ក្រសួងមហាផ្ទៃនឹងរៀបចំវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលនៅថ្ងៃទី២៨ កក្កដា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃនឹងរៀបចំវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៧ ក្រោមប្រធានបទ «សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងបរិបទឌីជីថល» នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ខាងមុ ខនេះ នៅទីស្តីការក្រសួងមហាផ្ទៃ (អគារS) ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី១៥ កក្កដា ឆ្នាំ២០២៦ថា «ការរៀបចំវេទិកានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹង និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋដែលជា មូលដ្ឋានគ្រឹះធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាបន្ន ជាពិសេស ដើម្បីលើកស្ទួយសិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងរួមគ្នាពិភាក្សាពិគ្រោះយោបល់ និងពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលឱ្យមានភាពល្អប្រសើរបន្ថែមទៀត» ។
ក្រសួងបានលើកឡើងថា សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលមានបំណងចូលរួមក្នុងវេទិកានេះ សូមធ្វើការចុះឈ្មោះចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ។
កំណត់សម្គាល់ ដោយសារកន្លែងរៀបចំវេទិកានេះ មានចំនួនកំណត់ ដូចនេះ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានចុះឈ្មោះចំនួន៣០០(បីរយនាក់) ដំបូងនឹងត្រូវបានផ្តល់អាទិភាពក្នុងការចូលរួម ៕

ចែករំលែកព័តមាននេះ