អ្នកស្រុកភ័.យព្រួយពីការបា.ក់ច្រាំងធ្លាក់ផ្ទះ ដែលគ្មានសមត្ថកិច្ចណាបង្ក្រា.ប
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អ្វីដែលប្រជាពលរដ្ឋរស់នៅតាមបណ្តោយច្រាំងទន្លេក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ភ័យខ្លាចជាយូរមកនោះ នៅពេលនេះបានកើតឡើងហើយ ដោយច្រាំងទន្លេនៅក្នុងមូលដ្ឋានបានបាក់ស្រុតចុះយ៉ាងដំណំ បង្កឱ្យមានការភ្ញាក់ផ្អើល និងតក់ស្លុតយ៉ាងខ្លាំង ។ គ្រោះថ្នាក់នៃការបាក់ច្រាំងជាក់ស្តែងនេះ កើតឡើងស្របពេលដែលក្រុមពលរដ្ឋកំពុងសម្រុកប្រមូលស្នាមមេដៃដាក់ញត្តិរួមគ្នាជូន ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បន្ទាប់ពីអាជ្ញាធរថ្នាក់ខណ្ឌរងការរិះគន់ថា រក្សាភាពស្ងៀមស្ងាត់មិនព្រមចុះទប់ស្កាត់ក្រុមសាឡង់បូមខ្សាច់ ។
តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនពេលមានករណីបាក់ស្រុតនេះ អាជីវកម្មសាឡង់បូមខ្សាច់ដែលរងការចោទប្រកាន់ថា ជារបស់បុគ្គលមានឥទ្ធិពលម្នាក់ជាថៅកែធំឈ្មោះ «ហ៊ាស្រូយ» បានសម្រុកធ្វើសកម្មភាពបូមខ្សាច់ទាំងយប់ទាំងថ្ងៃដោយគ្មានការដកដៃ ។ ថ្វីត្បិតតែមានការរាយការណ៍ពីពលរដ្ឋ និងការចុះផ្សាយរិះគន់ជាហូរហែពីបណ្តាញសារព័ត៌មានយ៉ាងណាក្តី ក៏អភិបាលខណ្ឌច្បារអំពៅ មិនទាន់មានវិធានការក្តៅចុះទប់ស្កាត់ឡើយ រហូតមកទល់ពេលនេះច្រាំងទន្លេបានបាក់ស្រុតជាក់ស្តែងតែម្តង ដែលធ្វើឱ្យពលរដ្ឋដាក់សញ្ញាសួរចំៗពីប្រសិទ្ធភាពច្បាប់ថ្នាក់ក្រោមជាតិ ។
ព្រឹត្តិការណ៍បាក់ច្រាំងទន្លេនៅខណ្ឌច្បារអំពៅនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ស្របទៅនឹងការព្រមានជាផ្លូវការរបស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ដែលទើបតែបានគូសបញ្ជាក់កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៦ កន្លងទៅថ្មីៗនេះ នៅក្នុងកិច្ចប្រជុំលើកទី ៤ របស់គណៈកម្មាធិការ ។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានព្រមានយ៉ាងធ្ងន់ៗថា «ការធ្វើអាជីវកម្មខ្សាច់ហួសកម្រិតនៅតាមស្ទឹង ទន្លេ និងតំបន់ឆ្នេរ អាចបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជាការបាក់ច្រាំង ការប្រែប្រួលចរន្តទឹក ការប្រែប្រួលរបបជលសាស្ត្រ និងការខូចខាតប្រព័ន្ធអេកូឡូស៊ី ដែលជាហានិភ័យដល់សេដ្ឋកិច្ច សង្គម និងបរិស្ថានជាតិ» ។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការគ្រប់គ្រងធនធានខ្សាច់ ដើម្បីធានានិរន្តរភាព និងការពារមុខងារធម្មជាតិនៃប្រភពទឹកផងដែរ ។
ទោះជាមានការព្រមានពីថ្នាក់រដ្ឋមន្ត្រី និងមានគ្រោះថ្នាក់ជាក់ស្តែងកើតឡើងក៏ដោយ ក្រុមពលរដ្ឋបានបញ្ជាក់ទាំងក្តីបារម្ភថា បើសិនជាមិនមានកិច្ចអន្តរាគមន៍ និងបទបញ្ជាផ្ទាល់ពីអភិបាលរាជធានីភ្នំពេញទេនោះ ផ្ទះសំបែង និងទ្រព្យសម្បត្តិដែលពួកគាត់ខំសន្សំមួយជីវិត មុខជាត្រូវបាក់ស្រុតចូលទៅក្នុងទឹកទន្លេបន្តបន្ទាប់ទៀតមិនខាន ។
ជុំវិញករណីអាសន្ននៃការបាក់ច្រាំងទន្លេ ព្រមទាំងការលើកឡើងរបស់ពលរដ្ឋនេះ អង្គភាពសារព័ត៌មានមិនទាន់អាចសុំការបំភ្លឺពី លោកអភិបាលខណ្ឌច្បារអំពៅ ឬលោក «ហ៊ាស្រូយ» ដែលរងការចោទប្រកាន់បាននៅឡើយទេ គិតត្រឹមម៉ោងនេះ ។ អង្គភាពយើងនឹងបន្តតាមដាន និងរង់ចាំការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជម្រាបជូនមហាជនដោយតម្លាភាព និងតុល្យភាពព័ត៌មាន ៕
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព





ចែករំលែកព័តមាននេះ