ស្ថានភាពទឹកស្ទឹងសង្កែនៅប៉ែកខាងលើថយចុះ ខណៈនៅប៉ែកខាងក្រោមកំពុងលិចលង់
- បាត់ដំបង
ខេត្តបាត់ដំបង ៖ គិតត្រឹមម៉ោង៩ព្រឹកថ្ងៃទី១៥ កក្កដា ស្ថានភាពទឹកស្ទឹងសង្កែនៅចំកណ្ដាលបេះដូងក្រុងបាត់ដំបង បានហក់ឡើងកំពស់ដល់១៣ម៉ែត្រ ហើយនៅប៉ែកខាងលើ នៃដងស្ទឹង(សំឡូត)ហាក់មានការថយចុះ ខណៈនៅប៉ែកខាងក្រោមៗក្នុងភូមិសស្ត្រ ស្រុកឯកភ្នំ សន្ទុះទឹកកំពុងហក់ឡើងលិចលង់ផលដំណាំ និងកំណាត់ផ្លូវនានា តែអាចនឹងថយចុះវិញ ប្រសិនបើគ្មានភ្លៀងធ្លាក់នៅប៉ែកខាងលើ ។ នេះបើតាមមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ។

ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោក ខៃ សុដា បានប្រាប់កោះសន្តិភាពនៅថ្ងៃទី១៥ កក្កដា ថា ស្ថានជំនន់ទឹកភ្លៀងនៅប៉ែកខាងលើៗនៃដងស្ទឹងសង្កែ ហាកថយចុះបន្តិចហើយ ។ ហើយវានឹងថយចុះច្រើនថែមទៀត ប្រសិនបើពុំមានភ្លៀងធ្លាក់ ។ ប៉ុន្តែនៅប៉ែកខាងក្រោមនៃដងស្ទឹង ជាពិសេស នៅក្នុងភូមិសាស្ត្រ ស្រុកឯកភ្នំ ស្ថានភាពទឹកបានហក់ឡើង ធ្វើឲ្យលិចលង់ផលដំណាំដោយកន្លែងខ្លះ និងលិចកំណាត់ផ្លូវនានាផង។

ដោយឡែក ស្ថានភាពទឹកស្ទឹងសង្កែនៅចំកណ្ដាលបេះដូងក្រុងបាត់ដំបងវិញ បើតាម លោកខៃ សុដា បានបប្រាប់ថា នៅព្រឹកថ្ងៃនេះ ១៥.០៧.២៦ កំពស់ទឹកហាក់ស្ថេរនៅត្រីម១៣ម៉ែត្រ ប៉ុន្តែកំពស់ទឹកអាចហក់ឡើងខ្ពស់ជាងនេះ ឬអាចស្រកចុះវិញ វាអាស្រ័យនៅតំបន់ប៉ែកខាងលើ នៃសងស្ទឹងមានភ្លៀង ឬគ្មានភ្លៀងធ្លាក់ ។ ជាពិសេស នៅតំបន់ស្រុករតនមណ្ឌល និងតំបន់ស្រុកសំឡូត ដែលជាប្រភពទឹកជំនន់ ។

ជំនន់ទឹកភ្លៀងបានហក់ឡើងយ៉ាងគំហុកនៅតាមដងស្ទឹងសង្កែ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងស្ទើរពេញមួយយប់មួយថ្ងៃនៅប៉ែកខាងលើនៃស្រុកសំឡូត កាលពីយប់ថ្ងៃទី១២ កក្កដា ។ មកដល់ពេលនេះ ជំនន់ទឹកភ្លៀងពេញប្រៀបដងស្ទឹងសង្កែ បានហូរហៀបែកចេញទៅតាមប្រព័ន្ធធារាសាស្ត្រ ឬតាមប្រឡាយបញ្ជូនទឹកនានា ដើម្បីបានប្រជាពលរដ្ឋបូមស្រោចស្របដំណាំស្រូវស្ទើរគ្រប់កន្លែងដែលជួបគ្រោះរាំងស្ងួតស្ទើរងាប់ដើមទៅហើយ ។

នៅព្រឹកថ្ងៃទី ១៥ កក្កដា គេសង្កេតឃើញជំនន់ទឹកភ្លៀងដែលកំពុងហូរហៀរប្រៀបដងស្ទឹងសង្កែនេះ បាននិងកំពុងយារយី លំនៅឋាន ដំណាំកសិកម្ម និងកំពុងលិចកំណាត់ផ្លូវនានានៅក្នុងភូមិសាស្ត្រ នៅស្រុកឯកភ្នំ ។

លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមបានថ្លែងថា ស្ថានភាពទឹកនៅប៉ែកខាងលើបានថមថយហើយ ប៉ុន្តែពេលនេះ កំពុងលិចលង់នៅតំបន់មួយចំនួនក្នុងស្រុកឯកភ្នំ តែមិនធ្ងន់ធ្ងរ ។

ស្ថានភាពទឹកបែបនេះ បានហូរហៀរចេញទៅតាមបណ្ដាប្រព័ន្ធប្រឡាយទឹកនានា ដើម្បីបានប្រជាកសិករបូមស្រោចស្របដំណាំស្រូវបានច្រើនស្ទើរគ្រប់កន្លែង ។

លោក ខៃ សុដា បានបញ្ជាក់បន្ថែមថា ស្ថានភាពទឹកនឹងថយចុះ យ៉ាងយូរនៅល្ងាចថ្ងៃទី១៦ កក្កដា ប្រសិនបើអាកាសធាតុនៅតំំបន់ខាងលើ នៃក្បាលស្ទឹងសង្កែ ជាពិសេសនៅស្រុកសំឡូត «ធូរស្បើយភ្លៀង» ប៉ុន្តែបើភ្លៀងនៅតែបន្តធ្លាក់ ស្ថានភាពទឹកក្នុងស្ទឹងសង្កែនៅតែបន្តហក់ឡើង ។

ប៉ុន្តែយ៉ាងណា បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែ គួរតែមានការប្រុងប្រយ័ត្នអំពីហានិភ័យគ្រោះទឹកជំនន់នេះ ដែលអាចកើតឡើងដោយយថាហេតុ ព្រោះនេះជារដូវភ្លៀងធ្លាក់ ដូច្នេះ ស្ថានភាពទឹកជំនន់អាចនឹងហក់ឡើងគ្រប់ពេល៕







ចែករំលែកព័តមាននេះ