ទីក្រុងបាងកក៖ អភិបាលនៃគណៈអភិបាលទីក្រុងបាងកក ប្ដេជ្ញាពង្រឹងបទបញ្ញត្តិផ្សេងៗដើម្បីធានាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្រោយហេតុការណ៍ឆេះបារមួយកន្លែងកាលពីពេលថ្មីៗនេះបណ្ដាលឱ្យស្លាប់មនុស្ស៣០នាក់។ សមត្ថកិច្ចកំពុងស្រាវជ្រាវចង់ដឹងថាតើអគ្គិភ័យនេះបណ្ដាលមកពីការធ្វេសប្រហែស និងការរំលោភលើបទបញ្ញត្តិស្ដីពីសុវត្ថិភាពឬយ៉ាងណា។ ភ្លើងឆាបឆេះបារ និងសណ្ឋាគារឈ្មោះរ៉ុងបៀណាឡាត់ប្រាវ (Rong Beer Na Lat Phrao) នៅរាជធានីបាងកកកាលពីយប់ថ្ងៃអាទិត្យនៅពេលមានការប្រគំតន្ត្រី។ នៅពេលនោះ មនុស្សចាប់ផ្ដើមភ័យស្លន់ស្លោ និងរត់ប្រសាច។ អ្នកខ្លះត្រូវភ្លើងឆេះសំលៀកបំពាក់។

នេះជាអគ្គិភ័យដែលផ្ដាច់ផ្ដិលជីវិតមនុស្សដ៏ច្រើនបំផុតមួយនៅប្រទេសថៃនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ វាបានដុតបំផ្លាញបារដែលស្ថិតនៅម្ដុំចតុមុខនោះខ្ទេចខ្ទីអស់នៅពេលជិតពាក់កណ្ដាលអធ្រាត្រថ្ងៃអាទិត្យ។ សាក្សីប្រាប់ថាពួកគេស្ដាប់ឮសំឡេងផ្ទុះ, ការបែកផ្កាភ្លើង និងមានផ្សែងយ៉ាងខ្មៅងងឹតហ៊ុមព័ទ្ធជុំវិញអគារ។ ភ្នាក់ងារអគ្គិភ័យបានចំណាយពេលកន្លះម៉ោងទម្រាំពន្លត់ភ្លើងនេះបានទាំងស្រុង។ គិតត្រឹមព្រឹកថ្ងៃចន្ទ អាជ្ញាធរប្រកាសថាមនុស្ស២៧នាក់បានស្លាប់ លុះដល់ព្រឹកថ្ងៃអង្គារ ចំនួនអ្នកស្លាប់កើនឡើងដល់៣០នាក់ ខណៈដែលអ្នករបួសមានចំនួន៧៥នាក់។ ក្នុងនោះ ២៤នាក់រងរបួសធ្ងន់។

បារខាងលើនេះស្ថិតនៅតំបន់ផ្លូវប្រសព្វក្បែរស្ថានីយរថភ្លើង និងក្បែរផ្សារទំនើប២កន្លែង។ ទីនេះមានភ្ញៀវច្រើននៅថ្ងៃចុងសប្ដាហ៍ មានបម្រើអាហារ ស្រា ការប្រគំតន្ត្រី និងទស្សនាបាល់ទាត់។ អភិបាលក្រុងបាងកក លោកឆាត់ឆាត សិទ្ធិពន្ធ (Chadchart Sittipunt) ថ្លែងថាលោកបានបញ្ជាឱ្យរដ្ឋបាលសាលាក្រុងចុះពិនិត្យមើលទីតាំងស្រដៀងគ្នានេះដើម្បីវាយតម្លៃអំពីកម្រិតនៃហានិភ័យ។ នគរបាលផ្នែកកោសល្យវិច័យបន្តដើរឆែកមើលគំនរបាក់បែកនៃអគារដែលឆេះ។ ចំណែកអាជ្ញាធរពិនិត្យមើលថាតើអគ្គិភ័យនេះកើតឡើងដោយរបៀបណា និងហេតុអ្វីបានជាស្លាប់មនុស្សអស់ច្រើនម៉្លេះ។ ពួកគេកំពុងឆែកមើលក្រែងលោមានបញ្ហាឆ្លងចរន្តអគ្គិសនី។ ចំណុចមួយទៀត ពួកគេក៏ចង់ដឹងផងដែរថានៅពេលភ្លើងឆេះនោះតើច្រកចេញចូលនៅក្នុងគ្រាអាសន្នបិទដែរឬទេ។

អាជ្ញាធរថ្លែងថាបញ្ហាឆ្លងអគ្គិសនីនៅម៉ាស៊ីនត្រជាក់ជាប់នឹងពិតានអាចជាមូលហេតុដែលបង្កជាអគ្គិភ័យ។ បារនេះធ្លាប់ឆ្លងកាត់ការត្រួតពិនិត្យសុវត្ថិភាពម្ដងហើយកាលពីខែមេសា។ នគរបាលចង់ដឹងថាតើច្រកចេញនៅក្នុងគ្រាអាសន្នមានអ្វីរារាំងដែរឬទេ និងថាតើទីនេះប្រើប្រាស់សម្ភារៈដែលងាយនឹងឆេះសម្រាប់រៀបចំឆាក និងទប់សំឡេងមិនឱ្យខ្ទរទៅខាងក្រៅដែរឬទេ។ អភិបាលក្រុងបាងកកថ្លែងថាជនរងគ្រោះដែលស្លាប់ស្ទើរតែទាំងអស់គឺស្លាប់ដោយសារការឈ្លក់ផ្សែង។ លោកថ្លែងបន្តទៀតថាយើងបានបង្កើតគណៈកម្មារធិការស្វែងរកការពិតដើម្បីពិនិត្យមើលថាតើត្រូវកែលម្អចំណុចណាខ្លះ និងត្រូវកែសម្រួលវិធានការណ៍អ្វីខ្លះ៕ ប្រភព៖ Channel News Asia

ចែករំលែកព័តមាននេះ