ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​អា​រ៉ាប់​រួម​កាដូ​រថយន្ត​៥៩​គ្រឿង​ដល់​ក្រុម​អេ​ហ្ស៊ី​ប ក្រោយ​បង្កើត​ភាព​ភ្ញាក់ផ្អើល​នៅ World Cup 2026

1 ម៉ោង មុន

ប្រទេស​អេ​មី​រ៉ាត​អា​រ៉ាប់​រួម ៖ មហាសេដ្ឋី​អេ​មី​រ៉ាត​អា​រ៉ាប់​រួម លោក Khalaf Al Habtoor កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ប្រកាស​ផ្តល់​កាដូ​រថយន្ត​ដល់​កីឡាករ និង​ក្រុមការងារ​ទាំងអស់​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អេ​ហ្ស៊ី​ប​ក្នុង​ម្នាក់​១​គ្រឿង ចំពោះ​ការ​បង្ហាញ​ទម្រង់​លេង​ដ៏​ភ្ញាក់ផ្អើល​នៅ​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ ដោយ​បាន​នាំ​មក​នូវ​ភាព​សប្បាយ​រីករាយ​ដល់​បេះដូង​របស់​ប្រជាជន​អា​រ៉ាប់​ទាំងអស់​។ នេះ​បើ​តាម​ប្រភព​ពី​កាសែត The National របស់​អេ​មី​រ៉ាត​អា​រ៉ាប់​រួម​បាន​ចេញផ្សាយ​។

មហាសេដ្ឋី​ដែល​ជា​ស្ថាបនិក និង​ប្រធាន​ក្រុមហ៊ុន Al Habtoor Group រូប​នេះ​បញ្ជាក់​ថា លោក​ចង់​អបអរសាទរ​សមិទ្ធផល​ក្រុម​អេ​ហ្ស៊ី​ប ដែល​បាន​ធ្វើ​ឱ្យ​ប្រជាជន​អា​រ៉ាប់​រាប់​លាន​នាក់​រំភើប​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​។ សមិទ្ធផល​នេះ ត្រូវការ​ការ​សរសើរ​ឱ្យ​បាន​ទូលំទូលាយ ហើយ​ជា​កាតព្វកិច្ច​របស់​អ្នក​គ្រប់​រូប​ក្នុង​ការ​អបអរសាទរ​ប្រជាជន​អា​រ៉ាប់ ដែល​បាន​ធ្វើ​ឱ្យ​តំបន់​នេះ​មាន​មោទនភាព​លើ​ឆាក​អន្តរជាតិ ហើយ​ក៏​បាន​ផ្តល់​ជា​មេរៀន​អំពី​ការ​ប្តេជ្ញា​ចិត្ត ការ​ព្យាយាម និង​ស្មារតី​ប្រយុទ្ធ​ដល់​ប្រជាជន​អា​រ៉ាប់​គ្រប់​រូប​។ ដូច្នេះ​រថយន្ត​ម៉ាក Mitsubishi ស៊េរី​ចុង​ក្រោយ នឹង​ត្រូវ​ប្រគល់​ជា​កាដូ​ដល់​កីឡាករ​ម្នាក់​ៗ​ក្នុង​ក្រុម​អេ​ហ្ស៊ី​ប រួម​ទាំង​បុគ្គលិក​បច្ចេកទេស រដ្ឋបាល និង​វេជ្ជសាស្ត្រ​។

តំណាង​ពី​ក្រុមហ៊ុន Al Habtoor Group បញ្ជាក់​ប្រាប់ The National ថា រថយន្ត​ប្រភេទ SUV ម៉ាក Mitsubishi Eclipse Cross ចំនួន ៥៩​គ្រឿ ង នឹង​ត្រូវ​ផ្តល់​ជូន​ក្រុម​អេ​ហ្ស៊ី​ប ដោយ​តម្លៃ​លក់រាយ​នៅ​អេ​មី​រ៉ាត​អា​រ៉ាប់​រួម​ប្រហែល ២៩ ០០០ ដុល្លារ​អា​មេ​រិ​ក ដែល​ធ្វើ​ឱ្យ​តម្លៃ​សរុប​ជាង ១,៧​លាន​ដុល្លារ​។ បច្ចុប្បន្ន​កំពុង​តែ​ត្រូវ​បាន​រៀបចំ​ដឹក​ជញ្ជូន​សម្រាប់​យក​ទៅ​ប្រគល់​ជូន​សមាជិក​ក្រុម​អេ​ហ្ស៊ី​ប​។ ផែនការ​ផ្តល់​ជូន​រថយន្ត​នេះ​ក៏​ត្រូវ​បាន​ទាក់ទង​ទៅ​កាន់​សមាគម​បាល់ទាត់​អេ​ហ្ស៊ី​ប​រួចរាល់​ហើយ​ដែរ​។

អេ​ហ្ស៊ី​ប​បាន​ឡើង​ដល់​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ និង​ជា​លើក​ដំបូង​របស់​ខ្លួន (​ដោយសារ​ការ​ប្រកួត​ឆ្នាំ ១៩៣៤ គ្មាន​វគ្គ​ចែក​ពូ​ល​) ទោះ​យ៉ាង​ក៏​ដោយ ពួក​គេ​បាន​ធ្លាក់​ត្រឹម​វគ្គ​នេះ ក្រោម​ចាញ់​ក្រុម​ការពារ​ជើងឯក​អា​ហ្ស​ង់​ទី​ន​នៅ​ក្នុង​លទ្ធផល ៣-២ កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា កន្លង​ទៅ ខណៈ​ដែល​ពួក​គេ​បាន​បើក​ការ​នាំមុខ​ដល់​ទៅ​២​គ្រាប់​មុន​យ៉ាង​ភ្ញាក់ផ្អើល​។

នៅ​មុន​នេះ ព្រះ​អង្គ​ម្ចាស់ Sheikh Mohammed bin Rashid អនុ​ប្រធានាធិបតី នាយក​រដ្ឋមន្ត្រី នៃ​ប្រទេស​អេ​មី​រ៉ាត​អា​រ៉ាប់​រួម និង​ជា​ព្រះមហាក្សត្រ​គ្រប់គ្រង​ទីក្រុង​ឌូ​បៃ (Dubai) ក៏​បាន​កោតសរសើរ​ដល់​ក្រុម​ជម្រើសជាតិ​អេ​ហ្ស៊ី​ប​ផង​ដែរ បើ​ទោះបីជា​ដំណើរ​ប្រកួត World Cup ឆ្នាំ​២០២៦ របស់​ពួក​គេ​បាន​បញ្ចប់​ទៅ​ដោយ​ការ​ខកចិត្ត​ក៏​ដោយ​។

ដ្បិត​មិន​អាច​នាំ​យក​ពាន​មក​មាតុភូមិ​វិញ​ក៏​ពិតមែន ប៉ុន្តែ​ក្រុម​ជម្រើសជាតិ​អេ​ហ្ស៊ី​បទ​ទួល​បានការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ជាទី​បំផុត​ប្រៀប​ដូច​ជា​វីរៈបុរស​ជាតិ នៅ​ពេល​ដេ​ល​ពួក​គេ​បាន​ត្រឡប់​ដល់​ប្រទេស​កំណើត​វិញ កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា កន្លង​ទៅ​។ ស្រប​ពេល​ដែល​ប្រធានាធិបតី​អេ​ហ្ស៊ី​ប លោក Abdel Fattah El Sisi ក៏​បាន​ផ្តល់​រង្វាន់​ជូន​ដល់​កីឡាករ ព្រមទាំង​ក្រុមការងារ​ទាំងអស់​នូវ​គ្រឿង​ឥស្សរិយយស​ថ្នាក់​ជាតិ «Order of Merit» ដើម្បី​ជា​ការ​ទទួលស្គាល់​ចំពោះ​សមិទ្ធផល​ដ៏​ភ្ញាក់ផ្អើល​របស់​ពួក​គេ​ផង​ដែរ​៕