្នាក់ឯង ៖ ដាច់ខាតកុំបណ្តោយឱ្យកូនៗនៅម្នាក់ឯង ឬលេងទឹកដោយគ្មានការត្រួតពិនិត្យដិតដល់ ពីមនុស្សពេញវ័យ ទោះបីជាត្រឹមមួយនាទីក៏ដោយ ។
-រក្សាកុមារឱ្យឆ្ងាយពីប្រភពទឹកគ្រោះថ្នាក់ ៖ ណែនាំកូនៗកុំឱ្យទៅក្បែរតំបន់ទឹកជំនន់ ផ្លូវលិចទឹក ទន្លេ ស្ទឹង ប្រឡាយ ឬកន្លែងដែលមានចរន្តទឹកហូរខ្លាំង ។
-ធ្វើរបង ឬរនាំងការពារជុំវិញប្រភពទឹក ៖ ប្រសិនបើនៅជិតផ្ទះមានស្រះ អាង ឬពាងទឹក ត្រូវធ្វើរបងព័ទ្ធជុំវិញ ឬគ្របឱ្យបានជិតល្អ ដើម្បីបង្ការកុមារតូចៗធ្លាក់ចូលដោយអចេតនា។
-បង្រៀនកុមារឱ្យចេះហែលទឹក ៖ ប្រសិនបើមានឱកាស គួរផ្តល់លទ្ធភាពឱ្យកូនៗបានរៀនជំនាញហែលទឹក ដើម្បីឱ្យពួកគេមានលទ្ធភាពការពារខ្លួននៅពេលជួបគ្រោះអាសន្ន ៕
ចែករំលែកព័តមាននេះ